កំពង់ចាម ៖ កម្លាំងនគរបាល អន្តរាគមន៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម សហការ ជាមួយកម្លាំង នគរបាល ស្រុកកោះសូទិន ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ មូលដ្ឋាន ជាច្រើននាក់ បានរួមសហការ ទាំងយប់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ប្រកក្បឿង ដែលកំពុង ប្រឈមមុខ និងបាក់ចូលច្រាំងទន្លេ ស្ថិតនៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ប្រកក្បឿង ដែលស្ថិត នៅជាប់នឹងមាត់ទន្លេ បានប្រឈមមុខនឹង ការបាក់ចូលទឹកទន្លេ ពីព្រោះតែការបាក់ច្រាំង ហេតុដូច្នេះលោក បានបញ្ជាកម្លាំង នគរបាលអន្តរាគមន៍ របស់ស្នងការដ្ឋាន សហការជាមួយកម្លាំង នគរបាលស្រុកកោះសូទិន ទៅជួយអន្តរាគមន៍ រុះរើផ្ទះទាំងនោះ តាំងពីល្ងាច និងរហូតមដល់ វេលាម៉ោង ប្រមាណ១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ ។
លោកស្នងការ បានបញ្ជាក់ថា «កងអន្តរាគមន៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម នៅម៉ោង១០យប់នេះ បាននិងកំពុងជួយរុះផ្ទះ របស់ប្រជាពលរដ្ឋ ដោយសារតែ មានការបាក់ច្រាំងទន្លេ នៅឃុំល្វេ ស្រុកកោះសូទិន ។ ច្រាំងទន្លេនោះ បានបាក់ដល់ជើងសសរផ្ទះប្រជាពលរដ្ឋ ផ្ទះប្រកក្បឿង៣ខ្នង ឥឡូវនេះ ខ្ញុំបានបញ្ជូនកម្លាំងទៅ ជួយរុះផ្ទះនេះទាំងយប់ ធ្វើយ៉ាងណា កុំឲ្យផ្ទះនេះបាក់ចូល ទៅក្នុងទន្លេ ឥឡូវនេះយើងកំពុងរុះ ហើយអាចថា ទទួលជោគជ័យហើយ ដោយសារយើងបានជួយអន្តរាគមន៍ នូវគ្រោះមហន្តរាយនេះទាន់ពេលវេលា»។
បើតាមលោកស្នងការ នៅតំបន់នេះ នាពេលកន្លងទៅ ត្រូវបានទឹកជន់លិច និងមានការបាក់ច្រាំង ទន្លេផងដែរ។ យ៉ាងណាក៏ដោយ ចំពោះគ្រោះមហន្តរាយមួយនេះ មិនបានបណ្តាលឲ្យ មានការប៉ះពាល់ដល់ អាយុជីវិតប្រជាពលរដ្ឋឡើយ ៕