ភ្នំពេញ : ដោយមើលឃើញ ពីសកម្មភាពដឹកជញ្ជូនខ្សាច់ ពីសំណាក់រថយន្តធុនធំៗ របស់ឈ្មួញឯកជន នាំឲ្យខូចផ្លូវ និងប៉ះពាល់បរិស្ថាន ក៏ដូចជាការបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយអភិបាលខណ្ឌ លោក អ៊ាង ស៊ីផាន អភិបាលរងខណ្ឌ លោក ណុប ផា និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅឃាត់រថយន្តដឹកខ្សាច់ទាំងនេះ មិនឲ្យបន្តចរាចរណ៍ រង់ចាំការត្រួតពិនិត្យ លក្ខណ:បច្ចេកទេស និងច្បាប់ទម្លាប់ជាមុនសិន ។
ប្រតិបត្តិការរបស់អាជ្ញាធរ ខណ្ឌច្បារអំពៅ បានធ្វើឡើង នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់ចំនួន៤ ដែលមានរថយន្តដឹកខ្សាច់ ធុនធំជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ ។
អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា បានឲ្យដឹងថា ក្រោយពីមើលឃើញជាក់ស្តែង អំពីសកម្មភាពដឹកជញ្ជូនខ្សាច់ ដែលធ្វើឲ្យផ្លូវ និងប៉ះពាល់សណ្តាប់ធ្នាប់ សាធារណ: និងតបតាមការណែនាំ របស់អភិបាលរាជធានីភ្នំពេញផងនោះ លោកអភិបាលខណ្ឌ ក្នុងនាមប្រធានគណ:បញ្ជាការឯកភាព បានបើកយុទ្ធនាការ ទប់ស្កាត់បញ្ហាទាំងនេះ កុំឲ្យបន្តកើតឡើង ។
លោក ណុប ផា បានបញ្ជាក់ថា រថយន្តដឹកខ្សាច់ ចំនួន៩គ្រឿង ត្រូវបានអាជ្ញាធរចាប់ឃាត់ ដើម្បីត្រួតពិនិត្យមើលពីលិខិតស្នាម និងពិនិត្យពីលក្ខណ:បច្ចេកទេសរបស់រថយន្ត ដូចជាស្ថានភាពកង់ ស្ថានភាពនៃការដឹកជញ្ជូន ព្រមទាំងស្ថានភាពអ្នកបើកបរជាដើម ។ លោកបានបន្តថា ក្រោយពីការចាប់ឃាត់រថយន្តទាំង៩គ្រឿងរួចមក និងក្រោយពីពិនិត្យជាក់ស្តែង នៅមានបញ្ហាខ្វះចន្លោះនោះ ក្រុមការងារបានធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្ត ទាំងនោះ និងធ្វើការណែនាំឲ្យពួកគេ រៀបចំការដឹកជញ្ជូនលើកក្រោយ តាមលក្ខណ:បច្ចេកទេសត្រឹមត្រូវ និងមានការត្រួតពិនិត្យ យ៉ាងជាក់លាក់មុនពេលធ្វើដំណើរចេញ ។ ដោយឡែកបើសិននៅតាមផ្លូវមាន ឃើញខ្សាច់ជ្រុះរប៉ាត់ រប៉ាយ ឬស្រកហូរហៀរតាមដងផ្លូវ ក៏ដូចជាខូចខាតផ្លូវនោះ គឺម្ចាស់រថយន្តទាំងនេះ ត្រូវមានការទទួលខុសត្រូវ ដោយខ្លូនឯង ទាំងការសំអាតផ្លូវ និងជួសជុលផ្លូវ ។
អភិបាលរងខណ្ឌច្បារអំពៅ រូបនេះ ក៏បានដឹកក្រុមការងារ ទាំងអស់ចុះពិនិត្យមើល ជាក់ស្តែងការដ្ឋានដឹកជញ្ជូនខ្សាច់ មួយទីតាំងស្ថិតនៅព្រែកឯង ហើយឃាត់មិនឲ្យរថយន្តដឹកខ្សាច់ ធ្វើដំណើរចេញ ព្រោះតែការដឹកខ្សាច់កន្លងទៅ មានការធ្លាក់រាយប៉ាយពេញដងផ្លូវ ពោលគឺផ្លូវបេតុង ក្លាយជាផ្លូវដីខ្សាច់នោះ ។
ជាមួយគ្នាក្រុមការងារទាំងអស់ ក៏បានបញ្ជូនគ្រឿងចក្រ ធ្វើការបោសសំអាតផ្លូវ ឲ្យស្អាតផងដែរ ចៀសវាងបង្កគ្រោះថ្នាក់ ដោយប្រការណាមួយ ដល់អ្នកដំណើរតាមផ្លូវ ព្រោះតែខ្សាច់ហូរនៅលើផ្លូវ ដែលបណ្តាលមកពីការដឹកជញ្ជូនខ្សាច់តាមរថយន្ត មិនមានការគ្រប ឬទុកខ្សាច់ ឲ្យស្រកទឹកសិន ចាំដឹកចេញនោះ ៕