ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងវៀងចន្ទ័ ប្រទេសឡាវ បានរៀបចំកិច្ចប្រជុំ ក្រុមការងារថ្នាក់តំបន់លើកទី១ ដើម្បីពិភាក្សាគ្នា ស្តីពីផែនការសកម្មភាព និងដំណើរការ នៃការពិគ្រោះ យោបល់ជាមុន (Prior consultation) ពាក់ពន្ធ័នឹងគម្រោងទំនប់វារីអគ្គិសនី ដនសាហុង។
កិច្ចប្រជុំនេះ គឺជាការអនុវត្តនូវជំហានបន្ត ក្រោយពីភាគីឡាវនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាគណៈកម្មការ ទន្លេមេគង្គ លើកទី២០ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នៅទីក្រុងបាងកក បានប្តូរជំហរខ្លួន មកយល់ព្រម ដាក់គម្រោងទំនប់វារីអគ្គិសនីដនសាហុងឆ្លងកាត់និតិវិធី «ពិគ្រោះយោបល់ជាមុន» វិញ ស្របទៅតាមការស្នើសុំ របស់ប្រទេស ជាសមាជិកគណៈកម្មការទន្លេមេគង្គ ឲ្យគោរពកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ មុននឹងធ្វើ សកម្មភាពសាងសង់ណាមួយ ដោយឯកតោភាគី។
សូមបញ្ជាក់ថា ភាគីឡាវពុំមានផែនការ លុបចោលគម្រោង ឬផ្អាកការសាងសង់ គម្រោងដនសាហុងនោះទេ។ ក្រុមការងារថ្នាក់ជាតិកម្ពុជា ចូលរូមកិច្ចប្រជុំថ្នាក់តំបន់នេះ មានសមាសភាពមន្រ្តីជំនាញ មកពីគណៈកម្មាធិការ ជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងក្រសួងរ៉ែ និងថាមពល។
និតិវិធីរបស់គណៈកម្មការទន្លេមេគង្គ តម្រូវឲ្យរាល់គម្រោងទំនប់វារីអគ្គិសនី ដែលគ្រោងសាងសង់ នៅលើទន្លេ មេនៃទន្លេមេគង្គ ត្រូវតែដាក់ឆ្លងដំណើរការ ពិគ្រោះយោបល់ជាមុន ជាមួយប្រទេសជាសមាជិក សម្រាប់ការ ពិភាក្សា វាយតម្លៃ ដើម្បីឈានទៅរកការឯកភាពគ្នាមួយ ចំពោះសំណើគម្រោងនោះ។ ដំណើរការនេះ មាន រយៈពេល៦ខែជាដំបូង ហើយអាចពន្យាពេលបន្តទៀត បានទៅតាមការចាំបាច់ និងតាមការឯកភាពគ្នា ដោយគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេ មេគង្គ។
អង្គប្រជុំថ្នាក់តំបន់ខាងលើ បានឯកភាពគ្នាជាគោលការណ៍ ស្តីពីសកម្មភាពពិគ្រោះយោបល់ដែលត្រូវធ្វើ មាន ជាអាទិ៍ ការពិគ្រោះយោបល់ថ្នាក់ជាតិ នៅក្នុងប្រទេសនីមួយៗ ជាសមាជិក ការពិគ្រោះយោបល់ថ្នាក់តំបន់ ចូលរួមដោយសហគមន៍ពាក់ពន្ធ័ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ ការធ្វើទស្សនកិច្ចទីតាំង គម្រោងជាក់ស្តែង និងការពិនិត្យវាយតម្លៃ លើផលប៉ះពាល់បរិស្ថាន ជាដើម។ ដំណើរការពិគ្រោះយោបល់ជាមុន ស្តីពីគម្រោងទំនប់វារីអគ្គិសនី ដនសាហុងនេះ អាចនឹងបញ្ចប់នៅដើម ឆ្នាំ២០១៥ ក្នុងករណីមិនមានការស្នើសុំ បន្ថែមពេលវេលា៕