ហ្គាសា៖ កងទ័ពយោធាអាកាស របស់អ៊ីស្រាអែល បានបើកការវាយប្រហារ សាជាថ្មី លើអាគារកម្ពស់ ៦ជាន់ និងកន្លែងលក់ដូរកំប៉ិចកំប៉ុក នៅតំបន់ ភាគខាងត្បូងទីក្រុងហ្គាសា នៅល្ងាចថ្ងៃសៅរ៍។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០១៤នេះ។
ប្រភពយោធា បានឱ្យដឹងថា កងទ័ពអាកាសទាំងនោះ បានទម្លាក់គ្រាប់បែកលើតំបន់ Zorob ទីដែលមាន អាគារជាង៣០។ ប្រភពដដែលមិនបានបញ្ជាក់ ព័ត៌មានលំអិតពីការវាយប្រហារនោះទេ ហើយចំនួនអ្នកស្លាប់ និងអ្នករបួស ក៏ទាន់ដឹងដែរ។
យ៉ាងណាក៏ដោយ ពួកអ៊ីស្រាអែល អះអាងថា អាគារទាំងនោះ គឺជាកន្លែងដែលគេប្រើប្រាស់ សម្រាប់កិច្ចប្រជុំ របស់ក្រុមមេដឹកនាំហាម៉ាស។
ជាមួយគ្នានេះ ប្រទេសអេហ្ស៊ីប ក៏បានអំពាវនាវឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់ដាក់គ្នាផងដែរថា ហើយបន្តកិច្ចចរចាឡើងវិញជាបន្ទាន់ នៅទីក្រុងគែរ ដើម្បីឈានទៅរកកិច្ច ព្រមព្រៀងបទឈប់បាញ់ ដែលបញ្ចប់ការប្រយុទ្ធគ្នា ដ៏អូសបន្លាញនៅតំបន់ហ្គាសាស្រ្ទីព ៕