ភ្នំពេញ ៖ គណៈប្រតិភូ ក្រុមត្រួតពិនិត្យ ការប្រឆាំង ការលាងសម្អាត ប្រាក់ និង អំពីហិរញ្ញប្បទាន ភេរវកម្ម ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរដល់ សកម្មភាពប្រឆាំង ការលាង សម្អាតប្រាក់ នៅកម្ពុជា នាពេលកន្លងមក ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ។
ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ នាស្តីការគណៈរដ្ឋមន្ត្រី លោក Yogpal Singh សហប្រធាន ក្រុម ត្រួតពិនិត្យការប្រឆាំង ការលាងសម្អាតប្រាក់ និងអំពីហិរញ្ញប្បទាន ភេរវកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីត្រួតពិនិត្យ ការអនុវត្តផ្នែកច្បាប់ និងស្វែងយល់អំពីការងារប្រឆាំងការលាងសម្អាតប្រាក់។
លោកថា “ដោយសារតែកម្ពុជាបានធ្វើការល្អនាពេលកន្លងមកទើបក្រុមការងារប្រឆាំងការ លាងសម្អាត ប្រាក់ និងអំពីហិរញ្ញប្បទានភេរវកម្មថ្នាក់អន្តរជាតិ បានដកកម្ពុជាចេញពីបញ្ជី ពណ៌ប្រផេះកាលពីខែមិថុនា ឆ្នាំ២០១៤”។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា ចិត្តក្នុងការអនុវត្តផែនការ សម្របសម្រួលផ្ទៃក្នុង និងយុទ្ធសាស្ត្រថ្នាក់ជាតិ ប្រឆាំងការលាងសម្អាតប្រាក់ និងអំពីហិរញ្ញប្បទានភេរវកម្ម ហើយកម្ពុជាក៏បាន ធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីផ្តន្ទាទោសដល់ជនល្មើសក្នុងការលាងសម្អាតប្រាក់ និងអំពីហិរញ្ញប្បទានភេរវកម្មនេះ ឲ្យស្របទៅតាមស្តង់ដារអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០១៣-២០១៧កម្ពុជាមានផែនការ នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការងារដែលមានស្រាប់ ហើយក្នុងឆ្នាំ២០១៣នេះដែរ រាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី វិសោធនកម្មមាត្រា ៣.២៩ និងមាត្រា៣០ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាត ប្រាក់ហិរញ្ញប្បទានភេរវកម្ម៕