Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជ័យលាភី «ស្ព្រីងបត» បញ្ចប់ទស្សនកិច្ចសិក្សា នៅអង់គ្លេស ជាមួយការចង់ឲ្យកម្ពុជា ចាប់ផ្តើមគិតពី ប្រព័ន្ធអប់រំ ដ៏ជាក់លាក់មួយ

$
0
0

- ខាងក្នុងមានវីដេអូ នៃដំណើរទស្សនកិច្ចរបស់ ជ័យលាភី «ស្ព្រីងបត» ទាំង៤រូប នៅទីក្រុង London

ភ្នំពេញ៖ សិស្ស-និស្សិត ប្រុស-ស្រី វ័យក្មេងទាំង៤រូប ដែលជាម្ចាស់ជ័យលាភីលេខ១ លើជំនាញនិយាយភាសា អង់គ្លេស របស់ «ស្ព្រីងបតនៅកម្ពុជា» បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សារយៈពេលមួយសប្តាហ៍នៅចក្រភពអង់ គ្លេសរបស់ខ្លួនហើយ។ ជាមួយនឹងការទទួលបានភាពសប្បាយរីករាយ និង ចំណេះជំនាញបន្ថែមពីសកលវិទ្យា ល័យល្បីនៅចក្រភពអង់គ្លេសហើយនោះ យុវវ័យ នៃសសរទ្រូងកម្ពុជាពេញដោយសមត្ថភាពទាំង ៤រូប បាន សម្តែងអារម្មណ៍ចង់ឲ្យកម្ពុជា ចាប់ផ្តើមគិតពីការផ្តល់ប្រព័ន្ធអប់រំមួយ ដ៏ជាក់លាក់ និងរឹងមាំប្រកបដោយគុណភាព ខ្ពស់សម្រាប់កូនខ្មែរ។

ម្ចាស់ជ័យលាភីលេខ១ ពីស្ព្រីងបតទាំង ៤រូប រួមមាន៖ កញ្ញា ប៉ុក សុជាតា កញ្ញា ជ័យ សុត្ថារ័ត្ន លោក សិទ្ធី រ័ត្ន ដារាវុធ និង លោក សែត សួនវិសាល បានចេញទៅបំពេញទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤។ ពួកគេបានបានទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យសាកលវិទ្យាល័យ Liverpool Hope, សាកលវិទ្យាល័យ Cambridge, សាកល វិទ្យាល័យ Worcester, សាកលវិទ្យាល័យ The West of England Bristol និងទៅកម្សាន្តនៅកន្លែងល្បីៗ ក្នុងចក្រភពអង់គ្លេសមួយចំនួនទៀត ដូចជាទីក្រុង London។

ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានរៀបចំឡើងដោយ «ស្រ្ពីងបតនៅកម្ពុជា» នាការិយាល័យជាន់ទី៣ នៃអគារ «មជ្ឈមណ្ឌលភ្នំពេញ» ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្រោយការ វិលត្រឡប់របស់ម្ចាស់ជ័យលាភីពីចក្រភពអង់គ្លេសនោះ អ្នកជំនាញនិយាយភាសាអង់គ្លេសទាំង ៤រូប សុទ្ធតែ បានសម្តែងអារម្មណ៍សប្បាយរីករាយ។ អ្វីដែលពិសេសនោះ ពួកគេបានឃើញពីភាពប៉ិនប្រសប់ក្នុងបង្រៀនរបស់ គ្រូៗក្នុងសាកលវិទ្យាល័យនាចក្រភពអង់គ្លេស និងតែងមានការលើកទឹកចិត្តសិស្សគ្រប់ពេលវេលាឲ្យខិតខំសិក្សា ព្រមទាំងការដាក់ចេញនូវកម្មវិធីមួយដ៏ច្បាស់លាស់ ជាហេតុនាំឲ្យសិស្ស-និស្សិត ជ្រួតជ្រាបបានឆាប់រហ័ស។

កូនខ្មែរទាំង ៤រូបនេះ បានសម្តែងអារម្មណ៍រំភើបរីករាយ និងមោទនភាពក្រៃលែងផងដែរ នៅពេលពួកគេបានជួប សន្ទនាជាមួយពលរដ្ឋអង់គ្លេស ហើយភាគច្រើន នៃអ្នកជួបសន្ទនាសុទ្ធតែបានស្គាល់ និង ធ្លាប់មកលេងកម្ពុជា ព្រមទាំងសរសើរនូវប្រាសាទបុរាណខ្មែរ គឺប្រាសាទអង្គរវត្ត។

របបវាលពិឃាតបនប្រល័យពូជសាសន៍ ក៏ជាការ ចាប់អារម្មណ៍ និងដឹងយ៉ាងច្បាស់ ពីសំណាក់ពលរដ្ឋអង់គ្លេស ហើយពួកគេក៏ចូលរួមសម្តែងអារម្មណ៍សោកស្តាយ ជាមួយពលរដ្ឋកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់ ម្ចាស់ជ័យលាភី របស់ «ស្ព្រីងបត»។

កញ្ញា ជ័យ សុត្ថារ័ត្ន និស្សិតមកពីវិទ្យាស្ថានភាសាបរទេស IFL បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើការ សិក្សានៅប្រទេសអង់គ្លេសថា ការសិក្សានៅអង់គ្លេសមានលក្ខណៈជឿនលឿន និងប្រើរយៈពេលខ្លី តែពោរពេញ ដោយគុណភាព។ ការសិក្សានៅក្នុងប្រទេសនេះ បានយកចិត្តទុកដាក់តាំងពីកម្រិតទាបឡើងទៅ ជាមួយការយក ចិត្តទុកដាក់ខ្ពស់ពីគ្រូៗ ដែលមានបទពិសោធន៍ខ្ពស់ និងមានបច្ចេកទេសច្រើនក្នុងការបង្រៀន។

ជានិស្សិតម្នាក់ ដែលសម្បូរណ៍ដោយវោហាស័ព្ទ និង រួសរាយ ជ័យ សុត្ថារ័ត្ន បានបន្ថែមថា «ប្រព័ន្ធអប់រំនៅអង់ គ្លេសមានលក្ខណៈ Intensive គឺលឿន ចំណាយពេលតិច សម្រាប់បរិញ្ញាបត្រចំណាយពេល ៣ឆ្នាំ ចំណែកបរិ ញ្ញាបត្រជាន់ខ្ពស់ចំណាយពេលមួយឆ្នាំ។ ប៉ុន្តែខ្ញុំគិតថា រយៈពេលមិនមែនជាបញ្ហានោះទេ អ្វីដែលសំខាន់គឺគុណ ភាព។ បើយើងមើលទៅគុណភាព នៃការអប់រំរបស់គេ គឺគេពង្រឹងតាំងនៅថ្នាក់តូចៗក្រោមមក គឺគេធ្វើយ៉ាងម៉េច ឲ្យមានគ្រឹះរឹងមាំ។ ដូច្នេះខ្ញុំគិតថា នេះជាចំណុចល្អ យើងធ្វើអ្វីមួយ គឺត្រូវគិតពីគ្រឹះរឹងមាំ ប្រសិនបើប្អូនៗ ដែល សិក្សាតាំងពីថ្នាក់ទី១មក គាត់មានគ្រឹះរឹងមាំ គាត់ចេះគណិតវិទ្យាច្បាស់ គាត់ភាសាខ្មែរច្បាស់ ចេះសរសេរច្បាស់ ចឹងខ្ញុំគិតថា បើសិនគាត់ឡើងដល់ថ្នាក់លើៗទៀត គាត់នៅបន្តចាប់បាន»។

ភ្នែកទាំងគូ បាញ់ទម្លុះតាមកញ្ចក់វែនតាធំៗ សុត្ថារ័ត្ន បានបន្តចាប់អារម្មណ៍ទៅលើបច្ចេកទេស និងការយកចិត្តទុក ដាក់របស់គ្រូៗនៅប្រទេសអង់គ្លេសថា «មួយវិញទៀត គឺការយកចិត្តទុកដាក់របស់គ្រូនៅទីនោះ គឺគ្រូនៅទីនោះ មានវិធីបង្រៀនបែបប្លែកអាចថា មកពីប្រទេសគាត់ជឿនលឿន ចឹងគាត់ធ្វើការស្រាវជ្រាវច្រើន ចឹងគាត់រកវិធីថ្មីៗ ច្រើន ដើម្បីបង្រៀនកូនសិស្ស ខុសពីកម្ពុជាយើង ដែលមានភាពដដែលៗ បើប្រៀបធៀបពីគ្រូមួយ ទៅគ្រូមួយ និងពីមួយឆ្នាំ ទៅមួយឆ្នាំ គ្រួគេមានវិធីសាស្រ្តផ្សេងៗ មេរៀនផ្សេងៗ ដើម្បីបង្រៀនកូនសិស្សជួយឲ្យកូនសិស្ស មានចំណាប់អារម្មណ៍ក្នុងការរៀន មានភាពទាក់ទាញ។ ហើយគ្រូនៅទីនោះ គាត់ចូលចិត្តលើកទឹកចិត្តកូនសិស្ស ចឹងធ្វើឲ្យកូនសិស្សគាត់មានអារម្មណ៍ថា ចង់រៀន គាត់ Welcome គាត់ប្រឹងប្រែងសិក្សា»។

យុវជន សែត សួនវិសាល ដែលជាម្ចាស់ជ័យលាភីលេខ១ ពី «ស្ព្រីងបត» ដែរនោះ ក៏បានមើលឃើញពីវិធីសាស្រ្ត បង្រៀនប្លែករបស់គ្រូៗនៅចក្រភពអង់គ្លេសផងដែរ ដែលធ្វើឲ្យសិស្សអាចូលរួមជាមួយគ្នា។ យុវជន សួនវិសាល ចង់ឲ្យកម្ពុជា អភិវឌ្ឍន៍វិស័យអប់រំរបស់ខ្លួនឲ្យបានខ្លាំងជាងពេលបច្ចុប្បន្ន និងចង់ឃើញការលើកទឹកចិត្តលើសមត្ថ ភាពចំណេះដឹងរបស់សិស្ស និស្សិតនៅកម្ពុជា ឲ្យបានច្រើនផងដែរ។

យុវជន សួនវិសាល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា ការលើកទឹកចិត្តយើងមានរួចហើយ សម្រាប់ទេព កោសល្យពីធម្មជាតិ ដូចជាកម្មវិធី The Voice យើងលើកទឹកចិត្តសម្រាប់អ្នកមានទឹកដមសំនៀងល្អ កម្មវិធី Next Top Model សម្រាប់អ្នកដើរម៉ូដជាដើម ក៏ដូចជាកម្មវិធីតន្ត្រីផ្សេងៗទៀតផងដែរ។ តែសម្រាប់កម្រិតសមត្ថភាពចំ ណេះដឹងរបស់យុវជន ដែលគ្នាខំស្វែងយល់ និងចំណាយពេលវេលាច្រើនសម្រាប់ការរៀនសូត្រ យើងហាក់នៅ មានកង្វះខាតក្នុងការលើកទឹកចិត្ត។ ដូច្ចេះយើងសង្ឃឹមថា ទាំងក្រសួងអប់រំ ក៏ដូចជាអង្គការពាក់ព័ន្ធនានា គួរតែ បន្ថែម និងបន្តជួយជំរុញថែមទៀត ដើម្បីលើកទឹកចិត្តយុវជនរបស់យើង ពីព្រោះថា បើមានកម្មវិធីប្លែកៗឲ្យគាត់ អាចបញ្ចេញសមត្ថភាពបាន គឺមានន័យថា ជំរុញឲ្យពួកគាត់កាន់តែខិតខំប្រឹងប្រែងថែមទៀត»។

សួនវិសាល ក៏ជំរុញ ឲ្យមានការផ្តល់អាហារូបករណ៍ និងការប្រកួតប្រជែងលើចំណេះដឹង ឲ្យកាន់តែច្រើនដល់ សិស្ស-និស្សិត «ក្នុងនោះខ្ញុំជំរុញឲ្យមានការ ផ្តល់អាហារូបករណ៍ឲ្យកាន់តែច្រើន ហើយក៏ជំរុញឲ្យមានការប្រកួត ប្រជែងចំណេះដឹង ដែលទទួលបានពីសាលា និងសង្គមផងដែរ។ បើយើងជំរុញបែបនេះ យើងសង្ឃឹមថា វិស័យ អប់រំនៅកម្ពុជា នឹងមានការរីកចម្រើន»។

ក្រៅពីការទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងវិស័យអប់រំនៅចក្រភពអង់គ្លេសហើយនោះ ដំណើរទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសឲ្យម្ចាស់ជើងឯកលើការនិយាយភាសាអង់គ្លេសរបស់ «ស្ព្រីងបត» ទាំង ៤រូប ទទួលបាននូវបទ ពិសោធន៍ នៃការរស់នៅរបស់និស្សិតជាលក្ខណៈអន្តរជាតិផងដែរ ដែលជួយឲ្យនិស្សិតទៅសិក្សានៅចក្រភពអង់ គ្លេសកាន់តែមានភាពស្និទ្ធស្នាល និងការរស់នៅជាមួយភាពសាមគ្គីគ្នា។

បើតាម កញ្ញា ជ័យ សុត្ថារ័ត្ន ក្នុងដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសមួយសប្តាហ៍ កញ្ញា បាននាំយកនូវ ក្រមាខ្មែរ រួមនិងបន្តោងសោមានរូបប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ជូនដល់និស្សិតនៅអង់គ្លេសជាវត្ថុ អនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្មែរ។

កញ្ញា ជ័យ សុត្ថារ័ត្ន បានសម្តែងការសប្បាយចិត្តរបស់ខ្លួនថា នៅពេលឡើងជិះរថយន្តតាក់ស៊ី និងទៅកាន់កន្លែង កម្សាន្តផ្សេងៗ ពេលសន្ទនាជាមួយជនជាតិអង់គ្លេស ភាគច្រើនពួកគេសុទ្ធតែបានស្គាល់ពីប្រទេសកម្ពុជា តាម រយៈប្រាសាទអង្គរវត្ត និង របបប្រល័យពូជសាសន៍របស់ខ្មែរ។

កញ្ញា បានបញ្ជាក់ថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត ភាគច្រើនជនបរទេសនៅអង់គ្លេស ដែលខ្ញុំជួបទោះបី ពេលជិះតាក់ស៊ី ពេលជិះឡានក្រុង ឬក៏ពេលទៅតាមសាកលវិទ្យាល័យមួយចំនួន ពួកគាត់បានសួរខ្ញុំថា ពួកប្អូនៗ មកពីណា ពេលនោះខ្ញុំឆ្លើយថា មកពីកម្ពុជា។ ពួកគាត់ឆ្លើយថា [អូ! មកពីកម្ពុជា ខ្ញុំធ្លាប់ទៅលេងកម្ពុជាដែរ] តាម ពិតកម្ពុជាយើង គឺត្រូវបានស្គាល់ពីសំណាក់អន្តរជាតិភាគច្រើន ចឹងពេលគេឮពីកម្ពុជា គេសួរពីរឿងប្រាសាទអង្គរ វត្ត ហើយក៏គេរំលឹកពីអានុស្សាវរីយ៍ដ៏ឈឺចាប់របស់យើង គឺរបបប្រល័យពូជសាសន៍ប៉ុលពត»។

សូមបញ្ជាក់ថា ម្ចាស់ជ័យលាភីលេខ១ ពី «ស្ព្រីងបត» ៤រូប រួមមាន៖ កញ្ញា ប៉ុក សុជាតា កញ្ញា ជ័យ សុត្ថារ័ត្ន លោក សិទ្ធី រ័ត្ន ដារាវុធ និង លោក សែត សួនវិសាល បានចេញទៅបំពេញទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស រយៈពេលមួយសប្តាហ៍កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤កន្លងទៅនេះ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួត ប្រជែងដោយជោគជ័យ លើសមត្ថភាពនិយាយភាសាអង់គ្លេស ដែលរៀបចំឡើងដោយ «ស្ព្រីងបតនៅកម្ពុជា»៕

- ម្ចាស់ជ័យលាភី «ស្ព្រីងបត» លើជំនាញនិយាយភាសាអង់គ្លេសវ័យក្មេង ៤រូប ចេញទៅបំពេញទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស មួយសប្តាហ៍ (មានវីដេអូ)

(ពីឆ្វេងទៅស្តាំ) កញ្ញា ជ័យ សុត្ថារ័ត្ន កញ្ញា ប៉ុក សុជាតា លោក សិទ្ធី រ័ត្នដារាវុធ និង លោក សែត សួនវិសាល ពេលផ្តល់បទសម្ភាសន៍លើដំណើរទស្សនកិច្ចរបស់ខ្លួន


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>