សៀមរាប ៖ មន្រ្តីអង្គការក្រៅ រដ្ឋាភិបាល និងអាជ្ញាធរ មូលដ្ឋាន បានស្តីបន្ទោស ទៅលើ គម្រោង ការងារសាងសង់ ប្រព័ន្ធធារាសាស្រ្ត របស់ក្រុមហ៊ុនចិន នៅស្រុកស្រីស្នំ ខេត្តសៀមរាបថា ទឹកបានលិចលង់ ស្រូវវស្សារបស់ ប្រជាពលរដ្ឋ ជាង១០០០ហិចតា ដែលបណ្តាលមកពី ក្រុមការងារ របស់ក្រុមហ៊ុនចិន និងក្រុមការងារ ក្រសួងធនធានទឹក ជីកប្រឡាយ ហើយបិទមុខទឹក មិនឲ្យហូរចេញ ។
ចំពោះការរិះគន់ របស់មន្រ្តី អង្គការក្រៅ រដ្ឋាភិបាល និងអាជ្ញាធរ មូលដ្ឋាន ខាងលើនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ ក្រសួង ធនធានទឹក ដែលមានជំនាញលើ ប្រព័ន្ធធារាសាស្រ្ត ចេញមកពន្យល់ និងបក ស្រាយថា ក្រសួងមិនបានព្រងើយកន្តើយនោះឡើយ ខណៈការងារត្រូវបានធ្វើ តាមដំណាក់កាល ។
លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា «រឿងប្រព័ន្ធធារាសាស្រ្ត គេធ្វើមិនដែលអត់ មានការសិក្សា ពីមុននោះទេ គេមានការសិក្សា ប៉ុន្តែស្ថិត ក្នុងដំណាក់កាល សាងសង់នៅឡើយ»។
លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា «ធម្មតានៅពេលដែល កំពុងសាង់សង់ ច្បាស់ជាមានផលប៉ះពាល់ ប៉ុន្តែគេមិនដែលមើល នឹងភ្នែកនោះឡើយ កន្លែងប៉ះពាល់ គេមានសំណង់សិល្បះការ ដូចជា សំណង់ដោះទឹក សំណង់ទទួលទឹក សំណង់បែកចែកទឹក និងសំណង់ស្ទាក់ទឹកជាដើម។ តែនេះយើង កំពុងធ្វើការប្រឡាយ នៅឡើយទេ ហើយសំណង់សិល្បះការ ដោះទឹកទាំងនោះ យើងនឹងធ្វើ នៅដំណាក់បន្ទាប់»។
សូមបញ្ជាក់ថា ការចេញមកពន្យល់ របស់មន្រ្តីជំនាញ ក្រសួងធនធានទឹក បានធ្វើឡើងក្រោយពី មានការ លើកឡើងរបស់ លោក ឃឹម សុផាណ្ណា ទីប្រឹក្សាអង្គការសេដាក បានប្រាប់គេហទំព័រ ក្នុងស្រុកមួយថា ប្រព័ន្ធធារាសាស្រ្ត ដែលក្រុមហ៊ុនចិន សាងសង់នៅស្រុកស្រីស្នំនោះ ធ្វើឡើងដោយមិនបានសិក្សា ពីប្រព័ន្ធផ្លូវទឹកធម្មជាតិ ។
លោកថា ការអភិវឌ្ឍ ប្រព័ន្ធធារាសាស្រ្ត ត្រូវសិក្សាពីមុខទឹក ដែលហូរធ្លាក់មកទំនាបឲ្យ បានច្បាស់ ទើបមិនធ្វើឲ្យប៉ះពាល់ ដល់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ ហើយ តាមលក្ខណះ បច្ចេកទេស ការធ្វើប្រព័ន្ធប្រឡាយទឹក ត្រូវតែមានកន្លែងបង្ហៀរទឹក ដើម្បីឲ្យទឹកហូរធ្លាក់ ទៅតំបន់ទំនាប ដែលទទួលផល ទាំងនៅក្រោមទំនប់ និងលើទំនប់ ។
បើតាមអាជ្ញាធរ មូលដ្ឋាន ស្រូវរបស់ប្រជាពលរដ្ឋ ជាង១ពាន់ហិចតា នៅឃុំចំនួន៥ របស់ស្រុកស្រីស្នំ ត្រូវបានលិចលង់ រយះពេល៥ថ្ងៃមកហើយ ហើយ២០ភាគរយត្រូវរលួយ។
ជុំវិញករណីនេះ លោក ចាន់ យុត្ថា បានបន្តថា ចំពោះ បញ្ហាដែលកើតមានឡើង នៅចំពោះមុខនេះ ក្រុមការងារ របស់ក្រសួង ដែលមាន លោក វេង សាខុន រដ្ឋលេខាធិការក្រសួង និងជាប្រធានគម្រោង បាននិងកំពុងមានវិធានការណ៍ ដោះស្រាយហើយ ទំរាំការធ្វើសំណង់ដោះទឹក នឹងត្រូវធ្វើឡើង នាពេលខាងមុខ ហើយម្យ៉ាងទៀត នៅពេលនេះជារដូវវស្សាទៀតផង ដូច្នេះវាជៀសមិនរួចនោះ ចំពោះផលប៉ះពាល់ ។
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបញ្ជាក់ថា រាល់ផលប៉ះពាល់ ចំពោះការសាងសង់ ប្រព័ន្ធធារាសាស្រ្ត នៅក្នុងប្រទេសកម្ពុជា គឺក្រុមការងារ បានសិក្សាយ៉ាងហ្មត់ចត់ និងល្អិតល្អន់ ៕