Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្បទានគ្នា ទៅវិញទៅមក ទើបអាចរកច្រកចេញ បានក្នុងទំនាស់ដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ

$
0
0

ភ្នំពេញ៖ ក្នុងបញ្ហាទំនាស់ទាមទារដីរៀងៗខ្លួន នៅលើទីតាំងដីតែមួយរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនហឺរ៉ាយហ្សិន របស់ប្រទេសកូរ៉េខាងត្បូង នៅស្រុកស្នួល ខេត្តក្រចេះ មានតែសម្បទាន គ្នាទៅវិញទៅមក ប៉ុណ្ណោះទើបអាច រកដំណោះស្រាយបាន។

ក្រុមហ៊ុនហឺរ៉ាយហ្សិន របស់ប្រទេសកូរ៉េខាងត្បូង បានទទួលដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល កម្ពុជា ចំនួន ៩.៩៩៦ហិកតា ប៉ុន្តែត្រូវបានអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា កាត់យកមកវិញ រួចប្រគល់ទៅឲ្យប្រជាពលរដ្ឋ គឺនៅសល់តែចំនួន ២.៣៤៧ហិកតាប៉ុណ្ណោះ។ ចំពោះដីដែលនៅ មានទំនាស់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមានទំហំ ១.៥៦២,៧៥ហិកតា ក្នុងនោះក្រុមហ៊ុនទទួលបាន ១.០០៧ហិកតា ហើយប្រជាពលរដ្ឋទទួលបាន ៥៥៥ហិកតា។

អភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅសាលាខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ថា ចំណុចដែល នាំឲ្យមានទំនាស់គឺ ក្រុមហ៊ុនបានប្តឹងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា ដោយទាមទារដី ដែល ប្រជាពលរដ្ឋខ្មែរកាន់កាប់នោះ ដែលក្រុមហ៊ុនអះអាងថា ជាដីរបស់ក្រុមហ៊ុនខ្លួន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្បទានឲ្យ។

លោកអភិបាល បានមានប្រសាសន៍បន្តថា «ចំណែកប្រជាពលរដ្ឋវិញ មិនព្រមចាកចេញ ឬដោះដូរដី ដែលខ្លួនបាន កាន់កាប់នោះទេ ដោយអះអាងថា ខ្លួនបានកាន់កាប់ដីនេះជាយូរមកហើយ ព្រមទាំងមានផ្ទះ ដំណាំបន្លែ កៅស៊ូ និងដំឡូងមីជាដើម លើសពីនេះគឺប្រជាពលរដ្ឋ ទាមទារយក ដីដែលខ្លួនកាន់កាប់ទាំងអស់តែម្តង មិនឲ្យអាជ្ញាធរ ដកហូតមួយចំណែកណាឡើយ»។

រីឯចំណុចដែលប្រជាពលរដ្ឋ ខ្វែងគំនិតគ្នាជាមួយអាជ្ញាធរវិញ ប្រធានមន្ទីរសុរិយោដីខេត្ត លោក កៅ ម៉ាឌីឡែន បានឲ្យដឹងនៅលើទីតាំងដីមានទំនាស់នោះ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ថា អាជ្ញាធរយល់ព្រមប្រគល់ ដីនោះទៅឲ្យប្រជាពលរដ្ឋគឺ គ្រួសារណាមានដីលើសពី៣ហិកតា អាជ្ញាធរ ឲ្យតែ ២ហិកតា ហើយគ្រួសារណា មានដីលើសពី ៥ហិកតា អាជ្ញាធរឲ្យតែ ៣ហិកតាប៉ុណ្ណោះ។ ចំពោះប្រជាពលរដ្ឋវិញទាមទារ ចង់បានទាំងអស់នូវដី ដែលខ្លួនបានកាប់ឆ្ការនោះ។

លោកប្រធានមន្ទីរ បានបង្ហាញថា អាជ្ញាធរអាចពិចារណាឡើងវិញ អំពីគោលការណ៍ប្រគល់ដីធ្លី ជូនប្រជាពលរដ្ឋនេះ «បើសិនដំណោះស្រាយកន្លងមក មិនអាចរកច្រកចេញបានទេ អាជ្ញាធរក៏ដូច គណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ នឹងធ្វើការពិចារណាឡើងវិញ ធ្វើយ៉ាងណា បញ្ចប់បញ្ហាជំលោះ បញ្ហាដីធ្លីនេះឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។

ក្នុងឱកាសនោះដែរ មេឃុំស្នួល លោកវណ្ណ ឌឿន បានថ្លែងឲ្យដឹងថានៅតំបន់ដីមាន ជម្លោះកាល ពីដើមសុទ្ធតែជាដីព្រៃ ដោយមានជនជាតិដើមភាគតិចប្រមាណជា ១០០គ្រួសារ ប្រកបរបរធ្វើស្រែ។ រីឯប្រជាពលរដ្ឋក្រៅពីនេះ ខ្លះមករស់នៅ មុនក្រុមហ៊ុនមកដល់ និងមានប្រជាពលរដ្ឋខ្លះទៀត មករស់នៅក្រោយក្រុមហ៊ុនរបស់កូរ៉េចូលមក។

លោកមេឃុំមានប្រសាសន៍បញ្ជាក់ថា «ចលនាប្រជាពលរដ្ឋចូលចាប់ដី និងកាប់ទន្ទ្រានយកដីមួយ ចំនួនជាអ្នក មកពីស្រុកឆ្ងាយ ដូចជានៅស្រុកឆ្លូង និងមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំជាដើម គឺមកពីក្រៅចំនួន ៧០ភាគរយ និងមកពីក្នុងស្រុកចំនួន ៣០ភាគរយ»។

បុរសពីរនាក់ដែលម្នាក់វ័យកណ្ដាល និងម្នាក់ទៀតវ័យក្មេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅទីតាំងដី របស់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ថា ចំពោះខ្លួនគឺ ព្រមបន្ទន់ការទាមទារ របស់ខ្លួន ប៉ុន្តែចាំពួកគេសួរ ឬពិភាក្សាជាមួយសមាជិក ជាក្រុមរបស់ខ្លួនជាមុនសិន ដែលកំពុងឡើងទៅ តវ៉ានៅរាជធានីភ្នំពេញ។

បុរសវ័យកណ្ដាលជាអតីតទាហាន បានពន្យល់ពីហេតុផលថា «ខ្ញុំចង់រស់នៅលើទីតាំងនេះដដែល ពីព្រោះ គ្រួសារខ្ញុំបានខំកាប់ឆ្ការ និងបានសង់ផ្ទះ ដាំដំឡូងមី និងបន្លែបង្កាផ្សេងៗទៀត។ បើសិនទាមទារ ១០០ភាគរយមិនបានទេ ខ្ញុំសុំឲ្យអាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា កុំកាត់ដីពីខ្ញុំច្រើនពេក ពីព្រោះខ្ញុំមានកូនច្រើន, ខ្ញុំសុខចិត្តឲ្យរដ្ឋកាត់ដីខ្លះតែកុំច្រើនពេក ដើម្បីបញ្ចប់បញ្ហា ហើយខ្ញុំមានប្លង់ដី ត្រឹមត្រូវ មិនខ្វល់ទៅថ្ងៃក្រោយទៀត គឺខំតែធ្វើការ»។

ដើម្បីបញ្ចប់បញ្ហា អាជ្ញាធរខេត្តក្រចេះ បានអំពាវនាវដល់ក្រុមប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុន ឲ្យមានការសម្បទាន ឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះដើម្បីស្វែងរកនូវដំណោះស្រាយទាំងអស់គ្នា ធ្វើយ៉ាងណាស្វែងរកយន្តការ បង្រួមទំនាស់ ពង្រីកការដោះស្រាយ។ តែប្រសិនបើប្រជាពលរដ្ឋ និងក្រុមហ៊ុននៅតែប្រកាន់ជំហររឹងរូស បញ្ហាប្រហែលជាលំបាក ក្នុងការរកច្រកចេញ។ អ្វីដែលគួរឲ្យកត់សំគាល់ គឺនៅខេត្តក្រចេះនេះ កំពុងមានបញ្ហាទំនាស់ដីធ្លី បានកើតឡើងចំនួន ពីរកន្លែងផ្សេងទៀត។

សូមជម្រាបថា អាជ្ញាធរខេត្តក្រចេះ ដែលដឹកនាំដោយប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤បានដឹកនាំមន្រ្តីក្រោមឱវាទរបស់ខ្លួន ព្រមទាំងមានការ អញ្ជើញចូលរួមពីលោក សយសុ ភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះទៅពិនិត្យ និងស្វែងរកយន្តការដោះស្រាយទំនាស់ដីធ្លីរវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុនហឺរ៉ាយហ្សិន របស់ កូរ៉េខាងត្បូង ស្ថិតនៅក្នុងភូមិគ្រងនិងភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ការចុះទៅភ្លាមៗ នេះបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរខេត្តក្រចេះ ដែលមានលោក សរ ចំរ៉ុង ជាអភិបាលខេត្ត ដឹកនាំដោះស្រាយ បញ្ចប់នូវវិវាទ ដែលពេលនេះមានប្រជាពលរដ្ឋ ១០០គ្រួសារ ឡើងទៅតវ៉ាដល់ រាជធានីភ្នំពេញ អស់ជាច្រើនថ្ងៃកន្លងមក សូមកិច្ចអន្តរាគមន៍ពីសម្តេចតេជោហ៊ុន សែន ព្រមទាំងបានប្តឹងទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ចេញមកទទួលយកញត្តិ ពីប្រជាពលរដ្ឋ និងសន្យាជួយរកដំណោះស្រាយផងដែរ។ពួកគាត់ទាំង ១០០នាក់ បានយល់ព្រម ត្រឡប់មកខេត្តក្រចេះវិញ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៤ខាងមុខនេះ បន្ទាប់ពីអាជ្ញាធរខេត្តក្រចេះ សន្យាដោះស្រាយបញ្ហាជូនពួកគាត់។ ប៉ុន្តែព័ត៌មានចុងក្រោយថា ពួកគាត់ទៅពាក់កណ្តាល ទុកពាក់ កណ្តាល។

លោក សយ សុភាព ដែលមានបទពិសោធន៍ដោះស្រាយទំនាស់ដីធ្លី ហើយបានចុះទៅដល់ទីតាំង ដីមានទំនាស់ កាលពីថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤ បានផ្តល់យោបល់ស្តួចស្ដើងថា ដំណោះស្រាយនេះ មិនចាំបាច់និយាយ ដល់ក្រុមហ៊ុនឡើយ តែអាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាល មិនគួរធ្វើការផ្លាស់ប្តូរទីតាំងដីធ្លីរបស់ ប្រជាពលរដ្ឋមានទំនាស់ នោះទេ។ រីឯទំហំដី ដែលពីមុន អាជ្ញាធរមានផែនការប្រគល់ឲ្យ ៣ហិកតាចំពោះគ្រួសារណាមានលើសពី ៥ហិកតា គួរឲ្យ ៤ហិកតា និង ២ហិកតា ចំពោះគ្រួសារណាមានលើសពី ៣ហិកតានោះ គួរឲ្យ ២ហិកតាកន្លះ។

អាជ្ញាធរ និងស្ថាប័នជំនាញ ត្រូវធ្វើជំរឿននៅហ្នឹងកន្លែង ដើម្បីរកឲ្យឃើញគ្រួសារណាមានផ្ទះ និងដំណាំ ចម្ការជាក់ស្តែង នៅលើដី និងរកឲ្យឃើញអ្នកណាដែលមានតែដី តែមិនមានលំនៅដ្ឋានអចិន្ត្រៃយ៍ រួចមានដីជាច្រើន នៅកន្លែង ផ្សេងៗទៀត ពីតំបន់មានជម្លោះនេះ ព្រមទាំងអ្នកណាខ្លះ គ្មានដី គ្មានលំនៅដ្ឋាននៅទីនេះ រួចចុះឈ្មោះប្តឹងទាមទារដីដែរ។

បើសិនករណីជម្លោះដីធ្លីនេះ មិនបានបញ្ចប់ទេ សង្ឃឹមថា បញ្ហាទំនាស់ដីធ្លីនឹងកើតឡើងជាច្រើនទៀត នៅក្នុងទឹកដី ខេត្តក្រចេះ និងអាចឈានទៅទូទាំងប្រទេស។ ប៉ុន្តែសង្ឃឹមថា មន្ត្រីខិលខូចជាបុគ្គល ត្រូវបញ្ឈប់សកម្មភាពមិនស្មោះត្រង់ គ្មានចលនាចាប់ដីក្រោមរូបភាពផ្សេងៗនោះ គឺបញ្ហាទំនាស់ដីធ្លី ត្រូវកាត់បន្ថយ និងឈានទៅលុបបំបាត់ តាមរយៈយន្តការដោះស្រាយទំនាស់ដីធ្លី របស់សម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទាំងស៊ីវិល និងប្រដាប់អាវុធ ជួបប្រជុំពិភាក្សា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤។

របាយការណ៍សង្ខេបពាក់ព័ន្ធក្បាលដីទំនាស់ ៣៩១ក្បាលដី ៣២៩គ្រួសារ ១.៥៦២,៧៥ហិកតា រវាងប្រជាពលរដ្ឋ ភូមិគ្រង និងភូមិថ្ពង ជាមួយក្រុមហ៊ុន ហឺរ៉ាយហ្សិន

-រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យអនុបយោគ ដោយប្រគល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ហឺរ៉ាយហ្សិននូវផ្ទៃដីសរុបចំនួន ៩៩៩៦ហិកតា។

-ប្រកាសតំបន់វិនិច្ឆ័យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គឺវាស់វែងតាមបទបញ្ជា ០១បប សរុប ៣.៧៧១ក្បាលដី ស្មើ២.២៦៩គ្រួសារ=៨.៩៦៧.៩៥ហិកតា។

-បិទផ្សាយលើកទី១ ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី៩ខែមិនា ឆ្នាំ២០១៣ (ក្រុមហ៊ុនមិនមានការតវ៉ា)

១-ឃុំស្រែចារ (បានចេញបណ្ណរួច ២ភូមិ) មាន ២០១០ក្បាលដី=១០៣៦គ្រួសារ=៣.២៧០,១៨ ហិកតា (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣)។

-បិទផ្សាយលើកទី២ ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣។

២-ឃុំស្នួល (២ភូមិ) ១.៦៩៥ក្បាលដី =១.១៨០គ្រួសារ=៥.៤៥៣,២៥ហិកតា

-ក្រុមហ៊ុនបានប្តឹងជំទាស់លទ្ធផលវាស់វែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។

-ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ក្រុមការងារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមប្រជុំពិភាក្សានៅស្រុកស្នួល ហើយបានពិនិត្យឃើញថា តាមផែនទីដែលមន្ទីររៀបចំដែនដីបានគូសភ្ជាប់ទៅតាមនិយាមការជាង ១០០ចំណុច តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន មិនអាចកំណត់ជាទ្រង់ទ្រាយរូបរាងដីដែលមានទំនាស់បានទេ។

-ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ តំណាងក្រុមហ៊ុន២នាក់ មកដល់មន្ទីរដែនដីខេត្ត ដើម្បីពិនិត្យជាមួយមន្ត្រីជំនាញរបស់មន្ទីរ ដោយបានគូសផែនទីឡើងវិញ ទទួលបានលទ្ធផលគឺ ក្បាលដីចំនួន ៣៩១=៣២៩គ្រួសារ=១.៥៦២,៧៥ហិកតា ស្ថិតនៅក្នុងចំណុចនិយាមកាដែលក្រុមហ៊ុនបានប្តឹងតវ៉ាទុកជាដីទំនាស់ជាមួយក្រុមហ៊ុន មិនអាចចេញបណ្ណកម្មសិទ្ធិជូនបានទេ គឺទុកដោះស្រាយតាមនីតិវិធី។

-ថ្ងៃទី១៣ និងទី១៤ ខែមករា ឆ្នាំ២០១៤ ខាងក្រុមហ៊ុនបានមកដល់មន្ទីរដែនដីខេត្ត ដោយមាននាយកក្រុមហ៊ុនទៀតផង ដើម្បីពិភាក្សាករណីវិវាទដោយបានផ្តល់ផែនទី និងឯកសារពាក់ព័ន្ធមួយចំនួនទៀត។

ចំពោះក្បាលដីដែលមិនស្ថិតនៅក្នុងនិយាមកានៃពាក្យបណ្ដឹងគឺ ស្ថិតនៅក្នុងឃុំស្នួលមានចំនួន ២ភូមិ មានចំនួន ១.២៥៣ក្បាលដី=៧៧៩គ្រួសារ=៣.៨៧៦,៣៧ហិកតា (អាចចេញបណ្ណបាន) ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤។

សរុបចេញបណ្ណទាំងពីរលើក៖

-ឃុំស្រែចារ ២.០១០ក្បាលដី=១.០៣៦គ្រួសារ=៣.២៧០,១៨ហិកតា។

-ឃុំស្នួល ១.២៥៣ក្បាលដី=៧៧៩គ្រួសារ=៣.៨៧៦,៣៧ហិកតា

សរុបទាំងពីរឃុំមាន ៣.២៦៣ក្បាលដី=១.៨១៥គ្រួសារ=៧.១៤៦,៥៥ហិកតា។

ផ្ទៃដីពាក់ព័ន្ធក្រុមហ៊ុន

-ផ្ទៃដី សជណ ៩.៩៩៦ហិកតា

-ផ្ទៃដីវាស់វែងសរុប ៨.៩៦៧ហិកតា

-ចេញបណ្ណសរុប ៧.១៤៦ហិកតា

-ដីក្រុមហ៊ុននៅសល់មិនមានការវាស់វែង ១.៣៤០ហិកតា ក្នុងនោះដីដាំដុះមានចំនួន ៧៥០ហិកតា និងមិនបានដាំដុះចំនួន ៥៩០ហិកតា។

-ដីដែលនៅសល់ពីជម្លោះ ១.០០៧ហិកតា

-ដីនៅសល់សរុបរបស់ក្រុមហ៊ុន៖ ដីដែលនៅសល់មិនមានការវាស់វែង ១.៣៤០ហិកតា + ដីដែលនៅសល់ពីជម្លោះ ១.០០៧ហិកតា=២.៣៤៧ហិកតា។

ដូច្នេះផ្ទៃដីដែលបានវាស់វែងរបស់ក្រុមហ៊ុនមានចំនួន = ដីក្នុង សជណ ៩.៩៩៦ហិកតា - ដីនៅសល់សរុប ២.៣៤៧ហិកតា = ៧.៦៤៩ហិកតា។

-ផ្ទៃដីវាស់វែងក្នុងបញ្ជា ០១បប ចំនួន ៨.៩៦៧ហិកតា

-ផ្ទៃដីរបស់ប្រជាពលរដ្ឋ = ដីវាស់វែងក្នុង ០១បប ៨.៩៦៧ - ដីដែលវាស់ក្នុងក្រុមហ៊ុន ៧៦៤៩=១.៣១៨ហិកតា។

ចំពោះការដោះស្រាយទំនាស់

-គណៈកម្មការរដ្ឋបាលបានធ្វើការដោះស្រាយតាមនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ។ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ គណៈកម្មការរដ្ឋបាល បានបញ្ចប់ការដោះស្រាយ និងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជូនសំណុំរឿងបន្តទៅគណៈកម្មការសុរិយោដីស្រុកស្នួល។

-គណៈកម្មការសុរិយោដីស្រុកស្នួល បានបន្តធ្វើការសម្របសម្រួលទំនាស់តាមនីតិវិធីរបស់ខ្លួន៣ដង ប៉ុន្តែនៅតែពុំឈានទៅរកដំណោះស្រាយណាមួយឡើយ។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ គណៈកម្មការសុរិយោដីស្រុកស្នួល បានបញ្ជូនឯកសារមកសុរិយោដីថ្នាក់ខេត្ត។

បន្ទាប់ពីទទួលបានលិខិតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ គណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានរៀបចំឯកសារ និងបានស្នើសុំមន្រ្តីគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដើម្បីចុះជួយពិនិត្យលើឯកសារ និងនីតិវិធី ដែលគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានបន្តដោះស្រាយតាមនីតិវិធី ដោយធ្វើការសំរុះសំរួលចំនួន ៣លើក គឺលើកចុងក្រោយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ប៉ុន្តែគូភាគីវិវាទនៅតែប្រកាន់ជំហរទាមទារយកដីទំនាស់រៀងៗខ្លួន។

លេខាធិការដ្ឋានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានបញ្ចប់របាយការណ៍បូកសរុប នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។

គណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានអញ្ជើញគូភាគីវិវាទទាំងសងខាង និងទទួលយកសេចក្តីសម្រេចនាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤។

ទិន្នន័យពេលដែលក្រុមការងារបានចុះវាលពិនិត្យជាក់ស្តែង

១-ទំហំផ្ទៃដីដែលបានដាំដាំកូនកៅស៊ូក្នុងអំឡុងខែ៧-៨ ឆ្នាំ២០១២ មានទំហំ ៦៦០,៨០ហិកតា

២-កៅស៊ូដែលមានអាយុ ២ឆ្នាំ (បានកាត់ចេញ) មានទំហំ ៣០ហិកតា

៣-ដីថ្នាលកៅស៊ូ (៤ទីតាំង) មានទំហំ ២០ហិកតា។

ពាក់ព័ន្ធដីស្ថិតនៅក្នុងទីតាំងទំនាស់១.៥៦២,៧៥ហិកតា គឺក្រុមហ៊ុនទទួលបាន ១០០៧ហិកតា និងប្រជាពលរដ្ឋទទួលបាន ៥៥៥ហិកតា។

គួរបញ្ជាក់ថា នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាលពីអាណត្តិទី៤ តាមរយៈយុវជនស្ម័គ្រចិត្ត បានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១.៨០០.០០០ហិកតា ដែលកាត់ចេញពីក្រុមហ៊ុននានា។ ដូច្នេះ បញ្ហាដីធ្លីនៅក្នុងអាណត្តិទី៥នេះ គ្រាន់តែជាបញ្ហានៅសេសសល់បន្តិចបន្តូចតែប៉ុណ្ណោះ ដែលអាជ្ញាធរ និងរាជរដ្ឋាភិបាលបន្តដោះស្រាយ ហើយសង្ឃឹមថា មិនមានបញ្ហាធំដុំកើតឡើងឡើយ៕

(រូបកណ្តាល) ប្រធានមន្ទីរសុរិយោដី និងលោក សយ សុភាព ថតរូបជាមួយ ប្រជាពលរដ្ឋម្ចាស់ដីមានជម្លោះ


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>