ភ្នំពេញ៖ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Quang Vinh បានថ្លែងអះអាងថា ក្រសួងការបរទេសវៀតណាម នឹងធ្វើការផ្លាស់ប្តូរ អ្នកនាំពាក្យស្ថានទូតរបស់ខ្លួន ប្រចាំកម្ពុជា នាពេលខាងមុខនេះ។
ការផ្លាស់ប្តូរនេះ មិនត្រូវបានលោកអនុរដ្ឋមន្រ្តីការ បរទេសវៀតណាមរូបនេះ បញ្ជាក់នោះទេ គ្រាដែលលោក បានចូលជួបសម្តែង ការគួរសមនិងពិភាក្សា ការងារជាមួយលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ។ ប៉ុន្តែគ្រាន់តែ លោក បញ្ជាក់ថា នឹងបញ្ជូនកំណត់ទូតមក ក្រសួងការបរទេសកម្ពុជា នាពេលខាងមុខនេះ។
លោក កុយ កួង បានបញ្ជាក់ថា "វៀតណាមនឹងធ្វើកំណត់ទូត ផ្លាស់ប្ដូរអ្នកនាំពាក្យស្ថានទូត វៀតណាមត្រលប់ទៅប្រទេស គេវិញ។គេគ្រាន់តែបញ្ជាក់ប៉ុណ្ណឹង។
បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកបញ្ហានេះ (ប្រវត្តិដីកម្ពុជាក្រោម) ជំរាបជូនអនុរដ្ឋមន្រ្តី ការបរទេសវៀតណាម។ ហើយឯកឧត្តម ក៏បានលើកឡើងខ្លះ ពីប្រវត្តិដីកម្ពុជាក្រោម"។
លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលត្រូវបានក្រុមសហគមន៍ខ្មែរកម្ពុជាក្រោម បានធ្វើការតវ៉ា ឱ្យមានការសុំទោស ចំពោះការលើកឡើងរបស់លោក ពាក់ព័ន្ធនឹងអតីតដែនដីកម្ពុជាក្រោម ដែលបច្ចុប្បន្នស្ថិតក្រោម ការ គ្រប់គ្រងរបស់ប្រទេសវៀតណាម និងឈានដល់ការដុតទង់ជាតិរបស់វៀតណាម នៅមុខស្ថានទូត ប្រចាំកម្ពុជា៕