ត្បូងឃ្មុំៈ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានចំនួន៤នាក់ រួចមកនោះ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ បានឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន២នាក់ទៀត សរុបទាំងអស់មានចំនួន៦នាក់ ពាក់ព័ន្ធនឹងករណី វាយសម្លាប់យុវជនម្នាក់ ប្លន់យកម៉ូតូ កាលពីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ដីឡូត៍កៅស៊ូ ១០៧ ប៉េ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ តាមជំនាញរបស់ខ្លួនរួចមក កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់បន្ថែមទៀត ក្រោយពីចាប់ខ្លួនបាន៤នាក់ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ ហើយនៅថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ច នគរបាល បានរកឃើញម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបាន យកទៅលាក់នៅក្រោយ ផ្ទះក្នុងចំការកៅស៊ូ ។
លោកឧត្តមសេនីយ៍ម៉ៅ ពៅ បានបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀតឈ្មោះ ពិន សុចិត្រា បាននឹងកំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច បាននឹងកំពុងធ្វើការស្រាវជ្រាវដើម្បី តាមចាប់ខ្លួនជនសង្ស័យ ឈ្មោះ ពិន សុចិត្រា ក៏ជាប់ពាក់ព័ន្ធក្នុងករណី ខាងលើនេះដែរ។
សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាជវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូ បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់ កាលពីប្រមាណម៉ោង ១១យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅនៅឡូតី៍កៅស៊ូ107B ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ៕