ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បាន ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទចំនួន ៦ នាក់ ក្នុងនោះមានម្នាក់ គឺជាមន្ត្រីយោធានៃក្រសួង កាពារជាតិ ដោយដាក់ពន្ធនាគារពួកគេម្នាក់ៗ ពី៧ ទៅ១៥ឆ្នាំ និងពិន័យជាប្រាក់សម្រាប់ដាក់ចូល ក្នុង ថវិការដ្ឋម្នាក់ចំនួន ៥ លានរៀល ពីបទ« ប្រើប្រាស់ និងជួញដូរគ្រឿងញៀន» ចំនួន១០កញ្ចប់ ដែល មានទម្ងន់ជិតកន្លះគីឡូក្រាម ប្រព្រឹត្ត នៅក្នុងចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ។
លោក តាំង ស៊ុនឡាយ ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង ៦នាក់ ខាងលើនេះ មានឈ្មោះ ទី១- ឈ្មោះ ម៉ៅ លក្ខិណា ភេទស្រី អាយុ ៤៣ឆ្នាំ និងទី២-ឈ្មោះ ណៃ ម៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប ត្រូវតុលាការសម្រេច កាត់ ទោសដាក់គុក ម្នាក់ៗរយៈពេល ១៥ ឆ្នាំ និងពិន័យ ជាប្រាក់ម្នាក់ៗចំនួន ៥ លានរៀល។ ចំណែកឯ ជន ជាប់ចោទ ទី៣-ឈ្មោះ អ៊ែល សារីម ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរមុនចាប់ខ្លួនគឺជា មន្ត្រីយោធា បម្រើការ នៅក្រសួងកាពារជាតិ ទី៤-ឈ្មោះ ចាន់ ម៉ីម៉ី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរនារីកខារ៉ាអូខេ និង ទី៥- ឈ្មោះ វង់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ មានមុខរបរនារីខារ៉ាអូខេ ត្រូវបានតុលាការ សម្រេច ផ្តន្ទា ទោស ដាក់គុកម្នាក់ៗរយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៥លានរៀល និង ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបសសិស្ស ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក ៧ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗចំនួន ៥ លានរៀលផងដែរ ។
ជនជាប់ចោទទាំង ៦ នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ « ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់ នូវ សារធាតុគ្រឿងញៀន» មាត្រា ៤០ និង៤២ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។ និង ត្រូវ បានចាប់ខ្លួន ដោយកម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ១១ និង ៤៥ នាទីព្រឹក ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន ថ្នាំញៀនមួយចំនួនធំ និងសម្ភារៈសម្រាប់ប្រើប្រាស់ និង ជក់គ្រឿងញៀន មួយចំនួនផ្សេង ទៀតពីពួកគេ ៕