ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេស កម្ពុជា បានថ្លែងថា ឥឡូវពិភពលោកជឿនលឿនណាស់ ហើយសេរីភាពក្នុងការបញ្ចេញមតិក៏ច្រើន តែ ការបញ្ចេញមតិនោះ គឺមិនត្រូវប្រាសចាក ទំនៀមទម្លាប់ប្រពៃណី ឬសីលធម៌ខ្មែរនោះឡើយ ។
ថ្លែងនៅក្នុងពិធី បើកឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី របស់សាលាហ៊្វូតព្រីន សាខាទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បច្ចេក វិទ្យាឥឡូវ គឺលឿនណាស់ មានទាំងហ្វេសប៊ុក, អ៊ីនធើណេត កុន គឺមានច្រើន អីចឹងការស្រូបយក នូវ វប្បធម៌អន្តរជាតិ នៅក្នុងនោះ គឺមានច្រើន ដែលមានទាំងល្អ ទាំងអាក្រក់ ហើយយើងត្រូវទទួលយកអ្វី ដែលល្អ និងទាត់ចោលនូវអ្វីដែលអាក្រក់ ។
លោកថា “ឧទាហរណ៍ហ្វេសប៊ុក យើងឃើញឥឡូវក្មេងៗមួយចំនួន អាយុ ១៤-១៥-១៨-១៩-២០ឆ្នាំ ឡើងហ្វេសប៊ុក គឺថា គាត់មើលទៅឃើញគេមានសេរីភាព ក្នុងការបញ្ចេញមតិ ប៉ុន្តែស្រាប់តែគាត់ ដាក់ ជេរហុយដីតែម្តង ហើយជេរអាក្រក់ៗទៀត ហើយជេរអ្នកណា ជេរថ្នាក់ដឹកនាំ ដែលមានអាយុស្មើឪពុក ឬជីតាគាត់ រឿងបញ្ចេញមតិ ជារឿងអីៗផ្សេង តែរឿងវប្បធម៌ខ្មែរ យើងត្រូវរក្សា”។
ពាក់ព័ន្ធនឹងសាលាហ៊្វូតព្រីនវិញ នៅក្នុងឱកាសនោះ លោកស្រី Lisa Biasillo នាយិការប្រតិ បត្តិសាលា ហ៊្វូតព្រីន បានថ្លែងថា ពេលបច្ចុប្បន្ន សាលាកំពុងព្យាយាម ចូលជាសមាជិកសមាគម ទទួលស្គាល់គុណ ភាព សិក្សាជាអន្តរជាតិ ដូចជា WACS និង CAMBRIDE ជាដើម ។
លោកស្រីបន្តថា “សាលាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើគុណភាពសិក្សារបស់សិស្សានុសិស្ស ឲ្យកាន់តែមានគុណភាពល្អប្រសើរ”។
សូមបញ្ជាក់ថា សាលាហ៊្វូតព្រីនថ្មីនេះ មានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយសាលានេះ ត្រូវបានសាងសង់ឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីរៀបចំសិស្ស ឲ្យបានត្រឹមត្រូវតាមស្តង់ដារ អន្តរជាតិ។ សាលានេះ មានបន្ទប់សិក្សា, បន្ទប់កុំព្យូទ័រ, បន្ទប់អាហារ, សាលសន្និសីទ, បន្ទប់ពិសោធន៍ វិទ្យាសាស្ត្រ និងអគារបណ្ណាល័យផងដែរ ៕