អ៊ីស្លាម៉ាបាដ៖ យោធារបស់ប្រទេសបាគីស្ថាន បាននិយាយនៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០១៤នេះថា កងទ័ពឥណ្ឌាបានឈ្លានពានជាថ្មីទៀតហើយ នៅបន្ទាត់ព្រំដែន មានជម្លោះក្នុងតំបន់ Kashmir។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ការរំលោភបំពានក្តៅៗនេះ គឺប្រព្រឹត្តឡើងបន្ទាប់ពី មន្រ្តីយោធារបស់ប្រទេស បាគីស្ថាន និង ឥណ្ឌា ជួបពិភាក្សាគ្នា ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមខ្សែព្រំដែន ដោយសារអំឡុងពេល ១០ ថ្ងៃចុងក្រោយ នេះ ដែលមានការបាញ់បោះដាក់គ្នា និងឈក់យកជីវិតមនុស្សទាំងសងខាង ចំនួន ២០ នាក់។
បើតាមការលើកឡើងរបស់យោធាបាគីស្ថានបាននិយាយថា «កងទ័ពឥណ្ឌាបានចូលបំពាន លើតំបន់ចុះកិច្ចព្រមព្រៀងសន្តិភាព កាលពីព្រឹកមិញនេះ ដែលធ្វើការវាយឆ្មក់ នៅតំបន់ Kairler ក្បែរ រដ្ឋ Bagh និង តំបន់ Nezapir ក្បែរ Rawalakot។»
សេចក្តីថ្លែងការណ៍ចេញពីក្រសួងទំនាក់ទំនងសាធារណៈបានឲ្យដឹងថា «ឆ្លើយតបនឹង ការប្រយុទ្ធ ឥតព្រៀងទុកនេះ កងទ័ពបាគីស្ថានការបានធ្វើការតបត ទៅវិញ»។ ភ្លាមៗនោះ ឯកអគ្គរដ្ឋទូតបាគីស្ថានប្រចាំសហរដ្ឋអាម៉េរិក លោក Jalil Abbas Jilani បានថ្លែងនៅឯ វេទិកាក្រុមប្រឹក្សា អាត្លង់ទិក នៅរដ្ឋវ៉ាស៊ីនតោន ថា ប្រទេសឥណ្ឌបានរំលោភ លើបន្ទាត់ ព្រំដែនដែលចុះក្នុងសិទ្ធិសញ្ញាបទឈប់បាញ់ ដែលនេះធ្វើឲ្យកាន់តែមានភាពតានតឹងលើ ទំនាក់ទំនងការទូតទ្វេភាគីបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ប្រទេសទាំង ២ (បាគីស្ថាន និង ឥណ្ឌា) បានធានាចំពោះគ្នាទៅវិញទៅ មកថា នឹងមិនបំពានលើសិទ្ធិសញ្ញា បទឈប់បាញ់ ឆ្នាំ២០០៣ ដែលចែកតំបន់ Kashmir ជា តំបន់ ស។ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា កន្លងទៅនេះ កុមារ ៤ នាក់ត្រូវបានរងរបួស ពោល គឺរងគ្រោះដោយសារការបាញ់ផ្លោង ពីសំណាក់ប្រទេសឥណ្ឌា នៅក្នុងតំបន់ Nakial ក្បែរ រដ្ឋ Kotli៕