ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ អង្គារ ទី ២ ខែ កញ្ញា ២០១៤ បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោស យុវជនជាប់ចោទម្នាក់ ដែលជានិស្សិតIT ឆ្នាំទី៣ នៃ សាកលវិទ្យាល័យមួយ នៅក្នុងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងករណី ល្បូងយុវជនម្នាក់ ទៅចូលក្លឹប ផឹកស៊ី និង ច្រៀងរាំ ការ៉ាអូខេ តែបានលួចដាក់ថ្នាំ សណ្តំនៅក្នុង កែវស្រាជនរងគ្រោះ បណ្តាលឲ្យសន្លប់បាត់បង់ស្មារតី រួចដឹកជនរងគ្រោះ យកទៅប្លុងចោល នៅក្នុងគុម្ពោធព្រៃ មួយកន្លែង ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីកំឡុងខែ មីនា ឆ្នាំ ២០១៤។
លោកលី សុខឡេង ចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ ចាន់ ពុទ្ធីពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខជានិស្សិត។ និង ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការពីបទ«លួច» តាមមាត្រា ៣៥៣ និង ៣៥៦ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា។ និង ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្តឹងរបស់ភាគីដើមចោទ (ជាជនរងគ្រោះ) កាលពីថ្ងៃ ទី ២៧ ខែ មីនា ២០១៤ ។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៃ សំណុំរឿងនេះ នៅថ្ងៃ ទី ១៥ ខែ កញ្ញា ២០១៤ ខាងមុខនេះ៕