តាកែវ៖ ប្រជាកសិករ ដែលកំពុងជួបគ្រោះរាំងស្ងួត ជាច្រើនពាន់គ្រួសារ រស់នៅក្នុងភូមិត្នោតជុំ ភូមិត្រពាំងស្លា និងមួយក្បែរៗនោះមួយទៀត ក្នុងឃុំសំបួរ និងឃុំធ្លោក ស្រុកទ្រាំងខេត្តតាកែវ នារដូវវស្សាឆ្នាំនេះ យំមិនចេញទឹកភ្នែកឡើយ ព្រោះតែមិនអាចបង្កបង្កើតផលស្រូវ បានដោយសារតែខ្វះទឹក។
តាមពិតទៅនៅតំបន់នោះ មានប្រភពទឹកបឹង និងមានប្រឡាយដែល ក្រុមការងាររបស់គណបក្សប្រជាជន ជីក តែគ្មានម៉ាស៊ីនបូមទឹក ដើម្បីបូមពីបឹងដាក់ក្នុងប្រឡាយមក ឲ្យប្រជាកសិករបង្កបង្កើតផលនោះទេ។ ដូច្នេះពួកគាត់មានតែម្រាមដៃដប់ សំពះស្នើដល់ក្រសួងធនធានទឹក ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន មានលោកទេសរដ្ឋមន្ត្រី លឹម គានហោ ជារដ្ឋមន្ត្រីដែលតែងតែ ចុះជួយបូមទឹកជូនប្រជពលរដ្ឋ ជួបគ្រោះរងរាំស្ងួត មេត្តាជួយពួកគាត់ផង។
ប្រជាពលរដ្ឋភូមិត្នោតជុំ ដែលគេដឹងថា នាពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រកាលពីឆ្នាំ ២០១៣ ដែលបក្សប្រជាជ នឈ្នះឆ្នោតសំឡេងឆ្នោតលើសលុប ហើយបក្សប្រឆាំងស្ទើររកសំឡេងមួយស្លឹកគ្មាននោះ ពេលនេះកំពុងតែជួបទុក្ខយ៉ាងខ្លាំង ក៏ព្រោះតែគ្មានទឹកធ្វើស្រែ ពួកគាត់និយាយថា មិនត្រូវការអំណោយអ្វីទេ សុំតែរាជរដ្ឋាភិបាល ជួយដោះស្រាយជួយបូមទឹកឲ្យពេញប្រឡាយ អាចពួកគាត់ធ្វើស្រែបាន ពួកគាត់សប្បាយរីករាយខ្លាំងណាស់ទៅហើយ មិនចង់បានអ្វីលើសពីនេះទេ។
លោក អ៊ុំ កេស ប្រជាពលរដ្ឋរស់នៅភូមិត្នោតជុំ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា «ឆ្នាំនេះដល់រដូវធ្វើស្រែ ចំការ ហើយគ្មានភ្លៀងមួយមេសោះដីស្ងួតជ្រើង បើតែបែបនេះ កុំថាឡើយបាយហូប សូម្បីតែស្រូវពួជសម្រាប់ ឆ្នាំក្រោយក៏អត់ដែរ។ ក្នុងបឹងមានទឹក ប្រឡាយមាន តែអត់ម៉ាស៊ីនធំ បូមទឹក »។
លោក អ៊ុំ កេស និយាយទៀតថា ឆ្នាំទៅរាំងដែរ តែមានក្រុមការងារបក្ស បានដាក់ម៉ាស៊ីនបូមទឹក ធ្វើឲ្យពួកយើងមានទឹកធ្វើស្រែ។ នៅទីនេះមិនចង់បាន អំណោយអ្វីទេសូមតែមានទឹកធ្វើស្រែ ទៅសប្បាយចិត្តណាស់ទៅហើយ»។
លោក អោម នឿន កសិកររស់ក្នុងភូមិត្នោតជុំ ដែលពឹងផ្នែកលើរបរធ្វើស្រែចំការ ក៏បានថ្អូញថ្អែរ ដូចគ្នាផងដែរ ថា «ដោយសារតែអត់ទឹកធ្វើស្រែក ភ្លៀងក៏គ្មាន កសិករនៅទីនេះ សុខចិត្តជួយត្រាក់ទ័រគេ វាយដីដែលស្ងួតហែងរបស់ពួកគាត់ រួចបានគ្រាប់ស្រូវចោល ក្រែងលោមានភ្លៀងរលឹមៗ ស្រូវដុះ បើមិនធ្វើដូច្នេះទេ គ្មានជម្រើសផ្សេងឡើយ»។
ប្រជាកសិកររស់នៅត្នោតជុំទាំងអស់សង្ឃឹម និងជឿជាក់ថា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លឹម គានហោ នឹងជួយអន្តរាគមន៍ បញ្ជាឲ្យសហការីរបស់ខ្លួន ចុះពិនិត្យមើលលទ្ធភាព ជួយបូមទឹក ជួនពួកគាត់ ដើម្បីបានធ្វើស្រែទាន់រដូវ ស្របទៅតាមអានុសាសន៍ ដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុន សែន មានបានប្រសាន៍ថា ទុក្ខលំបាករបស់ប្រជាជនកម្ពុជា គឺជាទុក្ខលំបាក់របស់សម្តេច ។ សម្តេចនឹងមិនទុកឲ្យ ប្រជាជនខ្មែរម្នាក់ស្លាប់ដោយសារអត់បានឡើយ។
គួរជម្រាបថា នាពេលកន្លងមកគេតែងតែឃើញក្រសួងធនធានទឹក នៅពេលទទួលបានដំណឹង ពីប្រជាពលរដ្ឋជួយគ្រោះរាំងស្ងួតតែងតែ ចុះពិនិត្យទឹកបូមទឹកជួយប្រជាពលរដ្ឋ ដល់ដើម្បីអាច បង្កបង្កើតផលស្រូវ បានជាហូរហែរមិនថានៅខេត្តណាឡើយ។ សកម្មភាពរបស់ ក្រសួងធនធានទឹកបែបនេះ ត្រូវបានគេមើលឃើញថា មិនត្រឹមតែជួយដល់ជីវភាពរស់នៅ របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងស្របតាមយុទ្ធសាស្ត្រ ជំរុញផលិតកម្មស្រូវ និង នាំចេញអង្កររបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះយដែរ៕