ស្វាយរៀង៖ ក្រោយពីបាត់ ដំណឹងសូន្យឈឹង ពីផ្ទះពីរយប់ ពីរថ្ងៃ យុវជនម្នាក់ត្រូវបានអ្នកស្រុក ប្រទះឃើញ ដេកស្លាប់ក្នុងស្រះទឹកក្រោយ ហាងផឹកស៊ីមួយកន្លែង នៅជាប់ទំនប់តាណេង ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅម៉ោងប្រមាណ៩ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤។
យោងតាមសេចក្តីរាយការណ៍ពីម្ចាស់ហាង សុខាសុផល បានឲ្យដឹងថា នៅម៉ោងប្រមាណ៩ ព្រឹកមិញនេ លោកបានចេញទៅបត់ជើងតូចនៅខាងក្រោយហាងក្បែរស្រះទឹកមួយ ពេលនោះក៏បាន ឃើញសាកសព មួយនៅក្នុងស្រះមិនដឹងស្លាប់ដោយមូលហេតុអ្វីនោះទេ ក្រោយពីឃើញករណីនេះ ក៏បានរាយការណ៍មកកាន់ នគរបាលប៉ុស្តិ៍ដើម្បីធ្វើការត្រួតពិនិត្យ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា ក្រោយពីការពិនិត្យរបស់កម្លាំងសមត្ថកិច្ច ទើបដឹងថា ជនរងគ្រោះ ឈ្មោះ វង្ស ពៅមន្រ្តី ភេទប្រុស អាយុ១៨ ឆ្នាំ ទីលំនៅរស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សាក្សីក៏បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋាន ករណីស្លាប់នេះ ជារឿងឃាតកម្ម ឬយ៉ាងណានោះនៅឡើយទេ ដោយកំពុងតែធ្វើការស្រាវជ្រាវបន្ត ជាមួយគ្នាសមត្ថកិច្ច ក៏បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់តាំងពីយប់ថ្ងៃទី២៣ មកម៉្លេះ។
ម្តាយរបស់ជនរងគ្រោះ វង្ស ពៅមន្រ្តី បានបញ្ជាក់ផងដែរថា កូនរបស់គាត់កាលពីពីរថ្ងៃមុន បានចេញបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ ទោះបីជាខិតខំដើររកយ៉ាងណាក៏មិនឃើញដែរ លុះដល់ឮដំណឹងថា កូនរបស់គាត់ បានស្លាប់ នៅក្នុងស្រះទឹក ជាប់ទំនប់តាណេងនេះ ធ្វើឲ្យគាត់ដែលជាស្រ្តីមេម៉ាយ តក់ស្លត់ស្ទើរ គំាងបេះដូង ស្លាប់តាមកូន ព្រោះប្តីស្លាប់មិនទាន់បានប៉ុន្មានផង ឥឡូវកូនប្រុសក៏ត្រូវស្លាប់ចោលទៀត ៕