រតនគិរីៈ បុរសជនជាតិចិនម្នាក់ ឈ្មោះ ជាន ឃុន អាយុ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ធ្វើផ្លូវជាតិលេខ៧៦ រតនគិរី- មណ្ឌលគិរី ត្រូវបានកម្លាំង អធិការដ្ឋាននគរបាលក្រុងបានលុង ធ្វើការឃាត់ខ្លួន ករណីប្រទូសកេរ្តិ៍ខ្មាស់ កាលពីវេលាម៉ោង១៩ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចផ្ទះឈ្មោះ ហង្ស សូហ្វីន ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
បើតាមមន្ត្រីនគរបាលដែលចុះប្រតិបត្តិការ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងករណីខាងលើរួចមក រហូតដល់ម៉ោង២០ ថ្ងៃដដែល សមត្ថកិច្ចបានចុះទៅឃាត់ខ្លួន ជនសង្ស័យ តាមពាក្យបណ្តឹងស្រ្តីរងគ្រោះ។
ប្រភពពត៌មានខាងលើប្រាប់បន្តទៀតថា ស្ត្រីរងគ្រោះមាន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ធនាគារស្ថាបនា។
ប្រភពពត៌មានខាងលើ បន្ថែមឲ្យដឹងទៀតថា ករណីខាងលើនេះ ផ្តើមឡើងដោយ ជនជាតិចិន ក្នុងសភាព ស្រវឹងស្រា បានដើរទៅទិញភេសជ្ជៈគោជល់ ១កំប៉ុង នៅផ្ទះស្ត្រីរងគ្រោះ ដែលបើកលក់ គ្រឿងទេស ស្របពេលដែលស្ត្រីរងគ្រោះកំពុងឈរ លក់ដូរដូច សព្វដង ស្រាប់តែជនកំហូច នោះឆ្លៀតឱកាស បំពានលើរាងកាយ ប៉ះពាល់ កិត្តិយសសេចក្តីថ្លៃថ្នូរ តម្លៃស្ត្រីខ្មែរ។
ប្រភពពត៌មានក្រៅផ្លូវការបង្ហើបឲ្យដឹងថាករណីខាងលើនេះ រវាងជនសង្ស័យ និងជនរងគ្រោះកំពុងតែធ្វើការ សម្របសម្រួលគ្នា ។ ជាមួយគ្នានេះដែរមជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺណា មួយពីតំណាងអធ្យការ បានទេនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ៕