ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយ លោក ឈិត សុខុន អភិបាលខេត្ត បានចុះទៅត្រួតពិនិត្យ និងវាយកំទេចចោល នូវសំណង់រឹង អនាធិបតេយ្យអត់ច្បាប់ជាច្រើន នៅតាមបណ្តោយឆ្នេរអូរត្រេះ និង ដៃព្រែកអូរត្រេះ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានសង់រំលោភលើឆ្នេរ សាធារណៈ របស់រដ្ឋ ។
សេចក្តីរាយការណ៍ពី សមត្ថកិច្ចបានឱ្យដឹងថា សំណង់ ដែលត្រូវបានវាយកម្ទេចទាំងនោះ សុទ្ធសឹងតែគ្មាន ច្បាប់អនុញ្ញាត ដែលសាងសង់ ដោយចិត្តឯង ធ្វើឱ្យប៉ះពាល់ដល់ បរិស្ថាន តំបន់ឆ្នេរសមុទ្រកម្ពុជា ។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋបានរាយការណ៍ដែរថា សំណង់រឹងមួយកន្លែង របស់លោក ខាត់ ប៊ុណ្ណា អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កំពុងសាងសង់រំលោភ លើដីចំណីរអូរត្រេះ យ៉ាងធ្ងន់ធ្ងរណាស់ដែរ ។
ពួកគេនិយាយថា លោក ខាត់ ប៊ុណ្ណា អតីតជាប្រធាន ភូមិបាលខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ជំនាន់លោក សាយ ហាក់ ជាអភិបាលក្រុង ត្រូវបានសម្តេចតេជោ បញ្ជាអោយលោក សាយ ហាក់ ដឹកនាំកម្លាំង ទៅវាយកំទេចចោលសំណង់រឹង ខុសច្បាប់របស់គាត់ នៅបឹងព្រែកទប់ ម្តងរួចមកហើយ ។ ឥឡូវនេះ មន្រ្តីសុរិយោដី ដដែលរូបនេះ មិនបានបោះបង់ អំពើល្មើសច្បាប់របស់ខ្លួននោះទេ ហើយថែមទាំងបានបន្ត មកសង់សំណង់របស់ខ្លួន រំលោភលើដី ចំណីអូរសាធារណៈ របស់រដ្ឋម្តងទៀត ។
ជុំវិញបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ថា ចំពោះសំណង់ របស់លោក ខាត់ ប៊ុណ្ណា ដែលសង់រំលោភលើដីចំណីអូរនេះ លោកនឹងបញ្ជូន ក្រុមការងារ ទៅត្រួតពិនិត្យមើល ជាមុនសិន ថាតើខុសច្បាប់ឬអត់ ? តែបើតាមគាត់ដឹង គឺដីចំណីអូរត្រូវចោលពី១៥ម៉ែត្រ ទៅ ២០ម៉ែត្រឯណោះ តែនេះសង់លើដី ចំណីអូរទាំងស្រុងតែម្តង ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានលើកឡើងដូចគ្នាថា ពួកគេកំពុងរង់ចាំមើល កណ្តាប់ដៃ ដែករបស់លោកអភិបាលខេត្ត ក្នុងការវាយកំទេចសំណង់នេះ ដូចការវាយកំទេចសំណង់ នៅឆ្នេរអូរត្រេះ នៅព្រឹក ថ្ងៃនេះដែរ ៕