ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៤ សមាគមគ្រូពេទ្យ បេះដួងកម្ពុជា ដែលហៅកាតថា “CHA” បានរៀបចំ មហាសន្និបាត ប្រចំាឆ្នាំលើកទី១ ក្រោមប្រធានបទ “យើងរួមគ្នាប្រឆាំង នឹងជំងឺបេះដូង” ធ្វើឡើងក្រោមអធិបតិយភាព លោកសាស្រ្តាចារ្យ សុខ ជួរ ប្រធានក្រុមប្រឹក្សាភិបាល លេខាធិការហិរញ្ញិក សមាជិក និងសមាជិក-សមាជិការជាច្រើនរូបទៀត។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ បានមានប្រសាសន៍ថា “ការរៀបចំមហាសន្និបាតនេះឡើងក្នុង គោលបំណងពង្រីង ជាភាតរៈភាព រវាងគ្រូពេទ្យ បេះដូង ក៏ដូចជាគ្រូពេទ្យ ឯកទេសនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសដើម្បី ចូលរួមពង្រឹងថែទាំ សុខភាពប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រា មរណភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅ របស់ក្រសួងសុខាភិបាល”។
លោកវេជ្ជបណ្ឌិតបង្ហាញថា “ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ មានប្រជាពលរដ្ឋកម្ពុជា ១២៨នាក់ស្លាប់ ដោយសារជំងឺ ស្ទះសរសៃបេះដូង ហើយមាន ១០១នាក់ រងគ្រោះដោយសារដាច់សរសៃខួរក្បាល”។ នេះជាតួលេខមួយគួរឲ្យព្រួយបារម្ភបំផុត ដែលក្នុងនាមជាគ្រូពេទ្យ បេះដូង ត្រូវខិតខំ ប្រមូលផ្តុំគ្នារវាង ភាតរៈទាំងអស់ ដើម្បីសិក្សាស្វែងយល់រៀនសូត្រ បន្តពីគ្នាទៅវិញទៅមក ពីជំងឺបេះដូងនេះ ក្នុងបំណងដើម្បី ធ្វើយ៉ាងណាឲ្យ ការព្យាបាលជំងឺបេះដូងនេះ កាន់តែប្រសើរឡើង។
លោកបន្តថា ការកើនឡើង នូវជំងឺបេះដូងនេះ ភាគច្រើននៅប្រទេស កំពុងអភិវឌ្ឍន៍ ដូចប្រទេសកម្ពុជាជាដើម ជាប្រទេសកំពុងមានការវិវត្តពីក្រីក្រ មកធូរធារ។ ដូច្នេះការផ្លាស់ប្តូរ ខាងជីវភាពនេះ ប្រជាពលរដ្ឋមាន ការហូបចុកមិនសូវគិត ហូបចុកច្រើន សាច់ច្រើន ប្រៃច្រើនសថែមទាំង មិនសូវបញ្ចេញ ពលកម្ម ធ្វើឲ្យខ្លួនធាត់ច្រើន ជាមួយនឹង ការប្រើប្រាស់ថ្នាំជក់ ការពិសាស្រាហួសកម្រិត គួបផ្សំនឹងការកើតជំងឺ ទឹកនោមផ្អែម កើនឡើង ជំងឺលើសឈាមកើនឡើង ដែលទាំងអស់នេះ ធ្វើឲ្យជំងឺបេះដូង កើនឡើង។
លោកសាស្ត្រាចារ្យ ក៏បានផ្តល់អនុសាសន៍ ដល់ប្រជាពលរដ្ឋទូទៅ ដើម្បីកាត់ បន្ថយកត្តាគ្រោះថ្នាក់ពីជំងឺ ប្រភេទនេះ ទាមទារការបរិភោគសាប កុំឲ្យប្រៃពេក បញ្ឈប់ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់ ស្រាហួសកម្រិត ហើយបើកាលណាបរិភោគ សាបយើងកាត់បន្ថយ បាននូវគ្រោះថ្នាក់ ដោយសារ ជំងឺបេះដូង។ ជាមួយនេះត្រូវបញ្ចុះទម្ងន់ ហាត់ប្រាណឲ្យ បានទៀងទាត់ និងបរិភោគអាហារ ណាដែលមិនសូវ សំបូរជាតិខ្លាញ់។ មួយវិញទៀត បើសិនជាប្រជាពលរដ្ឋ លោកមានបញ្ហាជំងឺ បេះដូងហើយ ត្រូវតែអញ្ជើញ ទៅរកគ្រូពេទ្យជំនាញ ខាងបេះដូង ដើម្បីគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា និងឲ្យបានត្រឹមត្រូវ។
បើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ធេង យូដាលីន គ្រូពេទ្យជំនាញបេះដូង ប្រចាំមន្ទីរពេទ្យកាលម៉ែត បានឲ្យដឹងថា នៅលើពិភពលោក ទាំងមូលជំងឺ លើសឈាមមាន ១០០០លាននាក់ ក្នុងនោះសហរដ្ឋអាមេរិក និងចិន ប្រហាក់ប្រហែលគ្នាជិត ៥០លាននាក់។ ក្នុងនោះជំងឺ លើសឈាម បង្កឲ្យស្លាប់ ១០០០នាក់ជារៀងរាល់ថ្ងៃ។ ដោយឡែកនៅកម្ពុជា តាមការសិក្សាឃើញថា តួលេខអ្នកទីក្រុង មានចំនួនច្រើនជាង អ្នកជនបទ ក្នុងនោះបើនិយាយជា រួមអ្នកជំងឺលើសឈាម មាន ១១,២% ក្នុងឆ្នាំ២០១០ ហើយ ១០ឆ្នាំ ទៅមុខទៀតតួលេខនេះ នឹងកើនឡើង កាន់តែខ្ពស់។
គួរបញ្ជាក់ផងដែរ មហាសន្និបាតនេះមាន ការចូលរួមឧបត្ថម្ភ និងរៀបចំឡើង ដោយក្រុមហ៊ុន Kalbe កម្ពុជា ដែលជាក្រុមហ៊ុន ឱសថ ដែលមានប្រភព មកពីប្រទេសឥណ្ឌូនេស៊ី និងមានឱសថប្រកប ដោយគុណភាព ប្រសិទ្ធភាព សុវត្តិភាពគួរជាទីទុកចិត្ត។ ក្រុមហ៊ុន Kalbe ក៏មាននំាចូល ឱសថ ព្យាបាលជំងឺបេះដូង ដូចជា Angioten,CPG, Kalparin ,និងChotestat ទាំងអស់នេះ គឺជាឱសថ ដែលអាចព្យាបាល យ៉ាងស័ក្កសិទ្ធ៕