ភ្នំពេញ៖ សមាជិកកាកបាទ ក្រហមកម្ពុជា និងបុគ្គលិកមន្ត្រីរាជការ នៃសាលារាជធានីភ្នំពេញ ក្រុមកាយរិទ្ធី យុវជនកាកបាទក្រហម ក្រុមសមាគមម៉ូតូរ៉ឺម៉កកង់បី កម្លាំងសណ្តាប់ខណ្ឌដូនពេញ ប្រមាណ ៨០០នាក់ បានសហការជា មួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដើម្បីប្រារព្ធពិធីបរិច្ចាគ ឈាម ដោយស្មគ្រ័ចិត្ត ក្រោមប្រធានបទ «រៀនវិជ្ជាសង្គ្រោះបឋម គឺជាវីរៈជន» ដែលប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅបរិវេណទីលានប្រជាធិបតេយ្យ ក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុនទឹកពិសា វីតាល់ ។ កម្មវិធីនេះអាចប្រារព្ធឡើង ក្រោម អធិបតីយភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក Takeru Fukawa ប្រត្តិភូកាកបាទក្រហម ប្រទេសជប៉ុន ។
នេះគឺជាលើកទីពីរហើយ ដែលកាកបាទក្រហមកម្ពុជា ប្រារព្ធពិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត បន្ទាប់ពី ទទួលបានភាពជោគជ័យ ក្នុងការប្រមូលប្លោកឈាម សប្បុរសរហូតដល់ទៅជាង ១០០ប្លោក កាលពីខែវិច្ឆិកាឆ្នាំមុន ។
លោក ឆេ យ៉ត មន្ត្រីគម្រោងសង្គ្រោះបឋម និង ជាអ្នកសម្រកសម្រួល កម្មវិធីបានឲ្យដឹងថា ក្នុងកម្មវិធីឆ្នាំ នេះ នឹងផ្តល់ជូនអ្នកចូលរួមទាំងឡាយ មិនត្រឹមតែចំណេះដឹង ស្តីពីការបរិច្ចាគឈាម ដោយសុវត្ថិភាព នោះទេ ពួកគេក៏នឹងទទួលបានផងដែរ នូវចំណេះមួយចំនួន ទាក់ទងនឹងអត្ថប្រយោជន៍ នៃវិជ្ជា សង្រ្គោះ បឋម ផងដែរ កម្មវិធីបរិច្ចាគឈាមលើកនេះ គឺរំពឹងថា អាចនឹងទទួលបាន ឈាមសប្បុរសច្រើន ជាងមុន ៤ដង (យ៉ាងតិច៤០០ប្លោក)ដើម្បីផ្គត់ផ្គង់ដល់តម្រូវការឈាម ដែលកំពុងតែមានការខ្វះខាត ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសម្តែងសេចក្តីថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីសាលារាជធានី ជាពិសេសសមាជិកកាកបាទក្រហមទាំងអស់ ដែលមានចិត្តសប្បុរសធម៌ក្នុងការផ្តល់ឈាម រួមទាំងបានចែករំលែកនូវចំណេះ ដឹងដ៏មានសារៈសំខាន់ ទាក់ទងនឹងចំណេះដឹង សង្រ្គោះបឋម ។
លោក ក៏បានថ្លែងអំណរគុណផងដែរ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវ ការឈាម ជាចាំបាច់ ទូទាំងប្រទេស ។
លោក ប៉ា សុជាតិវង្ស ក៏បានប្ដេប្តេជ្ញាចិត្តក្នុង ការបន្តគាំទ្រដល់ កម្មវិធីបរិច្ចាគឈាម ហើយក៏នឹងបង្កើតឲ្យមានកម្មវិធីផ្តល់ឈាមបែបនេះ ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក៏បានឲ្យដឹងដែរថា ក្នុងនាមមជ្ឈ មណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកក្របាទ ក្រហមរាជធានីភ្នំពេញ ដែលបានគាំទ្រ និងជំរុញលើកកម្ពស់ ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត មិនគិតកម្រៃនៅរាជធានី។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ផងដែរថា ការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម នៅរាជធានី ភ្នំពេញ ពិតជាបានជួយសង្រ្គោះដល់ជនរងគ្រោះ អ្នកជម្ងឺទាំងអស់នៅទូទាំងប្រទេស ដោយហេតុថា ឈាមដែលបានផ្គត់ផ្គង់ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានរហូតដល់៦០% នៃការផ្គត់ផ្គង់នៅទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋ មួយចំនួនធំបាន បញ្ជូនមកធ្វើការព្យាបាល នៅរាជធានីភ្នំពេញ។ ដូច្នេះ រាជធានី ភ្នំពេញ ពិតជាមានមោទនភាព ក្នុងជួយសង្រ្គោះ ទាំងការជួយសង្រ្គោះបឋម និងការជួយសង្រ្គោះ តាមការចាក់បញ្ចូលឈាម។
លោកហុក គឹមចេង បានឲ្យដឹងថា ឈាមប្រមាណ១៥០ប្លោក ត្រូវការសង្រ្គោះជីវិត អ្នកជំងឺជារៀង រាល់ថ្ងៃ។
ដើម្បីលើកទឹកចិត្តដល់សកម្មភាពមនុស្សធម៌ក្នុងសង្គម និងសប្បុរសជន ដែលបានផ្តល់ឈាមដោយស្ម័គ្រ ក្រុមហ៊ុនទឹកពិសា វីតាល់បានផ្គត់ផ្គង់ទឹកវីតាល់ ចំនួន៦ដបរួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាតមួយ សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើ ការឧបត្ថម្ភទឹកវីតាល់ក្នុងការប្រើប្រាស់ក្នុងកម្មវិធីទាំងមូល។
ទាក់ទងនឹងការជួយឧបត្ថម្ភធំនេះផងដែរ លោក ជុងហៀង ថាវសិទ្ធិ នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន បានមានប្រសាសន៍ថា ក្រុមហ៊ុន វីតាល់បានសហការនិង ឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមជាច្រើនឆ្នាំមកហើយដោយផ្អែកលើ មូន្និធិ២៥៛ របស់វីតាល់។
លោកនាយកក៏បាន បន្ថែមផង ដែរថា ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនវីតាល់ពិតជារីករាយ ក្នុងការឧបត្ថម្ភទៅដល់កម្មវិធីផ្តល់ ឈាមនៅ តាមស្ថាប័នរដ្ឋនានា ដួចជា ក្រសួងមហាផ្ទៃ សាលានាយទាហានសកម្ម កងបញ្ជូនសារ ហើយលើក នេះគឹសាលារាជធានីភ្នំពេញ និងកាកបាទក្រហមកម្ពុជាទៀត។ សកម្មភាពទាំងនេះ បានបញ្ជាក់ឲ្យ ឃើញកាន់តែច្បាស់ ថាបុគ្គលិក មន្ត្រីរាជការ របស់ប្រទេសកម្ពុជា គឺបាននឹងកំពុងតែ ចូលរួមយ៉ាង សកម្មក្នុង សកម្មភាពសប្បុរសធម៌ ដើម្បីជាគំរូ និង លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋដទៃទៀត យកគំរូតាមផងដែរ ៕