ភ្នំពេញ ៖ មន្រ្តីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកិច្ចការតម្លាភាព, គណនេយ្យភាព និងអភិបាលកិច្ចល្អ នៅក្នុងប្រទេសកម្ពុជា, វៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេ ស៊ី, និងម៉ិកស៊ីកូ នឹងជួបពិភាក្សាគ្នាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ ស្តីពីភាពជាដៃគូរដ្ឋាភិ បាលបើកទូលាយ (OGP)។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា (CCC) នៅថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា សិក្ខាសាលានេះ ធ្វើរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៤ នាសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ។
ប្រភពបន្តថា គោលបំណង នៃសិក្ខាសាលាមាន ៧ចំណុច ទី១-ផ្សព្វផ្សាយអំពីគុណតម្លៃ, យន្តការ, គោលបំណង, និងសហគមន៍របស់ OGP ជូនដល់រដ្ឋាភិបាលកម្ពុជា និងសហគមន៍អង្គការសង្គមស៊ីវិល, ទី២-ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃតម្លាភាព, ការចូលរួម, និងគណនេយ្យភាព ដែលប្រទេសនានា នឹងទទួលបានតាមរយៈ ការចូលរួមក្នុង OGP ។ ទី៣-បង្ហាញជូនរដ្ឋាភិបាលកម្ពុជា នូវភាពជាដៃគូ រវាង រដ្ឋាភិបាល និងសង្គមស៊ីវិល ដែលជាចរឹតលក្ខណៈចម្បងនៃ OGP, ទី៤-គូសបង្ហាញចំណុច ជាក់លាក់ ស្តីពីកំណែទម្រង់តម្លាភាព, ការចូលរួម, និងគណនេយ្យភាពមួយចំនួន ដែលត្រូវបានអនុវត្តប្រកប ដោយសក្តានុពល ក្នុងការជួយប្រទេសទាំងឡាយ ឲ្យបំពេញនូវស្តង់ដារលក្ខណៈសម្បត្តិរបស់ OGP, ទី៥-រៀបចំផែនទីមួយ នៃអ្នកកែទម្រង់ និងការបំពេញស្តង់ដារលក្ខណៈសម្បត្តិ OGP សម្រាប់ប្រទេស ពាក់ព័ន្ធចំនួនប្រាំ និងកំណត់កាលបរិច្ឆេទដើម្បីចូលរួម OGP ។ ទី៦-អភិវឌ្ឍការគាំទ្រ ការកសាង បណ្តាញ រវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ក្នុងប្រទេសទាំងប្រាំ ជាមួយសហភាគីរបស់ខ្លួន នៅ ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងកូរ៉េខាងត្បូង និងទី៧-កែលម្អ សមត្ថភាពរបស់អង្គការ សង្គមស៊ីវិល ក្នុងការធ្វើការវិភាគថវិកា និងការងារតស៊ូមតិ ។
ប្រភពដដែលបានបន្ថែមថា ភាពជាដៃគូរដ្ឋាភិបាល បើកទូលាយគឺជាគំនិតផ្តួចផ្តើមពហុភាគីមួយ ដែល មានគោលបំណង ដើម្បីទទួលបានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាល ដើម្បីលើកកម្ពស់តម្លាភាព, ផ្តល់អំណាចដល់ប្រជាពលរដ្ឋ, ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បី ពង្រឹងអភិបាលកិច្ច ៕