ក្រចេះ ៖ ជនដៃដល់ដែលអាច ជាប់ពាក់ព័ន្ធការបាញ់សម្លាប់ អ្នកកាសែតម្នាក់នៅ សមាគមខ្មែរប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យ ទៅលើមន្ត្រីនគរបាលមូលដ្ឋាន ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រោះតែ រថយន្តលុច្សស៊ីស ៤៧០ ដែលក្រឡាប់នៅក្បែរកន្លែងកើតហេតុនោះ គឺជាកម្មសិទ្ធិរបស់មន្ត្រីនគរបាលរូបនេះ ។
តាមការលួចបង្ហើបរបស់ មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តក្រចេះ បានឲ្យដឹងថា មន្ត្រីនគរបាលមួយរូប ដែល បម្រើការងារជាមន្ត្រីនគរមូលដ្ឋាន ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ឃុំខ្សឹម ស្រុកស្នួល អាចជាមុខសញ្ញាពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្មលើអ្នកកាសែត ហើយបច្ចុប្បន្នជននេះ បាននឹង កំពុងរត់គេចខ្លួន ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់របស់ស្នង ការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ ដោយមានការចូលរួមពីអភិបាលស្រុកស្នួល និងសមត្ថកិច្ចជំនាញដើម្បីតាមចាប់ជនដៃដល់ក្នុងអំពើឃាត កម្មមួយនេះ ។
តាមការបញ្ជាក់របស់មន្ត្រីនគរបាលដដែល ជនដៃដល់ដែលជានគរបាលមូលដ្ឋាននោះ ក៏ធ្លាប់គំរាមកំហែង ទៅលើអ្នកកាសែត កាលពីពេលកន្លងទៅផងដែរ ពាក់ព័ន្ធទៅនឹងការពារបទល្មើសព្រៃឈើ និងជំនួញឈើ ខុសច្បាប់របស់ខ្លួន។
សូមបញ្ជាក់ថា លោក តាំង ទ្រី អាយុ ៤៩ឆ្នាំ ដែលជាជនរងគ្រោះ និងបម្រើការងារនៅសមាគមខ្មែរប្រជាធិប តេយ្យ ត្រូវបានជនដៃដល់ប្រើខ្លីបាញ់ចំមួយគ្រាប់ ត្រង់ចិញ្ចើមខាងស្តាំបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ក្បែររថយន្តរបស់ខ្លួនដែលកំពុងជាប់ផុង នៅវេលាម៉ោងប្រមាណជា ១យប់រំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នេះ នៅឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ខណៈដែលជនរងគ្រោះ និងអ្នកកាសែត បានធ្វើដំណើរ ទៅកាន់ទីនោះ ដើម្បីយកព័ត៌មានពីបទល្មើសព្រៃឈើ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ក្រោយពីបាញ់ប្រហារទៅលើជនរងគ្រោះ បានបើករថយន្តលុច្សស៊ីស ៤៧០ ដើម្បីគេចខ្លួន ប៉ុន្តែភ្លាមៗនោះបានរេចង្កូតក្រឡាប់តាមផ្លូវ បន្សល់ទុករថយន្តនៅក្បែរកន្លែងកើតហេតុ មុនពេល ដែលពួកគេគេចខ្លួនបាត់ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចក៏បានលើកហេតុផលថា ជនរងគ្រោះដែលបម្រើការងារក្នុងអង្គភាពសារព័ត៌មាន មិនសូវឮឈ្មោះនោះ មានបំណងទៅជម្រិតទារប្រាក់ពីឈ្មួញឈើ រួចហើយចេញមកវិញ រថយន្តជាប់ផុង ក៏ជួប បញ្ហាបែបនេះតែម្តងទៅ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ខណៈដែលអ្នកកាសែតម្នាក់ទៀត ត្រូវបានគេរាយការណ៍ថាកំពុងបាត់ខ្លួន៕