ដោយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងលោក ប៉ោ សេដ្ឋា និពន្ធនាយករងវិទ្យុ ដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញាបត្រមន្រ្តីរដ្ឋបាល «ជំនាន់កសាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)
ភ្នំពេញ៖ មុននឹងបញ្ចេញទស្សនៈទៅលើខ្លឹមសារនៃការអនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ខ្មែរ ចាក់ផ្សាយភាពយន្តថៃ ឡើងវិញ គឺភាគីខ្មែរ ជាអ្នកចាញ់ប្រៀបនោះ យើងសូមរំលឹកឡើងវិញនូវព្រឹត្តិការណ៍ដែលនាំឲ្យ មានការផ្អាកមិនបាន ធ្វើការចាក់ផ្សាយភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ខ្មែរកន្លងមក។
កាសែតក្នុងស្រុកដែលមានឈ្មោះថា «រស្មីអង្គរ» ច្បាប់ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៣ បានចុះផ្សាយថា តួឯកកុនសៀម ស៊ូវ៉ាន់ណន្តគង់យីង: SuvanantKongying (ទស្សនិកជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក)បាននិយាយថា កម្ពុជាបានលូចប្រាសាទអង្គរវត្ត របស់សៀម។ កាសែតនេះបានបញ្ជាក់ថា ព័ត៌មាននេះ គឺបានមកពីអ្នកជាតិនិយមខ្មែរ រស់នៅប្រទេសសៀម បានឃើញនាងផ្កាយព្រឹក និយាយ លើទូរទស្សន៍សៀមប៉ុស្តិ៍លេខ ៧ប៉ុន្តែគ្មានអ្វីជាក់ស្តែង អំពីប្រភពព័ត៌មានពិត នៃពាក្យសំដីរបស់តួឯកភាពយន្តរូបនេះឡើយ។
ដោយដឹងដំណឹង អំពីកាសែតខ្មែរចោទដូចនេះ តួឯកកុនថៃ នាងផ្កាយព្រឹក បានបដិសេធលើកញ្ចក់ទូរទស្សន៍សៀម តបថា នាងមិនបានថាដូចបានត្រូវចោទនោះទេ ប៉ុន្តែទោះយ៉ាងណា ក៏សូមអភ័យទោស ចំពោះទស្សនិកជនខ្មែរ បើមានការឆ្គាំឆ្គង។វិទ្យុខ្មែរ និងប្រព័ន្ធផ្សព្វផ្សាយខ្មែរ បានផ្សព្វផ្សាយបន្តបន្ទាប់នូវព្រឹត្តិការណ៍នេះ ព្រមទាំងបានថតចម្លង អត្ថបទកាសែត“រស្មីអង្គរ” ចែកផ្សាយតាមសាលានានាទៀតផង។
ដោយមានការញុះញង់ កុប្បកម្មប្រឆាំងស្ថានទូតសៀម បានកើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ពីក្រុមកុបករ បានលុកចូលស្ថានទូតថៃ និងវាយបំផ្លាញ អគារពាណិជសៀមមួយចំនួន នៅភ្នំពេញ ដូចជាក្រុមហ៊ុនអាកាសចរសៀម និងក្រុមហ៊ុនស៊ីណ (ដែលជាកម្មសិទ្ធិ របស់គ្រួសារអតីតនាយករដ្ឋមន្ត្រីសៀម ស៊ីណាវ៉ាត្រា) ។
រាជរដ្ឋាភិបាលថៃ បានបិទទាំងអស់នូវច្រកទ្វារព្រំដែន ខ្មែរ-សៀម, តំលៃទំនិញនៅកម្ពុជាពេលនោះឡើងថ្លៃ ២ដង, បញ្ហាសង្គមខ្មែរវឹកវរ ព្រោះសៀមបានបញ្ជូនកម្មករខ្មែរធ្វើការខុសច្បាប់ រាប់ម៉ឺននាក់ឲ្យកម្ពុជាវិញ,…។ថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៣ ច្រកទ្វារព្រំដែនខ្មែរ-សៀម ត្រូវបានបើកទាំងអស់ឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រម សងការខូចខាតស្ថានទូតថៃ ចំនួន ៦លានដុល្លារអាម៉េរិក និងសន្យាសងការខូចខាត អគារពាណិជកម្មថៃនានា សរុប ទាំងអស់ជាង ៦០លានដុល្លារអាម៉េរិក ។
ចាប់តាំងពីពេលនោះមកខ្សែភាពយន្តថៃ បានចាកចេញពីក្រសែភ្នែករបស់ទស្សនិកជនខ្មែរ ជាបណ្ដើរៗ ជាពិសេសបាត់ ពីកញ្ចក់ទូរទស្សន៍ខ្មែរទាំងស្រុង។
គិតមកដល់ឆ្នាំ២០១៤ នេះ គឺមានរយៈពេលប្រមាណ ១១ឆ្នាំ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ របស់រាជរដ្ឋាភិបាល កម្ពុជា បានអនុញ្ញាតឲ្យមានការចាក់ផ្សាយ ភាពយន្តភាគថៃឡើងវិញ នៅតាមកញ្ចក់ទូរទស្សន៍ខ្មែរ ហើយមហាជនខ្មែរ ពិសេសសិល្បករខ្មែរ ស្ទើរតែទាំងអស់ បានឆ្ងល់ថាតើក្រសួងវប្បធម៌ បានគិតពិចារណាវែងឆ្ងាយកម្រិតណា មុននឹង អនុញ្ញាតឲ្យមានការចាក់ផ្សាយ ភាពយន្តថៃឡើងវិញ? តើក្រសួងវប្បធម៌ និងក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការស្ទង់មតិ ពីប្រជាពលរដ្ឋរបស់ខ្លួន ពិសេសអ្នកសិល្បៈរបស់ខ្លួនជុំវិញរឿងនេះ ដែរឬទេ? តើក្រសួងពិតជាមានចេតនាចង់ឲ្យ ប្រវត្តិសាស្រ្ត ជូរចត់ច្រំដែរៗមួយនេះ វិលត្រឡប់មកវិញ ឬយ៉ាងណានៅពេលដែលកន្លងមក តារាថៃធ្លាប់មើលងាយ មកលើវប្បធម៌របស់ខ្មែរនោះ ?
សំណួរក៏ដូចចម្ងល់ទាំងអស់ខាងលើនេះ យើងមិនអាចឆ្លើយជំនួសក្រសួង និងស្ថាប័នពាក់ព័ន្ធបានទេ ប៉ុន្តែយើងមើល ឃើញថា ការអនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ខ្មែរ ចាក់ផ្សាយភាពយន្តភាគថៃឡើងវិញ នាពេលនេះគឺភាគីខ្មែរជាអ្នកចាញ់ ប្រៀបដែលមានចំណុចដូចខាងក្រោម ៖
ទោះបីមានសារព័ត៌មានខ្លះ បានចុះផ្សាយថា នាងស៊ូវ៉ាន់ណន្តគង់់យីង (ផ្កាយព្រឹក) បាននិយាយតាមកញ្ចក់ទូរទស្សន៍ថៃ ដោយឆ្លើយតបថា នាងមិនបាននិយាយដូចការចោទនោះទេ ប៉ុន្តែទោះយ៉ាងណា ក៏សូមអភ័យទោសចំពោះទស្សនិកជន ខ្មែរ បើមានការឆ្គាំឆ្គងក៏ដោយ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រជាជនខ្មែរ សិល្បករខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា មិន ទាន់បានឃើញពីការឆ្លើយតបជាផ្លូវការណាមួយ របស់តារាថៃរូបនេះ ក៏ដូចក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាលថៃដែរ ចំពោះព័ត៌មាន ដែលបានចោទទៅលើនាងផ្កាយព្រឹក បាននិយាយថា កម្ពុជាបានលូចប្រាសាទអង្គរវត្តរបស់សៀមនោះ។
រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមសងការខូចខាតស្ថានទូតថៃចំនួន ៦លានដុល្លារអាម៉េរិកដោយសារការវាយដុត បំផ្លាញពីសំណាក់កុបករ និងងការខូចខាត អគារពាណិជកម្មថៃនានា សរុបទាំងអស់ជាង ៦០លានដុល្លារអាម៉េរិកទៀត ដែលលុយទាំងអស់នោះ ជាកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ។
វប្បធម៌ប្រទេសកម្ពុជា និងប្រទេសថៃ មានចំណុចខ្លះដូចគ្នា និងចំណុចខ្លះទៀតស្រដៀងគ្នា ដែលនាំឲ្យប្រជាជនខ្មែរ បែងចែកមិនច្បាស់លាស់ រួចនាំឲ្យយល់ច្រឡំនូវវប្បធម៌របស់ខ្លួនសោះ ថារបស់ថៃ ឬរបស់ប្រទេសផ្សេង ក៏ថារបស់ថៃ ទៅវិញ។ ឧទាហរណ៍បង្អែមសៀម (បង្អែមគ្រប់មុខ), ភ្លេងសៀម (ភ្លេងពិណពាទ្យ)...។ល។
ជាការពិត យើងក៏ទទួលស្គាល់ថា ពុំមានប្រទេសណាមួយដែលអាចគេចផុតពីការទទួលឥទ្ធិពល ការឆ្លង ឬចម្លងយក វប្បធម៌ពីបរទេសឡើយ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជាខ្លួនឯង ក៏ត្រូវយល់និងដឹងឲ្យបានច្បាស់ថា វប្បធម៌ របស់ខ្លួនកំពុងស្ថិតនៅត្រង់ចំណុចណា? ខ្លាំងកន្លែងណា ខ្សោយកន្លែងណា? មុននឹងបើកចំហឲ្យវប្បធម៌ប្រទេសនានា មកផ្សព្វផ្សាយនៅលើប្រជាជនរបស់ខ្លួន ដែលគោលបំណងរបស់គេ គឺសាបព្រោះវប្បធម៌របស់គេ លើស្មារតី លើព្រលឹង របស់ប្រជាជនខ្មែរ។
ចំពោះការបើកចំហឲ្យវប្បធម៌ នៃជាតិសាសន៍ដទៃ ចូលមកផ្សព្វផ្សាយនៅលើទឹកដីកម្ពុជា ក្នុងគោលបំណង ដើម្បីលើក ទឹកចិត្តឲ្យសិល្បករ សិល្បការិនីខ្មែរ ធ្វើការប្រកួតប្រជែងស្នាដៃសិល្បៈជាមួយគេនោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងក៏ដូច ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវស្គាល់វិស័យសិល្បៈរបស់ខ្មែរផងដែរ ថាបច្ចុប្បន្នស្ថិតនៅក្នុងកំរិតណា? ពាក្យថា «ប្រកួតប្រជែង» នៅក្នុងក្របខណ្ឌសិល្បៈ ក៏មិនខុសពីកីឡាដែរ មុននឹងបញ្ជូនកីឡាករ ទៅប្រកួតជាមួយគេ កីឡាករនោះ ក៏គេត្រូវឲ្យ ហ្វឹកហាត់ ថែបំប៉នសុខភាពជាមុនដែរបើចាញ់ ក៏កុំឲ្យចាញ់បាក់មុខបាក់មាត់ខ្លាំងពេក។ ចុះចំពោះវិស័យសិល្បៈខ្មែរវិញ ពិសេសវិស័យភាពយន្តនេះតែម្តង តើកម្ពុជាបានរៀបចំខ្លួនបែបណាហើយនាពេលនេះ? តើមានសិល្បករ សិល្បការិនីខ្មែរ ប៉ុន្មាននាក់ ដែលបានឆ្លងកាត់សាលារៀនត្រឹមត្រូវ? តើកម្ពុជាមានសាលារៀនផ្នែកវិស័យភាពយន្តហើយឬនៅ បច្ចុប្បន្ន នេះ?
បើតាមការសិក្សាលើផ្នែកសង្គមវិជ្ជាខ្មែរ គេបានដឹងហើយថា ប្រជាជាតិខ្មែរ គឺជាមនុស្សមិនសូវឲ្យតម្លៃអ្វី ដែលជារបស់ ខ្លួនឯងទេ ហើយកាន់តែគ្រោះថ្នាក់ទៅទៀតនោះ គឺប្រជាជនខ្មែរចូលចិត្តតែរបស់បរទេស រួចមិនសូវដឹងអំពីខ្លួនឯង បានច្បាស់លាស់ឡើយ។ ដូចនេះ ទន្ទឹមនឹងប្រជាជាតិខ្មែរមិនសូវស្វែងយល់ពីខ្លួនឯង និយមតែអ្វីជារបស់បរទេសបាន ន័យថា ខ្លួនកំពុងស្ថិតនៅក្នុងរណ្ដៅខ្សោយ រួចបើកឲ្យវប្បធម៌បរទេសវាយលុក តើនេះមិនមែនជាចំណុច គ្រោះថ្នាក់ ទេឬ?
ប្រការដែលក្រសួងវប្បធម៌ អនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ខ្មែរ ចាក់ផ្សាយភាពយន្តថៃឡើងវិញនេះ ក៏វាហាក់ដូចជាមើល ងាយ មិនបានឲ្យតម្លៃ បំផ្លាញដល់ការខិតខំប្រឹងប្រែងរបស់ ប្រជាជនខ្មែរមួយចំនួនដែលបានខិតខំធ្វើបាតុកម្ម ប្រឆាំងថៃ កន្លងមក ដែលបានមើលងាយមើលថោកប្រជាជាតិខ្មែរនោះ។
សរុបសេចក្ដីមកប្រជាជនកម្ពុជា មិនមែនជាប្រជាជាតិមួយមានទឹកចិត្តចង្អៀតចង្អល់នោះទេ ហើយខ្មែរក៏មិនមែនជា ប្រជាជាតិមួយកំសាកនោះដែរ។ ប៉ុន្តែខ្មែរ ក៏ត្រូវដឹងខ្លួនឯងថា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ ខ្មែរបាត់បង់ ទឹកដី ខ្មែរបាត់បង់ជីវិតប្រជាជន ខ្មែរឈឺចាប់ ខ្មែរទន់ខ្សោយ ក៏ដោយសារតែខ្មែរមិនមានចិត្តចង្អៀតចង្អល់នេះឯង។ ជាដំណោះស្រាយ រាជរដ្ឋាភិបាលកម្ពុជា គួរឲ្យរាជរដ្ឋាភិបាលថៃឆ្លើយតបជាផ្លូវការមកកម្ពុជា ចំពោះព័ត៌មាន ដែលតួឯក កុនថៃនាង ស៊ូវ៉ាន់ណន្តគង់់យីង និយាយថា «កម្ពុជាបានលូចប្រាសាទអង្គរវត្តរបស់សៀម»,អនុញ្ញាតឲ្យវប្បធម៌បរទេស ពិសេសវប្បធម៌ថៃ ផ្សព្វផ្សាយនៅកម្ពុជាក្នុងកម្រិតមួយ ដែលមិនអាចធ្វើឲ្យវប្បធម៌ខ្មែរគ្រោះថ្នាក់ ដូចជាភាពយន្ត ដែលមានលក្ខណៈប្រដៀង ឬដូចខ្មែរ ត្រូវហាមឃាត់ ពីព្រោះនាំឲ្យប្រជាជនខ្មែរយល់ច្រឡំរបស់ខ្មែរ ថាជារបស់ថៃ ទៅវិញ, បញ្ឈប់ការបំភ័ន្តប្រវត្តិសាស្ត្រខ្មែរពីសំណាក់ឯកសារ និងអ្នកជាតិនិយមជ្រុលរបស់ថៃ, គួរលើកទឹកចិត្តសិល្បករ សិល្បការិនីខ្មែរ អ្នកនិពន្ធខ្មែរបន្ថែមទៀត តាមរយៈថវិកា សម្ភារៈ ចំណេះដឹង និងបង្កើតសាលារៀន ផ្នែកភាពយន្តមាន ស្តង់ដារ, លើកក្រោយ ការធ្វើអ្វីៗរបស់ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការដែលប៉ះពាល់ ឬ/និងពាក់ព័ន្ធស្មារតី ឬជីវភាពប្រចាំរបស់ប្រជាជនខ្មែរ គួរធ្វើការស្ទង់មតិបើសិនអាចធ្វើទៅបាន។
ដូច្នេះ ការធ្វើបានដូចរៀបរាប់ខាងលើនេះ ទើបខ្មែរមិនសូវចាញ់ប្រៀបភាគីថៃតទៀត ពីព្រោះកន្លងមក យើងឃើញតែ ភាគីកម្ពុជា ចាញ់ប្រៀបថៃជាច្រើនករណី ដូចជាករណីជំលោះដណ្ដើមប្រាសាទព្រះវិហារ (អតីតកាល), ករណីជំលោះ ទឹកដីនៅក្បែរតំបន់ប្រាសាទព្រះវិហារ (បច្ចុប្បន្ន), ករណីសំដីរបស់នាងផ្កាយព្រឹក និងករណីមួយចំនួនទៀត ដែលមិនអាច រៀបរាប់ក្នុងអត្ថបទនេះបានជាដើម។ បើចង់ដើរកាត់ភ្លៀង កុំឲ្យទទឹក ទឹកភ្លៀង និងកុំឲ្យមានជំងឺនោះ គេត្រូវមានអាវភ្លៀង ឬក៏មានឆត្រការពារដែរទើបប្រសើរ៕
(រូបភាពមួយចំនួន ដកស្រង់ចេញពីសារព័ត៌មានបរទេស )