Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយកអង្គការ AIP ទទូចឲ្យរដ្ឋសភា ពន្លឿនការអនុម័ត ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី (មានវីដេអូ)

$
0
0

ភ្នំពេញ៖ នាយកអង្គការបង្ការរបួសអាស៊ី (AIP) ប្រចាំនៅកម្ពុជា បានទទូចឲ្យស្ថាប័ននីតិបញ្ញត្តិ ពន្លឿនការអនុម័ត  ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានឆាប់ ដោយរំពឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលកំពុងស្ថិតនៅក្នុងដៃរដ្ឋសភា នោះ អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានខ្ពស់ជាងពេលបច្ចុប្បន្ន។

លោក គឹម បញ្ញា នាយកអង្គការ AIP ប្រចាំនៅកម្ពុជា ដែលជាអង្គការមួយកំពុងបំពេញបេសក កម្មចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាអត្រាមរណៈដោយគ្រោះថ្នាក់ចរាចរណ៍តាមរយៈ យុទ្ធនានាផ្សេងៗរួមមានការចែកមួកសុវត្ថិភាពជាដើមនោះ បានសម្តែងនូវការសាទរ និងមានគំនិតសុទិដ្ឋិនិយមថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានចំណុចល្អប្រសើរច្រើនពាក់ព័ន្ធទៅនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក គឹម បញ្ញា ក៏បានអំពាវនាវឲ្យស្ថានប័ននីតិបញ្ញត្តិពន្លឿននូវការអនុម័តដាក់ចេញនូវច្បាប់ចរាចរណ៍ផ្លូវគោក ថ្មី ដើម្បីឲ្យស្ថាប័ននីតិប្រតិបត្តិយកទៅអនុវត្តន៍បន្ត គ្រាដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាក្តីព្រួយបារម្ភ ដ៏ចម្បងមួយនៅកម្ពុជា។

នៅក្នុងបទសម្ភាសន៍ជាអ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី០៣ ខែកញ្ញា លោក គឹម បញ្ញា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ជារួមក្នុងនាមជាអង្គការសង្គមស៊ីវិល យើងមើលឃើញថា សេច ក្តីព្រាងច្បាប់ថ្មី ជាសេចក្តីព្រាងមួយមានសារៈសំខាន់ និងមានចំណុចល្អច្រើន ទាំងទិដ្ឋភាពច្បាប់ និងសម្រាប់ ប្រជាពលរដ្ឋ យើងគាំទ្រ។ ហើយយើងរំពឹងថា ស្ថាប័ននីតិបញ្ញត្តិសិក្សាពីលទ្ធភាពក្នុងពន្លឿនអនុម័ត ដើម្បីជូន ស្ថាប័ននីតិប្រតិបត្តិយកទៅអនុវត្ត»។

សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលទើបតែត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ នេះ មាន៤៤មាត្រា ក្នុងនោះមាត្រាចាស់ ៣៤ និងបន្ថែមថ្មី ១០មាត្រា។ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានការកំណត់យ៉ាងតឹងរឹងសម្រាប់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត រថយន្ត និងមធ្យោបាយធ្វើដំណើរគ្រប់ ប្រភេទ ដូចការការកំណត់ឲ្យអ្នកធ្វើដំណើរ តាមទោចក្រយានយន្ត និងត្រីចក្រយានត្រូវពាក់មួកសុវត្ថិភាពឲ្យបាន គ្រប់គ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ទោចក្រយានយន្តមួយធ្វើដំណើរ បានតែ៣នាក់ប៉ុណ្ណោះ បូករួមទាំង កូនក្មេង។

សេចក្តីព្រាងច្បាប់ថ្មី ក៏មានការបង្កើននូវកម្រិតថវិកាផាកពិន័យផងដែរ ដូចជាអ្នកធ្វើដំណើរតាមទោចក្រយាន និង ត្រីចក្រយាន ដែលមិនពាក់មួកសុវត្ថិភាព នឹងត្រូវផាកពិន័យរហូតដល់ ១៥.០០០រៀល គឺកើនឡើងលើសការ ផាកពិន័យក្នុងច្បាប់ចរាចរណ៍ផ្លូវគោកចាស់រហូតដល់ទៅ ៥ដង។ ក្រៅពីនោះ ការផាកពិន័យសម្រាប់អ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង ក៏កើនឡើងខ្ពស់ជាងច្បាប់ចរាចរណ៍ចាស់ផងដែរ ពោលអ្នកបើកបរក្រោមឥទ្ធិពលជាតិ ស្រវឹង ចាប់ពី ០.៤០មីលីក្រាម ត្រូវពិន័យចាប់ពី ៨០ម៉ឺនរៀល ដល់៤លានរៀល ខណៈច្បាប់ចរាចរណ៍ចាស់ ពិន័យត្រឹមតែ ២៥.០០០រៀល ទៅ១លានរៀលតែប៉ុណ្ណោះ។

ដើម្បីឲ្យការអនុវត្តច្បាប់ចរាចរណ៍គោកថ្មី ដែលមានការគាំទ្រច្រើនពីសាធារណជន និងអ្នកពាក់ព័ន្ធ ឲ្យកាន់តែ មានប្រសិទ្ធភាពនោះ លោក គឹម បញ្ញា បានសម្តែងការយល់ឃើញរបស់ខ្លួនថា ទាមទារឲ្យមានការចូលរួមទាំង អស់គ្នា ជាពិសេសមន្រ្តីជាអ្នកអនុវត្តច្បាប់ ហើយប្រជាពលរដ្ឋត្រូវតែចូលរួមគោរពច្បាប់នេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បី សុវត្ថិភាពអាយុជីវិត ពេលធ្វើដំណើរលើដងវិថី។ លោក គឹម បញ្ញា បានអះអាងថា អង្គការ AIP និងអង្គការដៃគូ ដទៃទៀត រង់ចាំចូលរួមចំណែកធ្វើការងារគាំទ្រដល់មន្រ្តីអនុវត្តន៍ច្បាប់ ដើម្បីជំរុញការអនុវត្តន៍ និងការប្រតិបត្តិលើ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក គឹម បញ្ញា បានថ្លែងយ៉ាងដូច្នេះថា «[…] ដើម្បីមានប្រសិទ្ធភាព ទាមទារឲ្យខាងស្ថាប័នកងកម្លាំងនគរបាល ចរាចរណ៍ កងកម្លាំងរាជរដ្ឋាភិបាល លោកត្រូវខិតខំពង្រឹងនូវយន្តការ ពង្រឹងនូវផែនការទាក់ទងនឹងការអនុវត្ត ដែរ។ យើងជឿជាក់ថា ជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ជាមួយកងកម្លាំងនគរបាលចរាចរណ៍ ច្បាប់នេះ អាចនឹងអនុវត្តប្រកបដោយប្រសិទ្ធភាព»។

នាយកអង្គការ AIP លោក គឹម បញ្ញា បានបញ្ជាក់បន្ថែមថា «ប៉ុន្តែយើងក៏ត្រូវការការចូលរួមពីប្រជាពលរដ្ឋ។ បើ ប្រជាពលរដ្ឋមើលឃើញចំណុចណា ខុសឆ្គង ឬខ្វះខាត ប្រជាពលរដ្ឋអាចធ្វើការឆ្លើយតបដោយផ្ទាល់ជូនកង កម្លាំង និងអាជ្ញាធរអនុវត្តច្បាប់តាមវេទិកានានា[...]។ ខ្ញុំចង់យកឱកាសនេះ ជម្រាបទៅសាធារណជនថា សង្គម នេះ ជាសង្គមរបស់យើងទាំងអស់គ្នា មិនមែនជាសង្គមរបស់នរណាម្នាក់នោះទេ ចឹងដើម្បីឲ្យសង្គមរបស់ យើងល្អ សង្គមរបស់យើងមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ វាទាល់តែយើងទាំងអស់គ្នាចូលរួមជួយទាំងអស់គ្នា ទាំង ស្ថាប័នរាជរដ្ឋាភិបាល ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ បើយើងរំពឹងថា អាហ្នឹងជាបន្ទុករបស់សង្គមស៊ីវិល ជា បន្ទុករបស់រដ្ឋាភិបាល ហើយយើងជាប្រជាពលរដ្ឋ ជាអ្នកប្រើផ្លូវ ជាអ្នកប្រឈមគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ មិន បានយកចិត្តទុកដាក់ មិនបានចូលរួមផ្តល់មតិយោបល់ មិនបានចូលរួមក្នុងការឆ្លើយតបបញ្ហា កំពុងប្រឈម ខ្ញុំគិត ថា យើងមិនអាចធ្វើឲ្យសង្គមយើងបានល្អប្រសើរមានរបៀបរៀបរយក្នុងរយៈពេលខ្លីនោះទេ»។

របាយការណ៍របស់មន្រ្តីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានផ្តាច់ជីវិតមនុស្ស ប្រមាណជា ៥នាក់ជារៀងរាល់ថ្ងៃ និង ជាច្រើនរយនាក់ផ្សេងទៀត បានរងរបួស ក្នុងនោះឆ្នាំ២០១៣កន្លងទៅ អ្នកធ្វើដំណើរ ១.៩៥០នាក់បានស្លាប់ និង១៤.២២៧នាក់បានរងរបួស។ កត្តាដែលបណ្តាលឲ្យកើតមានគ្រោះ ថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និង ការប្រើ ប្រាស់ផ្លូវដោយមិនបានត្រឹមត្រូវជាដើម...។ របាយការណ៍ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមអ្នករងគ្រោះថ្នាក់ ចរាចរណ៍ប្រមាណ ៦២ភាគរយ ជាអ្នកធ្វើដំណើរដោយទោចក្រយានយន្ត។

បើតាមអង្គការ AIP បានរកឃើញថា ក្នុងចំណោមអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើដំណើរដោយទោចក្រយាន យន្តនោះ មាន៧៧ភាគរយ បានរងគ្រោះថ្នាក់ត្រង់ក្បាលអាចបណ្តាលឲ្យស្លាប់ និង របួសធ្ងន់ធ្ងរ ដោយសារមិន បានពាក់មួកសុវត្ថិភាព។

រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរា ចរណ៍បានធ្វើឲ្យរដ្ឋខាតបង់ថវិកាច្រើនលើសលប់ផងដែរ។ ក្នុងឆ្នាំ២០១៣ ថវិកាប្រមាណ ៣៣៧លានដុល្លារត្រូវ ខាតបង់ព្រោះគ្រោះថ្នាក់ចរាចរណ៍។ មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ស្ត្រីមេម៉ាយ កូនកំព្រា និង ជនពិការ ដែលសុទ្ធជាបញ្ហានាំឲ្យរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ។

រាជរដ្ឋាភិបាលកម្ពុជា រួមនិងអង្គការជាដៃគូបានខិតខំធ្វើការជាច្រើន ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍តាមដងវិថី និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការផ្សព្វផ្សាយបំផុសនូវសារអប់រំនានា ដូចជា «ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «ស្រឡាញ់ គោរពអាយុជីវិតខ្លួនឯង និង អ្នកដទៃ បើកបរដោយការគោរពច្បាប់ ចរាចរណ៍», «សេពគ្រឿងស្រវឹងកុំបើកបរ បើកបរកុំសេពគ្រឿងស្រវឹង»...។

ទោះបីយុទ្ធនាការដើម្បីសុវត្ថិភាពចរាចរណ៍ជាច្រើន ត្រូវបានដាក់ចេញយ៉ាងណាក្តី តែអត្រាគ្រោះថ្នាក់ចរាចរណ៍ មិនទាន់មានការថមថយនៅឡើយទេ។ ប្រការនេះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានកម្រិតផាកពិន័យ និងការ ដាក់ទោសទណ្ឌតឹងរឹងជាងមុននោះ គេរំពឹងថា នឹងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានកាន់តែប្រសើរឡើង។ ដូច្នេះការអនុម័តដាក់ឲ្យប្រើប្រាស់ច្បាប់ចរាចរណ៍ផ្លូវ គោកថ្មី ឲ្យបានឆាប់ជាប្រការដ៏ចាំបាច់មួយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles