ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី បានឧបត្ថម្ភសិស្សទទួលបាននិទ្ទេសA ទាំង១១នាក់ ដោយក្នុងម្នាក់ៗ ទទួលបានគិត ជាថវិកាជិត ៧០០០ដុល្លារ បូករួមទាំងការផ្ដល់អាហារូបករណ៍ សម្រាប់ការសិក្សានៅថ្នាក់សាកលវិទ្យាល័យ រហូតដល់ចប់ និង ការឧបត្ថម្ភផ្សេងៗ ប្រចាំឆ្នាំទៀតផង ។
ការប្រកាស ផ្ដល់រង្វាន់លើកទឹកចិត្ដ ជូនសិស្សឆ្នើមទាំង១១នាក់ ទទួលបាននិទ្ទេសល្អប្រសើរ សម្រាប់ការ ប្រឡងសញ្ញាបត្រ បាក់ឌុបនៅឆ្នាំ២០១៤នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅពេលដែលសម្ដេចនាយករដ្ឋមន្ដ្រី បាន អនុញ្ញាតឱ្យពួកគេ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមានសន្ដិភាព ។
នៅចំពោះមុខសិស្សឆ្នើម ទាំង១១នាក់ ខាងលើនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឧបត្ថម្ភក្នុងម្នាក់ៗ ទទួលបានថវិកា ៣០០០ដុល្លារ កុំព្យូទ័រ ១គ្រឿង តម្លៃ ១២៥០ដុល្លារ ម៉ូតូ ១គ្រឿង ការឧបត្ថម្ភសម្រាប់ការសិក្សាប្រចាំឆ្នាំ ព្រមទាំងការផ្ដល់ អាហារូបករណ៍ រហូតដល់រៀនចប់។
សម្ដេចតេជោ បានប្រគល់ភារកិច្ចជូនលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ ជាអ្នកចាត់ចែង ឱ្យសិស្សឆ្នើមទាំង១១នាក់ ចូលរៀនថ្នាក់អាហារូបករណ៍ ដែលពួកគេចង់ ហើយតាមការសាកសួរជាបឋម ក្នុងចំណោមសិស្ស ១១នាក់នេះ មាន ៥នាក់ ចង់រៀនមុខវិជ្ជាពេទ្យ ៥នាក់ ចង់រៀនមុខវិជ្ជា វិស្វកម្ម និងម្នាក់ទៀត ចង់រៀនវិទ្យាសាស្ដ្រសេដ្ឋកិច្ច ដោយឡែកថ្លៃការឧបត្ថម្ភ ប្រចាំឆ្នាំ សម្ដេច នាយករដ្ឋមន្ដ្រី បានប្រគល់ការងារនេះ ជូនលោក ហ៊ុន ម៉ានី ជាអ្នករៀបចំចាត់ចែង ។
មន្ដ្រីដែលបាន ចូលរួមជំនួបសំណេះសំណាលខាងលើនេះ បានឱ្យដឹងថា នៅក្នុងការជជែកគ្នា អស់រយៈពេលជាង ២ម៉ោង សម្ដេចនាយករដ្ឋមន្ដ្រី បានកោតសរសើរយ៉ាងខ្លាំង ចំពោះសិស្សឆ្នើមទាំង១១នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ សម្រាប់ ការប្រឡងសញ្ញាបត្របាក់ឌុប ប្រចាំឆ្នាំ២០១៤ ដែលជាឆ្នាំនៃការកំណែទម្រង់ប្រព័ន្ធអប់រំ។
មន្ដ្រីរូបនេះបានបន្ដថា សម្ដេចនាយករដ្ឋមន្ដ្រី បានជំរុញឱ្យសិស្សទាំង១១នាក់ បន្ដខិតខំប្រឹងប្រែងរៀនសូត្រ ចៀសវាងការ រៀនធ្លាក់ ដែលនាំឱ្យប៉ះពាល់ ក៏ដូចជាអ្នកដែលផ្ដួចផ្ដើមគំនិត ឱ្យមានការជួយលើកទឹកចិត្ដ ឧបត្ថម្ភគ្រប់បែបយ៉ាង ទាំងនេះ។
ដោយឡែក ក្នុងចំណោមសិស្សទាំង១១នាក់នោះ មានសិស្សខ្លះ បានលើកឡើងពីបញ្ហាមួយចំនួន របស់គ្រូបង្រៀន នៅតាម ជនបទ ដោយពួកគេស្នើសុំទៅសម្ដេចនាយករដ្ឋមន្ដ្រី ពិនិត្យមើលបញ្ហានេះឡើងវិញ ពីព្រោះគ្រូខ្លះពុំសូវមានសមត្ថភាព ហើយ ជាពិសេសនោះ ពួកគេបានសុំឱ្យសម្ដេច ពិចារណាទៅលើការឧបត្ថម្ភគ្រូតាមជនបទ ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្ដ ក្នុងការ បង្រៀនសិស្ស ។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ដ្រី នឹងយកបញ្ហាទាំងនេះ ទៅពិចារណាថែមទៀត នៅពេលក្រោយ ៕