ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកបណ្ឌិត រដ្ឋមន្ត្រី អ៊ិត សំហេង អញ្ជើញទទួលជួប សម្តែងការគួរសម និងសវនាការ ការងារជាមួយ គណៈកម្មការ ទី៨ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោកស្រី មាន សំអាន ប្រធានគណៈកម្មការ ។
លោកស្រី មាន សំអាន មានប្រសាសន៍កោត សរសើរចំពោះ សមិទ្ធផល ដែលជាស្នាដៃ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងមក ហើយក្នុងនោះ កិច្ចសហការ និងស្នាដៃរបស់ក្រសួង ដែលបានខិតខំ អនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោល ដៅអភិវឌ្ឍន៍ សហសវត្សន៍ ។
លោកស្រីបានបន្តទៀតថា គោលបំណងក្នុងកិច្ច សវនាការ នេះ គឺគណៈកម្មការទី៨ នៃព្រឹទ្ធសភា ចង់សិក្សាស្វែងយល់អំពី ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គោលនយោបាយ ផែនការសកម្មភាព របស់ក្រសួង ដែលកំពុងអនុវត្ត និងទិសដៅបន្ត ។
លោកបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវ អំណរអរគុណ ចំពោះលោកស្រីប្រធាន គណៈកម្មការទី៨ ដែលបានលើកទឹកចិត្ត និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសង្គមកិច្ច នៅក្នុងការអនុវត្ត នូវរាល់ភារកិច្ចរបស់ក្រសួង ក្នុងរយៈពេលកន្លងមក ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះសមិទ្ធផល នានាដែលសម្រេចបាន ទាំងអស់នេះ គឺបានមកពីការដឹក នាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណសម្រាប់ជា ត្រីវិស្ស័យ ។ ដោយឈរលើ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណនេះ ក្រសួងក៏បានរៀបចំនូវ កម្មវិធីការងាររបស់ខ្លួន ហើយអនុវត្តជា បន្តបន្ទាប់ដោយ ទទួលបាននូវលទ្ធផលផ្លែផ្កា ជាច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងការផ្តល់ សេវាសង្គមកិច្ច ជូនដល់ ប្រជាពលរដ្ឋ និងអ្នកដែលត្រូវទទួល សេវាពីក្រសួង ។
លោក អ៊ិត សំហេង ក៏បានលើកឡើង នូវចំណុចសំខាន់ៗ ដោយសង្ខេបជូនដល់ គណៈកម្មការ អំពីសមិទ្ធផល នានារបស់ក្រសួង បញ្ហា ប្រឈម និងទិសដៅ ក៏ដូចជាសំណូមពរមួយចំនួន ដែលត្រូវដោះស្រាយ ។ លោករដ្ឋមន្ត្រី បានគូស បញ្ជាក់ទៀតថា ក្រសួងកំពុងតែអនុវត្តនូវ ទិសដៅអាទិភាព ៦យ៉ាង ដែលបានកំណត់ រយៈពេល ៥ឆ្នាំ ២០០៨-២០១៣ ដែលឆ្នាំនេះជាឆ្នាំទី៤ នៃការអនុវត្តទិសដៅអាទិភាពទាំងនេះ ។
ក្នុងអាទិភាព ៦ចំណុច នេះ គឺសំដៅ អនុវត្តនូវភារកិច្ចទាំង៣ លើវិស័យសង្គមកិច្ច វិស័យអតីតយុទ្ធជន និងវិស័យយុវនីតិសម្បទា ដែលកំណត់នៅក្នុង ច្បាប់ស្តីពីការបង្កើត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយអាទិភាពទាំង ៦ យ៉ាង នោះរួម មាន៖ ១.ពង្រឹងពង្រីកសេវាសុខុមាលភាព សង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ ២.ពង្រឹងពង្រីក សេវាសុខុមាល ភាពកុមារ និងយុវនីតិសម្បទា ៣.ពង្រឹងពង្រីក សេវាសុខុមាលភាព ជនពិការ និងស្តារលទ្ធភាពពលកម្ម ៤.ពង្រឹង ពង្រីករបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ប្រជាជនទូទៅ និងសុខុមាលភាព មនុស្សចាស់ ៥.ពង្រឹង ពង្រីករបបសន្តិសុខសង្គម និងសុខុមាលភាព នៃអតីតយុទ្ធជន និងទី៦.ពង្រឹងពង្រីកសមត្ថភាព ស្ថាប័នភាពជា ដៃគូកៀរគរប្រភព ធនធាន បង្កើនប្រសិទ្ធភាព នៃសេវាសង្គមកិច្ច ៕