ភ្នំពេញ ៖ អភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល មួយរូប ដែលមានឈ្មោះ វុធ ដែរនោះ ពាក់ព័ន្ធទៅនឹង ការប្រើឈ្មោះរបស់លោកដើរទារភាស៊ីតាមផ្សារតាម កន្លែងលក់ដូរនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលធ្វើឲ្យ មានការយល់ច្រឡំ និងថ្នាក់ដឹកនាំ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នេះ លោក សុខ ពេញវុធ បានបញ្ជាក់ថា លោកមិនដែលទៅទារភាស៊ី និងតម្រូវឲ្យអាជីវករ ក៏ដូចជាឈ្មួញរកស៊ីបង់លុយប្រចាំខែឲ្យ លោកនោះឡើយ គឺមានបុគ្គលម្នាក់ឈ្មោះ វុធ បានយកឈ្មោះរបស់លោកទៅប្រើប្រាស់ ។
លោក សុខ ពេញវុធ បានបញ្ជាក់ថា "ឥឡូវនេះខ្ញុំបានប្តឹងសមត្ថកិច្ច ឲ្យតាមចាប់ខ្លួន បុគ្គលឈ្មោះ វុធ ដែលរក ស៊ីខាងម៉ៅការភាស៊ីនៅក្នុងខណ្ឌ យកផ្តន្ទាទោសតាមផ្លូវច្បាប់ ដែលបានយកឈ្មោះរបស់លោកទៅប្រើប្រាស់ ខុសច្បាប់ និងធ្វើឲ្យមានការយល់ច្រឡំពីថ្នាក់ដឹកនាំ ក៏ដូចជាមជ្ឈដ្ឋាននានា" ។
សូមបញ្ជាក់ថា ការចេញមកបដិសេធរបស់អភិបាលរងខណ្ឌដូនពេញរូបនេះ បានធ្វើឡើងក្រោយពីមានការ ចោទប្រកាន់របស់អ្នករកស៊ីខាងទារភាស៊ីឈ្មោះ រត្ន សុភាព ថា មានមនុស្សឈ្មោះ វុធ ដែលសំដៅលើលោក សុខ ពេញវុធ ជាអភិបាលរងខណ្ឌដូនពេញនោះ បានប្រើកូនចៅទៅយកថ្លៃភាស៊ីមួយខែ ១៥០ដុល្លារ តាំងពី ជំនាន់អភិបាលខណ្ឌចាស់មកម៉្លេះ។
ការចោទប្រកាន់ និងការប្រកែករបស់អភិបាលរងខណ្ឌរូបនេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនៅ សាលាខណ្ឌដូនពេញ រហូតធ្វើឲ្យលោក សុខ ពេញវុធ ហ៊ានស្បថស្បែ ព្រោះតែលោកមិនបានប្រព្រឹត្តដូចការ ចោទប្រកាន់នេះ ខណៈដែលបុគ្គលឈ្មោះ វុធ មានដល់ទៅ ៣-៤នាក់ ។
លោក សុខ ពេញវុធ បានថ្លែងទៀតថា នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលឈ្មោះ វុធ ខាងលើនេះ លោកនឹងធ្វើសន្និសីទកាសែតជាសាធារណៈ ដើម្បីឲ្យបុគ្គលរូបនេះ សារភាពនូវទោសកំហុសរបស់ខ្លួន ព្រម ទាំងបញ្ជាក់ការពិតនូវការទារលុយភាស៊ីប្រចាំផងដែរ ។ ជាមួយគ្នាតាំងពីជំនាន់អភិបាលខណ្ឌចាស់ រឿងបង់ថ្លៃ ភាស៊ីពីអ្នកលក់ដូរតាមដងផ្លូវ តាមហាងត្រូវបានមន្ត្រីសាលាខណ្ឌលួចបង្ហើបថា ដឹកនាំដោយអភិបាលរងមួយរូប ប៉ុន្តែរឿងនេះមិនជាន់ពាក់ព័ន្ធអភិបាលខណ្ឌថ្មីនោះឡើយ។
យ៉ាងណាក៏ដោយ រឿងការពិតយ៉ាងណានោះ ត្រូវរង់ចាំនៃការឃាត់ខ្លួនបុគ្គលឈ្មោះ វុធ ដែលកំពុងរត់គេចខ្លួន ក្រោយពីមានការដាក់ពាក្យបណ្តឹង ពីសំណាក់អភិបាលរងខណ្ឌដូនពេញនោះ ៕
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ