ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា នៅពេលខាងមុខនេះ ប្រទេសចំនួន ៣ មាន ប្រទេសជប៉ុន, សហគមន៍អឺរ៉ុប និងប្រទេសអូស្ត្រាលី នឹងមកជួយរៀប ចំបញ្ជីបោះឆ្នោត នៅកម្ពុជា។
ការថ្លែងអះអាងបែបនេះ ធ្វើឡើងនៅក្នុងឱកាសសមាជិករដ្ឋសភាជប៉ុន លោក NaotaSakaguchiចូលជួបសម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នាទីស្តីការ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
យោងតាមសម្តីលោក សាអែម សាវុធ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានដកស្រងសម្តី លោក ឧបនាយរដ្ឋមន្ត្រីថា បញ្ហាសំខាន់នៃការរៀបចំបញ្ជីបោះឆ្នោតនេះ កន្លងមកមិនមានការឯកភាពគ្នា ទៅលើលទ្ធផល នៃការបោះឆ្នោត ដោយលើកឡើងថា មានបញ្ហាពេលបោះឆ្នោត។
លោក បានបន្ត សម្តីលោក ស ខេង ថា “ការរៀបចំបញ្ជីបោះឆ្នោតលើកក្រោយ មានប្រទេស៣ នឹងជួយកម្ពុជាទី១. មានប្រទេសជប៉ុន, ទី២. សហគមន៍អឺរ៉ុប និងទី៣ ប្រទេសអូស្ត្រាលី ខ្ញុំសង្ឃឹមថា ប្រទេសទាំងបីនេះ នឹងជួយរៀបចំបញ្ជីនេះ នឹងបានល្អ”។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានដកស្រង់សម្តីលោកឧបនាយករដ្ឋមន្ត្រីទៀតថា នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ទាំងបញ្ហានយោបាយក្តី សេដ្ឋកិច្ចក្តី កំពុងប្រព្រឹត្តិទៅយ៉ាងល្អ ចំពោះបញ្ហានយោបាយ គឺគណបក្សធំៗទាំងពី កំពុងតែរៀបចំក្បាលម៉ាស៊ីន ព្រឹទ្ធសភា និងរដ្ឋសភា, ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងរៀបចំអង្គការបោះឆ្នោតជាដើម។
នៅក្នុងឱកាសនោះដែរ លោក សាអែម សាវុធ បានលើកយកសម្តីសមាជិករដ្ឋសភាជប៉ុន មកថា កាលពីបោះឆ្នោតជាតិលើកទី១ នៅឆ្នាំ១៩៩៣ បានមកជួយសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ ដែលពេលនោះ បានទៅចូលរួមសង្កេតនៅក្នុងខេត្តរតនគិរី។
លោក បានបន្ថែមសម្តីលោក NaotaSakaguchi ដែលបានអះអាងថា “ខ្លួនខ្ញុំផ្ទាល់ នឹងចូលរួមជាមួយ រដ្ឋាភិបាលជប៉ុន មកជួយប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍខ្លាំងក្លា”។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ សមាជិកសភារដ្ឋជប៉ុនរូបនេះ បានចូលទៅសម្តែងការ គួរសមជាមួយអនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា លោក ទេព ងន ដោយបានប្រាប់នូវបំណងប្រាថ្នារបស់លោក មកទសន្សកិច្ចនៅប្រទេសកម្ពុជា គឺចង់សិក្សាបទពិសោធន៍ផ្នែកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែឈ្នះឆ្នោតកន្លងមក៕