ភ្នំពេញ៖ តារាសិង្ហបុរី ដ៏ល្បីមួយដួង គឺលោក Desmond Tan បានថ្លែងឲ្យដឹងថា លោកមកប្រទេសកម្ពុជា លើកនេះ គឺជាលើកទី១ ហើយចង់សម្តែង ភាពយន្តជាមួយតារាខ្មែរ និងក៏ចង់រៀនភាសាខ្មែរផងដែរ។ ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីការដាក់បញ្ចាំង ភាពយន្តសិង្ហបុរី រឿង "ជីវិតក្នុងមាតុភូមិថ្មី" នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ ៩ (PPCTV) និងប៉ុស្តិ៍លេខ ៨ (CTV8HD) នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នាសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ តារាសម្ដែង Desmond Tan បាននិយាយ តាមរយៈអ្នកបកប្រែថា ប្រសិនបើមានឱកាស លោកនឹងមកសម្តែងភាពយន្ត ជាមួយនឹងតារា នៅក្នុងប្រទេសកម្ពុជា។
លោកនិយាយថា "អ្វីដែលសំខាន់ គឺចង់រៀនភាសាខ្មែរ ពេលដែលឮ អ្នកបកប្រែនិយាយ គឺហាក់បីដូចជា កំពុងច្រៀង ដូច្នេះ ខ្ញុំអាចនឹងត្រឡប់ និងថតខ្សែភាពយន្ត ជាមួយតារាខ្មែរ"។
សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង "ជីវិតក្នុងមាតុភូមិថ្មី"នេះ កំពុងដាក់បញ្ចាំង នៅប៉ុស្តិ៍ ៩ ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ១២ថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ និងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ នឹងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ ៨ ម៉ោង ៨យប់ រៀលរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ក្នុងរឿងនោះ លោក Desmond Tan ដើរតួរជា Shi Tou ដែលបានចាកចេញ ពីមាតុភូមិ ដោយបង្ខំ ដោយសារសង្គ្រាម នឹងបានទៅរស់ នៅកន្លែងថ្មីមួយទៀត គឺនៅណានយ៉ាង។ ក្នុងរឿងនោះ កញ្ញា Jeanette Aw ដែលទស្សនិកជន តែងតែស្គាល់ថា ជានាងម៉ាណូយ៉ា (រឿងវាសនានាងម៉ាណូយ៉ា) ដែលក្នុងរឿងនេះ ដើរតួជាប្រពន្ធ របស់លោក Desmond Tan ឈ្នោះនាង Yazi។ ដោយឡែក លោក Elvin Ng ក៏ជាតួអង្គមួយរូបដែរ នៅក្នុងរឿននោះ ដោយលោក ដើរតួជាបងប្រុស របស់Yazi ៕