ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានស្វាគមន៍ ប្រិយមិត្តគាំទ្រទំព័រ ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ចំនួនបីរូប ដែលត្រូវបានកំណត់ជា ប្រិយមិត្តគាំទ្រលេខរៀង ១១១១១១ ប្រិយមិត្តគាំទ្រលេខរៀង ១២៣៤៥៦ និងប្រិយមិត្តគាំទ្រ លេខរៀង ១៥០០០០។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងជំនួបនោះ ប្រិយមិត្តគាំទ្រទាំងនេះ មានចិត្ត សប្បាយរីករាយ ក្នុងការជួបជាមួយ លោកទេសរដ្ឋមន្ត្រី និងមន្ត្រីបំរើការក្នុងក្រុមការងារ ទំនាក់ទំនង សារធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុក ក្នុងការធ្វើបច្ចុប្បន្នភាពទំព័រហ្វេសប៊ុក របស់ ក្រសួងពាណិជ្ជកម្ម។ លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រិយមិត្តទាំងនោះ ផ្តល់ទស្សនៈអំពីវិធីកែលម្អ ទំព័រហ្វេសប៊ុក របស់ក្រសួង និងចំណាប់អារម្មណ៍ជារួម របស់ពួកគេ ទៅលើទម្រង់នៃទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។
លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យ ប្រិយមិត្តគាំទ្រទាំងបីនាក់នេះ ជួយចែករំលែកផ្សព្វផ្សាយ ពីទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម ដល់បងប្អូនសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ ដើម្បីឲ្យពលរដ្ឋកម្ពុជាកាន់តែ ច្រើនឡើង អាចចូលរួមក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់ ដែលអាចនាំទៅដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ប្រិយមិត្តគាំទ្រលេខរៀង ១១១១១១ គឺលោក សាយចំរើន អញ្ជើញមកពីខេត្តតាកែវ។ លោកជាសិស្សថ្នាក់ទី១១ ដែលមានបំណង ចង់ក្លាយជាវេជ្ជបណ្ឌិត នាពេលអនាគត។
ប្រិយមិត្តគាំទ្រលេខរៀង ១២៣៤៥៦ គឺលោក សួរ សម្បត្តិ ក៏អញ្ជើញមក ពីខេត្តតាកែវដែរ។ លោក បំរើការងារ ជាកងការពារ នៅក្រសួងការពារជាតិ។
ប្រិយមិត្តគាំទ្រលេខរៀង ១៥០០០០ គឺកញ្ញា អ៊ីម ស្រីលៀប បំរើការងារ នៅផ្នែកត្រួតពិនិត្យគុណភាព នៃក្រុមហ៊ុន កាត់ដេរក្វាងទុង Kwan Tung Clothing Co. នៅរាជធានីភ្នំពេញ។
ក្រសួងពាណិជ្ជកម្ម បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់អ្នកគាំទ្រហ្វេសប៊ុក ដែល បានស្នើជាយោបល់ខាងដើមថា ក្រសួងពាណិជ្ជកម្មគួរអបអរសាទរចំពោះ ជោគជ័យនៃទំព័រ ហ្វេសប៊ុក នៅពេលឈានដល់ កម្រិតគោលដៅរបស់ខ្លួន៕