ភ្នំពេញ ៖ ច្រកព្រំដែនដាក់ដាំ ស្ថិតក្នុងខេត្តមណ្ឌលគិរី ដែលជាបន្ទាត់ព្រំដែន រវាងកម្ពុជា-វៀតណាត ត្រូវបានលោក វ៉ា គីមហុង ប្រធានគណៈកម្មការព្រំដែនលើក ឡើងថា មិនទាន់មានការកំណត់ដំឡើង ខ្សែបន្ទាត់ រួមគ្នា រវាងភាគីទាំងពីរនោះទេ ខណៈតំណាងរាស្ត្រគណបក្សប្រឆាំង បានធ្វើលិខិតទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាយបំភ្លឺទៅលើបញ្ហានេះ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា នេះ លោក វ៉ា គឹមហុង បន្តថា " កិច្ចការព្រំដែន មិនមែនជារឿងយើងមិនដឹងនោះទេ ។ យើងដឹងយូរហើយថា គណៈ កម្មការព្រំដែន គេធ្វើការចរចាជាមួយភាគីវៀតណាមយូរហើយ តាំងពីឆ្នាំ២០០៥ ពេលសម្ដេចនាយក លោកចុះហត្ថលេខា បំពេញបន្ថែម បានបញ្ជាក់ថា ចំណុចហ្នឹង (ដាក់ដាំ) ភាគីទាំងពីរ មិនទាន់ឯកភាព គ្នាទេ លើការកំណត់ដំឡើងខ្សែបន្ទាត់ព្រំដែន។ ដូច្នេះភាគីទាំងកំពុងបន្តការចរចា តទៅទៀត ដើម្បីរក ដំណោះស្រាយ"។
សូមបញ្ចាក់ថា តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានសសេរលិខិត ចុះថ្ងៃទី១ ខែតុលា ផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រី ឆ្លើយបំភ្លឺជុំវិញព្រំដែន ដាក់ដាំនេះ។ លោក ម៉ៅ មុន្នីវណ្ណ បានចាត់ ទុកប្រទេសវៀតណាម រំលោភបូរណភាពទឹកដីកម្ពុជា តាមរយៈការធ្វើផ្លូវក្រាលកៅស៊ូ ចូលក្នុងទឹកដី ប្រទេសកម្ពុជា ។ ព្រំដែនដាក់ដាំ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ៕