ភ្នំពេញ ៖ ក្នុងនាមជាពិធីករពិធីការិនី ដែលត្រូវអនុវត្ដ ឲ្យបានខ្ជាប់ខ្ជួននោះ ត្រូវតែមាន សុជីវធម៌ គោរព ទៅតាមតួនាទី ព្រមទាំងភ្ជាប់ជាមួយ នឹងសុខាភាពល្អ ផងដែរ ។ នេះជាការណែនាំរបស់ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ។
តាមសារព័ត៌មានកម្ពុជា AKP ចេញផ្សាយនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា នៅក្នុង ពិធិបិទសិក្ខាសាលា ស្ដីពី សិល្បៈអត្ថាធិប្បាយ ដើម្បី បញ្ចៀសបញ្ហាប្រឈម នានា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ពិធីករ ពិធីការិនីទាំងអស់ត្រូវមានសុខភាពល្អទើប មានភាពម្ចាស់ការ លើខ្លួន ឯង បាន និង បញ្ចៀសបញ្ហាដែលកើតឡើងក្នុងការអត្ថាធិប្បាយ ឬ និយាយ ឆ្លើយឆ្លងជាមួយវាគ្មិន និង អ្នក ទូរស័ព្ទឬសាធារណជន ដែល បានទូរស័ព្ទសួរសំណួរផ្សេងៗចូល មក កម្មវិធីរបស់យើង ហើយពិធីករ ពិធីការិនី ក៏ត្រូវចាំបាច់ក្តាប់ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីបញ្ចៀសការលើកដាក់ រវាងវាគ្មិនទាំងសងខាង និង ចៀសវាង ការអូសទាញពីភាគីម្ខាងៗ ។
លោក រដ្ឋមន្ដ្រី បានបន្ដថា “ពិធីករ ពិធីការិនីត្រូវធ្វើទំនាក់ទំ នងល្អគ្រប់ទីកន្លែង ដើម្បីស្វែងយល់ ពីពាក្យពេចន៍ និង ការវិវត្តន៍តាម សម័យកាល ស្វែងយល់ពី គំនិតរបស់មនុស្សចាស់ មនុស្សក្មេង ហើយ យល់ដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់ មិនត្រូវធ្វើខ្លួនជារដ្ឋមន្រ្តី ជា គ្រូឧទ្ទេសនាម ដើម្បីបញ្ជា ឬប្រដៅគេឯង និង និយាយច្រើនពេកដែរ ជាពិសេសមិនត្រូវមានមោទនភាពលើខ្លួនឯងខ្លាំងពេកទេ ត្រូវតែ និយាយអ្វីដែលជាការពិត ត្រឹមត្រូវ ដែលជាការសម្រួលដល់កម្មវិធីតែ ប៉ុណ្ណោះ” ។
លោក រដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ច្បាប់សារព័ត៌មាន នៅកម្ពុជាមិនមានភាពតានតឹងនោះទេ នេះបើប្រៀបធៀបជាមួយបណ្តា ប្រទេសដទៃទៀត ប៉ុន្តែសម្រាប់ការផ្សាយព័ត៌មានមិនពិតដោយ ចេតនា គឺជាការខុសហើយត្រូវមានទោស តែគ្រាន់តែពិន័យមិនដល់ថ្នាក់ឃុំខ្លួននោះទេ ។
ទោះបីជាយ៉ាងណាយើងជាអ្នកសារព័ត៌មាន ជា អ្នកអត្ថាធិប្បាយ ត្រូវស្វែងរកព័ត៌មាន ឬនិយាយអ្វី ដែលត្រឹមត្រូវពិត ប្រាកដចៀសវាងបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងចំពោះ ខ្លួនឯង៕