Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្រ្តីកម្ពុជា ចំណាកស្រុក នៅតែប្រឈមបញ្ហា រំលោភបំពានផ្សេងៗ

$
0
0

ភ្នំពេញ ៖ ស្រ្តីកម្ពុជាដែលធ្វើការ នៅក្រៅប្រទេស នៅតែជួបបញ្ហា ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភផ្លូវភេទ ពី សំណាក់ថៅកែ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែង ជួយពួកគេឲ្យរួចផុតពីបញ្ហា ប្រឈមទាំងនេះក៏ដោយ។

អ្នកសម្របសម្រួល កម្មវិធីផ្នែកចំណាកស្រុកនៃ អង្គការ UN WOMEN លោក រស់ វ៉ា បានមានប្រសាសន៍ ក្នុងសិក្ខាសាលា ស្តីពីយេនឌ័រ និងចំណាកស្រុកពលករ នៅក្នុងសណ្ឋាគារហ៊ីម៉ា វ៉ា រី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២នេះថា «ស្រ្តីកម្ពុជានៅតែ ប្រឈមមុខចំពោះបញ្ហាផ្សេងៗ នៅពេលដែលស្ត្រីទាំងនោះ បានសម្រេចចិត្ត ទៅធើ្វការនៅប្រទេសក្រៅដោយពួកគេបាន ជួបនូវបញ្ហារំលោភផ្លូវភេទ ធ្វើការងារលើសម៉ោង មិនទទួលបានប្រាក់ខែ និងរងការធ្វើបាបពីម្ចាស់ផ្ទះជាដើម»។

លោកបន្តថា សិក្ខាសាលានេះ ផ្តោតសំខាន់ទៅលើគោលបំណង ចំនួន៣៖ទី១-ដើម្បីបង្កើន ចំណេះដឹងដល់អ្នក ដែលបាន ចូលរួមទាំងនោះ ឲ្យពួកគាត់យល់ដឹងកាន់តែស៊ីជម្រៅទាក់ទង យេនឌ័រ និងចំណាកស្រុក។ ទី២-ធ្វើឲ្យពួគគាត់ស្វែងយល់ពីឧបករណ៍នៃការវិភាគយេនឌ័រ ក្នុងបរិបទចំណាកស្រុក ក៏ដូចជាក្របខ័ណ្ឌកំរិតថ្នាក់មូលដ្ឋាន កំរិតថ្នាក់ជាតិ និងកំរិត ថ្នាក់អន្តរជាតិ។ និងទី៣-ជំរុញឲ្យពួកគាត់យល់ដឹងពី ការអនុវតគោលនយោបាយក្របខ័ណ្ឌ មួយចំនួនថែមទៀត។

កញ្ញា សួន មាលា ប្រធានគម្រោង ចំណាកស្រុកដោយសុវត្ថិភាព និងកាត់បន្ថយការ ជួញដូរមនុស្ស នៅសមាគមនារី ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ បាននិយាយថា ស្រ្តីកម្ពុជា ភាគច្រើនដែលធ្វើការនៅក្រៅប្រទេស នៅមិនទាន់យល់ដឹងអំពីបញ្ហា យេនឌ័រនោះទេ ដោយជនរងគ្រោះមួយចំនួន មិនហានបញ្ចេញនូវទុក្ខលំបាករបស់ខ្លួន ដែលបានជួបប្រទះ។ ជាពិសេសស្រ្តីរងគ្រោះទាំងនោះ មិនបានយល់ដឹង អំពីអង្គការណា ឬស្ថាប័នណា ដែលធ្វើការទាក់ទងក្នុងរឿងនេះ។ ដូច្នោះយើងខិតខំប្រឹង ប្រែងផ្សព្វផ្សាយបន្ថែម ដើម្បីឲ្យពួកគាត់បានយល់ដឹង អំពីបញ្ហាយេនឌ័រ និងការប្រថុយប្រថាននៅក្នុងពេលធ្វើ ចំណាក ស្រុក។

កញ្ញាបន្តថា “ខ្ញុំនឹងយកចំណេះដឹង ដែលទទួលបាននៅថ្ងៃនេះ ទៅពន្យល់ដល់ស្រ្តីនៅតាមជនបទ ដើម្បីឲ្យពួកគាត់យល់ដឹង បន្ថែមទៀត អំពីយេនឌ័រ និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីឲ្យពួកគាត់មានចំណេះដឹងបន្ថែម ក្នុងការជួយខ្លួនឯង នៅពេលជួបគ្រោះថ្នាក់ផ្សេងៗ”។

សិក្ខាសាលា ស្តីពីយេនឌ័រ និងចំណាកស្រុកពលករនេះ រៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១២ មានការចូលរួមពី ទីភ្នាក់ងារជ្រើសរើសពលករ សហជីព អង្គការលីកាដូ អង្គការ NGOs នានា និងសង្គមស៊ីវិលជាច្រើននាក់ទៀត។

គួរបញ្ជាក់ថា ស្រ្តីខ្មែរមួយចំនួន បានទៅបម្រើការងារនៅបរទេស ដោយធ្វើជាស្រ្តីមេផ្ទះ ជាពិសេសនោះគឺ ប្រទេសម៉ាឡេស៊ី ដែលពួកគាត់ភាគច្រើន បានទទួលរងការធ្វើបាប គ្រប់បែបយ៉ាងពីម្ចាស់ផ្ទះ និងថៅកែ។ ដូច្នេះហើយបានជាប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាឲ្យផ្អាកការនាំចេញ ស្រ្តីបម្រើការងារជាមេផ្ទះ នៅប្រទេសម៉ាឡេស៊ី ជាបណ្តោះអាសន្ន ដោយ រង់ចាំឲ្យមានការ ចុះអនុស្សារណៈយោគយល់ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក្នុងការធានាបាននូវសុវត្ថិភាព របស់ គេជាមុនសិន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>