ភ្នំពេញ៖ ប្រតិភូតំណាងឱ្យសមាគម នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ ចំនួន២៨រូប បានចូលជួប សំដែង ការគួរសម និងទទួលយកនូវអនុសាសន៍ផ្តាំផ្ញើរពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៣ ខែសីហាម្សិលមិញ ។
កញ្ញា គីន សំណាង ប្រធានប្រតិភូនាវា យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ បានឱ្យដឹងថា ឆ្នាំនេះគឺ លើក ទី១៤ហើយ ដែលប្រទេសកម្ពុជា បានចូលរួមពេញសិទ្ធិ គិតចាប់តាំងពី ប្រទេស បានចូលជា សមាជិកអាស៊ាន ដែលយុវជនកម្ពុជា ចាប់ផ្តើម មានឱកាសបង្ហាញ វត្តមាន និងសមត្ថភាព លើឆាកអន្តរជាតិ ក្នុងទ្រុងទ្រាយធំ បែបនេះ ដោយសារការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការលើកកំពស់ និងជំរុញការចូលរួម របស់យុវជនក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ។
ក្នុងនាម ប្រតិភូតំណាងឱ្យនាវា យុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ កញ្ញា គីន សំណាង បានប្តេជ្ញាចិត្ត នឹងខិតខំឱ្យអស់ពី សមត្ថភាព ដើម្បីធ្វើយ៉ាងណា បង្ហាញពីវប្បធ៌ម អរិយធ៌ម ឱ្យសមជាកូនក្មេង ជាវីរៈបុរស កសាងអង្គរ ទាំងប្រាជ្ញា ស្មារតី ក្លាហាន ពេញដោយ មោទនភាព និងជំនឿជាក់លើខ្លួនឯង និងក្រុមទាំងមូល។
ជាមួយគ្នានេះ លោក អ៊ិត សំហេង បានលើកឡើងផងដែរពីតួនាទី ដ៏សំខាន់ របស់យុវជន គ្រប់កាលៈទេសៈ ពីជំនាន់មួយ ទៅជំនាន់មួយ ពិតជាមិនអាចកាត់ផ្តាច់ បានឡើយ ក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិ ឱ្យមាន ការរីកចំរើន ជាបន្តបន្ទាប់ ហើយសម័យកាលនេះ ចាត់ទុកជា សម័យកាលមួយ ដែលត្រូវបានយកចិត្តទុកដាក់ ខ្ពស់ សម្រាប់យុវជន ដោយរាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍយុវជន នៅក្នុងនោះ មាននិយាយ ច្បាស់ អំពីគោលបំណង គោលដៅ យុទ្ធនាការ ក៏ដូចជា ក្របខណ្ឌយុទ្ធសាស្ត្រនានា សម្រាប់ការអភិវឌ្ឍយុវជន ទាំងសមត្ថភាព សីលធ៌ម និងការងារជាដើម។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីនេះមិនត្រឹមតែជាដំណើរកំសាន្ត តាមនាវា នោះទេ តែជា ទស្សនកិច្ចសិក្សាដ៏ល្អមួយ សម្រាប់យុវជនទាំងអស់ សិក្សាស្វែងយល់ ផ្លាស់ប្តូរ បទពិសោធន៍ ចំណេះដឹង និងចំណេះធ្វើទៅវិញទៅមក ហើយសូមក្មួយៗត្រូវធ្វើជា អគ្គរាជទូត ដ៏ល្អ របស់កម្ពុជា ក្នុងការពាំនាំនូវសារ ដ៏ល្អៗពីកម្ពុជាទៅកាន់ពិភពលោក ដូចជា ស្ថេរភាព នយោបាយ ការអភិវឌ្ឍសង្គមនយោបាយ និងសេដ្ធកិច្ច ជាដើម។ ហើយមិនតែ ប៉ុណ្ណោះក្មួយៗ ត្រូវពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ជាពិសេសទំនៀមទំលាប់ ប្រពៃណីល្អៗ របស់យើង ដើម្បីចែករំលែកជាមួយ យុវជនដទៃទៀត។ ត្រូវចេះស្រលាញ់ យោគយល់អធ្យាស្រ័យ សាមគ្គីគ្នា និងធ្វើការងារជាក្រុមឱ្យបានល្អ ដើម្បីនាំកិត្តិយសជូន ជាតិមាតុភូមិយើង។
សូមបញ្ជាក់ថា កម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍លើកទី ៤១ ឆ្នាំ ២០១៤នេះ មានរយៈពេល ៥១ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដោយនាវាយុវជន អាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងកំពង់ផែ នៃ ប្រទេសចំនួន ០៥គឺ ប្រទេសជប៉ុន ប្រទេសព្រុយណេ កម្ពុជា ភូមា និងប្រទេសឥណ្ឌូណេស៊ី ។
មុនពេលចូលកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជាទាំងអស់ បានទទួលនូវ ការបណ្តុះបណ្តាល មុនពេលចេញដំណើរ រយៈពេល ៣ខែ ដើម្បីត្រៀមលក្ខណៈ ចូលរួម ក្នុងកម្មវិធីប្រកបដោយភាពពេញលេញ និងសកម្មភាព នៅលើ នាវា និងនៅតាម ប្រទេស ដែលនាវាចូលចតនានា៕