ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ដែលល្បីឈ្មោះប្រចាំ ប្រទេសថៃ កញ្ញា Pancake Khemanit Jamikorn បានមកដល់ ប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នេះ និងជាលើកទី១ សម្រាប់ការធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ។ ជាការកត់សម្គាល់ គ្រាន់តែនាងមកដល់ ទឹកដីកម្ពុជាភ្លាម អ្វីដែលនាងចាប់ផ្ដើមធ្វើមុនគេ គឺការងារមនុស្សធម៌ ដោយនាង និងក្រុមការងារ បានយកអំណោយ ទៅចែកជូនដល់កុមារកំព្រា នៅក្នុង"អង្គការកុមារកំព្រាសំរោង" ។
នៅរសៀលថ្ងៃដដែល បន្ទាប់ពីតារាសម្តែងល្បីឈ្មោះថៃ កញ្ញា Pancake បានចុះពីលើយន្តហោះភ្លាម នាងបានប្រញាប់ប្រញាល យកអំណោយទៅចែក ជូនកុមារកំព្រា នៅអង្គការ មួយមានឈ្មោះថា "អង្គការកុមារកំព្រាសំរោង" ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកុមារកំព្រា នៅទីនោះចំនួន៦៧នាក់ ។
បើតាម លោក ឡុង ប៊ុនហេង ដែលជាជំនួយការផ្ទាល់ របស់ម្ចាស់ក្លឹប RCA ដែលជាអ្នករៀបចំ កម្មវិធី និងជាអ្នក អញ្ជើញតារាថៃរូបនេះ មកកាន់កម្ពុជា បានប្រាប់ឲ្យដឹងថា តាមគម្រោង កញ្ញា Pancake ចង់យកអំណោយ ទៅចែកជូនកុមារ កំព្រាចំនួន៣កន្លែង ផ្សេងទៀត សម្រាប់ដំណើរដែលនាង មកកម្ពុជានេះ ប៉ុន្តែដោយសារ ពេលវេលាខ្លីពេក មិនអាចរៀបចំ ឲ្យទាន់ពេល ទើបនាងចុះមកចែក នៅអង្គការមួយនេះ ។ សម្រាប់អង្គការ២ទៀត គឺតារាស្រីរូបនេះ មិនបានចុះផ្ទាល់ទេ ពោលគ្រាន់តែផ្ញើរអំណោយ ទៅចែកជូនតែប៉ុណ្ណោះ៕