សៀមរាប ៖ បន្ទាប់ពីដំណើរមក បំពេញទស្សនកិច្ចនៅ រាជធានីភ្នំពេញ នៃព្រះរាជាជាចក្រកម្ពុជា របស់លោក Azuma Kcshishi អនុប្រធានព្រឹទ្ធសភាជប៉ុន ដែលបានជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២២ ម្សិលមិញ ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤នេះ លោកបានអញ្ជើញមកទស្សនកិច្ច នៅទឹកដី ប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ ។
នេះបង្ហាញអំពីការយកចិត្តទុកដាក់ និងជាមិត្តភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន ចំពោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ។ ហើយដំណើរមកទស្សនកិច្ច នៅតំបន់សៀមរាប-អង្គរ គឺជាចូលរួមចំណែកក្នុងការ លើកកម្ពស់ វិស័យ ទេសចរណ៍កម្ពូជា ដែលសម្បូរទៅដោយ មហាប្រាង្គប្រាសាទ និងសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ដ របស់កម្ពុជា ដែលជាគោលដៅដ៏សែន ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ពីគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក ឲ្យមកទស្សនា។ ហើយតាមរបាយការណ៍ របស់ក្រសួង ក៏ដួចជាមន្ទីរទេសចរណ៍ខេត្ត បានបង្ហាញថា ភ្ញៀវទេសចរជនជាតិជប៉ុន ដែលបានមកទស្សនាកម្ពុជា ពិសេសខេត្តសៀមរាប គឺស្ថិតនៅលំដាប់លេខរៀងទី៤ ផងដែរ បន្ទាប់ពីកូរ៉េ ចិន និងវៀតណាម ។
បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកនៅលើទឹកដីសៀមរាប-អង្គរ គឺការទស្សនានៅតាម ប្រាសាទសំខាន់ៗ មួយចំនួននោះ គឺលោក Azuma Kcshishi អនុប្រធានព្រឹទ្ធសភាជប៉ុន នឹងត្រឡប់ចាកចេញពីខេត្តសៀមរាប វិញ នៅរសៀលថ្ងៃនេះផងដែរ ។ ដែលការអញ្ជើញមកដល់ របស់លោក មានការទទួលស្វាគមន៍ និងជួនដំណើរពី អាជ្ញាធរខេត្ត ដឹកនាំដោយលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅឯអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ៕