ភ្នំពេញ ៖ បុរសជនជាតិម្នាក់ បានបើករថយន្តរ៉េចង្កូត ទៅបុកនឹងរថយន្ត ដែលកំពុងចតស្ងៀម ខូចខាត អស់៣ គ្រឿង នៅម៉ោងប្រមាណ៣ និង៣០ នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្ថិតនៅចំណុចផ្លូវ មុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមរយៈសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កគឺជាជនជាតិចិន បានបើករថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-2560 តាមផ្លូវមុន្នីរ៉េត ពីលិចទៅកើត ស្រាប់តែពេលកំពុងបើកបរ នោះ រថយន្តស្តារិច នេះក៏រ៉េចង្កូតទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយ ចំនួន៣ គ្រឿង ដែលកំពុងតែចត ស្ងៀមតាមដងផ្លូវ ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិននេះ និយាយ ទូរស័ព្ទកំពុងបើកបរ ជាមួយគ្នានោះ ខណៈបង្កគ្រោះថ្នាក់រួច បុរសនោះបានចេញពីរថយន្ត ហើយក៏ បានឃើញជើងខាងស្តាំរបស់គាត់ស្វិតថែមទៀត ។
យោងតាមសេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យរថយន្តពីរគ្រឿង រងការខូចខាតខ្លាំង ឯពីរគ្រឿងទៀត ខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ រថយន្តពីរគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ដែលរងការខូចខាតបន្តិចបន្តួចនោះ ភាគីម្ចាស់មិនទាមទារសំណង នោះទេ ដោយឡែកនៅសល់តែភាគីខាងជនជាតិ និងភាគីម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដា ពាក់ស្លាកលេខ ព្រះសីហនុ 2A-1968 ដែលរងការខូចខាត ផ្នែកខាងមុខខ្លាំង បានទាមទារសំណង ៣៥០ដុល្លារ ប៉ុន្តែ ខាងធានារ៉ាប់រង ជនជាតិចិនទាមទារយកទៅជួសជុលឲ្យ ចំពោះលទ្ធផលយ៉ាងណានោះ នៅមិនទាន់ បញ្ចប់នៅឡើយទេ ៕