សៀមរាប៖ ដោយមើល៍ឃើញ នូវកិច្ចខិតខំប្រឹងប្រែង និងការបំពេញកិច្ចការ មិនថាយប់ ថាថ្ងៃ ឬចុងសប្ដាហ៍ នៅពេលមាន ដែលមានតម្រូវ ការវចាំបាច់ និងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ កម្លាំងចលនា នៃសកម្មភាព មនុស្សធម៌ និងដើម្បី អនុវត្តន៍ផែនការយុទ្ធសាស្រ្ដរបស់កាកបាទក្រហមកម្ពុជា របស់ បុគ្គលិក/បុគ្គលិក នៃកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប និងដើម្បីលើកទឹកចិត្ត ក៏ដូចជាការសម្រួល ក្នុងការធ្វើដំណើរ របស់ពួកគាត់ ទើបលោកប្រធាន លោកអនុប្រធាន និងលោកឧកញ៉ា ប្រធានកិត្តិយស បានចំណាយថវិកាផ្ទាល់ខ្លួន ទិញម៉ូតូសេរីថ្មីឆ្នាំ២០១៤ ចំនួន ១៦គ្រឿង ដើម្បីប្រគល់ជូនបុគ្គលិក/ បុគ្គលិក ទាំងនោះ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤នេះ នៅសណ្ឋាគារ ស៊ីធី អង្គរ ក្រុងសៀមរាប ។
ថវិកាដែលចំណាយជាង ៣ម៉ឺនដុល្លារអាមេរិក សម្រាប់ទិញម៉ូតូ ទ្រីមសង់ (Dream 100) សេរីថ្មីឆ្នាំ២០១៤ ចំនួន ១៦គ្រឿង គឺបានមកពីការ បរិច្ចាកថវិកាចូលរួមចំណែក ផ្ទាល់ពី លោកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយស សាខា កាកបាទក្រហមខេត្តសៀមរាប និងជាអ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប, លោក ឃឹម ប៊ុនសុង ប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប, និង លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាសមាជិក ក្រុមប្រឹក្សាខេត្តសៀមរាប ។
លោកឧកញ៉ា សៀង ណាំ និងលោក ឃឹម ប៊ុនសុង បានមានប្រសាសន៍ ថ្លែងការកោតសរសើរដល់បុគ្គលិក និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដែលជានិច្ចជាកាលបានចូលរូមចំណែក ក្នុងការ បំពេញតួនាទី និងភារៈកិច្ចទទួលខុសត្រូវរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព និងការប្ដេជ្ញាចិត្តខ្ពស់ សម្រាប់ ចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្នុងការត្រៀមបង្ការ និង ការឆ្លើយតប ចំពោះ ជនរងគ្រោះ ដែលជួប គ្រោះមហន្តរាយ ដ៏ដូចជាទបទ្ទវហេតុនានា ។
លោកទាំងពីរបានបញ្ជាក់ថា មន្ដ្រីរបស់យើង បានខិតខំយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់ ទៅលើយុទ្ធសាស្ត្រ និង វិស័យស្នួលរបស់ខ្លួនក្នុងការអនុវត្តន៍ សកម្មភាពនានា លើវិស័យមនុស្សធម៌ ពិសេសតាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ដោយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ ក្នុងការអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាក បាទក្រហម អឌ្ឍចន្ទក្រហម មានប្រសិទ្ធភាពខ្ពស់ ៕