LOS ANGELES ៖ បន្ទាប់ពីចំណាយពេលជាង ២២ ខែ ក្នុងបេសកកម្មដ៏អាថ៌កំបាំង យានអវកាស សហរដ្ឋអាម៉េរិក X-37B បានត្រឡប់មកវិញហើយ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤នេះថា យានអវកាស សម្ងាត់នេះ ត្រូវបានចាក់ចេញពីផែនដី នាខែធ្នូ ឆ្នាំ២០១២ ក្នុងបេសសកម្ម ក្នុងលំហ លើកទី៣ ហើយ បានមកដល់ទឹកដីរដ្ឋ California វិញនៅម៉ោង ៩ និង ២៤ នាទីព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ។
បេសកកម្មនេះ ត្រូវបានដំណើរការ ដោយការិយាល័យកងទ័ពអាកាស សមត្ថភាពខ្ពស់ ហើយវាមាន យន្តហោះអវកាសពីរ នៅក្នុងកងនាវា ដែលតំឡើងយ៉ាងសម្ងាត់ដោយក្រុមហ៊ុន Boeing ។
គួរបញ្ជាក់ផងដែរថា យានអវកាស X-37B ពិតជាដូចគ្នានឹងយន្តហោះរបស់ Nasa ដែលចូលនិវត្តន៍ យូរមកហើយ គ្រាន់តែវាតូចជាងតិចប៉ុណ្ណោះ។ យានអវកាស X-37B នេះ មានប្រវែង ៨,៨ ម៉ែត និង ទទឹង ៤,៥ ម៉ែត ៕