ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុក ដែលមានអ្នកគាំទ្រ រហូតដល់ជាង ៧០ម៉ឺននាក់ របស់លោក សម រង្ស៊ី មានសកម្ម ជន និងជាអ្នកគាំទ្រ របស់លោកម្នាក់ បានចេញមកប្រកាសដង្ហោយ រកការជួយឧបត្ថម្ភ ដល់សកម្មជនស្ម័គ្រស្មោះ ម្នាក់ ដែលកំពុង មានជំងឺក្រិនថ្លើមរ៉ាំរ៉ៃ គ្មានប្រាក់ព្យាបាល។
ម្ចាស់គណនេយ្យហ្វេសប៊ុក ដែលមានឈ្មោះថា «View Khmer» នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ បង្ហោះ រូបភាពសកម្មជនគាំទ្រ របស់លោក សម រង្ស៊ី ម្នាក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយចង់ជូនដំណឹង សកម្មជនដ៏ស្ម័គ្រស្មោះម្នាក់នោះ កំពុងមានជំងឺក្រិនថ្លើមរ៉ាំរ៉ៃ គ្មានប្រាក់ព្យាបាល។ «ខ្ញុំប្រាក់យី សូមជំរាបសួរ លោកប្រធានឥឡូវនេះ លោក ម៉ៅ ថាត ប្រធានបក្ស សម រង្ស៊ី ស្រុករលាប្អៀរជាច្រើនអាណត្តិមក ហើយកំពុង មានជំងឺខាងលើ ខ្ញុំបានឧបត្ថម្ភគាត់ ២០០$ តែប៉ុណ្ណឹងមិនគ្រប៉គ្រាន់ទេ»។
ការបង្ហោះសារតាមហ្វេសប៊ុកនេះ គឺលោក ប្រាក់ យី ចង់ឲ្យលោក សម រង្ស៊ី រួមថ្នាក់ដឹកនាំបក្សដទៃ មេត្តាជួយ ឧបត្ថម្ភ ដែលសកម្មជនរបស់ខ្លួន ដែលធ្លាប់តស៊ូអស់កម្លាំងកាយចិត្ត រហូតធ្វើឲ្យបក្សទទួលបានលទ្ធផលដូចសព្វ ថ្ងៃ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ជារឿយៗ តាមទំព័រសង្គមរបស់លោក តែងប្រកាស និងបង្ហាញពីគោលនយោ បាយក្នុងការផ្តល់ប្រាក់ខែជូនមនុស្ស និងការផ្តល់នូវសេវាកម្មសុខភាពផ្សេងៗទៀត ដល់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ ឆ្នោត។ តែផ្ទុយទៅវិញ អ្នកគាំទ្រ អ្នកដង្ហែ និងអ្នកស្ម័គ្រស្មោះរបស់លោក ជាច្រើនកំពុងជួបនូវទុក្ខលំបាក ខ្វះមុខ ខ្វះក្រោយ ដូចជាក្នុងរូបភាពជាសក្ខីកម្មស្រាប់។
ក្រៅពីនោះ មានសកម្មជនរបស់លោកខ្លះទៀត ក្នុងរាជធានីភ្នំពេញ ជាស្រ្តីមេម៉ាយ ដែលបម្រើបក្សរបស់លោកអស់ ជាច្រើនឆ្នាំមកហើយ រកតែទ្រនំរស់នៅឲ្យសមរម្យក៏គ្មានដែរ បច្ចុប្បន្នកំពុងរស់នៅដោយការ ពឹងអាស្រ័យ ជាមួយបងប្អូន លើផ្ទះទំហំប្រមាណ ៤ គុណនឹង ៥ម៉ែត្រប៉ុណ្ណោះ ៕