បន្ទាយមានជ័យ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្ដបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាល ស្រុកស្វាយចេក និង កម្លាំងនគរបាល ពាក់ព័ន្ធ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងចិត្ដទុកដាក់ ដើម្បីតាមចាប់ខ្លួន ជនដៃដល់ ៣នាក់ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ អ្នកយាមដីចំការ ម្នាក់ កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅខាងត្បូងភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ មានអំពើ ឃាតកម្មមួយ បានកើតឡើង បង្កដោយជនល្មើស មានគ្នា ៣នាក់ អាវុធ ១ដើម ដាវសាម៉ូរៃ ២ដើម បានបាញ់និងកាប់ ទៅលើ បុរសម្នាក់ ឈ្មោះ លឹម ខី អាយុ ៤៣ឆ្នាំ ពេលកំពុងយាមដី ចំការឱ្យគេ នៅចំណុចកើតហេតុនោះ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដថា ក្រោយកើតហេតុ និងទទួលបានករណី បាញ់សម្លាប់ខាងលើនេះ រួចភ្លាម ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំងនគរបាល ចុះទៅកាន់ កន្លែងកើតហេតុទាំងយប់ ដើម្បី ធ្វើការស្រាវជ្រាវ និងពិនិត្យផ្ទាល់ ឈានទៅដល់ការចាប់ខ្លួន ជនល្មើស ទាំងបីនាក់ ។
មន្ដ្រីនគរបាលដដែល បានបញ្ជាក់ថា លុះនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំង នគរបាលជំនាញ កម្លាំងនគរបាលអន្ដរាគមន៍ កម្លាំងនគរបាលវរការពារព្រំដែន ៩១១ និងកម្លាំងនគរបាល វរៈ ៨០៧ បានរួមសហការគ្នា ចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល សកម្មភាព ទាំងឡាយ ដែលទាក់ទងទៅនឹងករណីនេះ រហូតដល់កំណត់ មុខសញ្ញាបាន និងតាមស្រាវជ្រាវ ចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការបាញ់ប្រហារ សម្លាប់អ្នកយាមដី ចំការនេះឡើយ៕