កំពង់ចាម ៖ ថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ បានដឹកនាំក្រុម ការងារជំនាញ ចុះទៅពិនិត្យមើល ស្ថានភាព បាក់ច្រាំង ទន្លេ នៅមុខ សណ្ឋាគារ មេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីរក វិធីដោះស្រាយ កុំឲ្យកើត មានតទៅទៀត។
មន្រ្តីក្រសួងធនធានទឹក បានឲ្យដឹងថា ក្រោយមានបាតុភូត ធម្មជាតិ មួយនេះកើតឡើង រដ្ឋមន្រ្តីក្រសួង ធនធានទឹក លោក លឹម គានហោ បានបញ្ជាឲ្យ ក្រុមការងារ ជំនាញថ្នាក់ក្រសួង និងខេត្ត ចុះទៅពិនិត្យមើលភ្លាម ហើយរក វិធី ដោះស្រាយ កុំឲ្យមានការកើតឡើងបន្តទៀត ។ ជាក់ស្តែង នៅរសៀលថ្ងៃដដែលនេះ រដ្ឋលេខាធិការ ក្រសួងធនធានទឹក លោក ប៊ុន ហ៊ាន បានធ្វើដំណើរទៅពិនិត្យនៅកន្លែងបាក់នោះ ដើម្បីសិក្សា និងរកមូលហេតុ ក៏ដូចជា រកដំណោះស្រាយជាបន្ទាន់ ។
ប្រធានមន្ទីរ ធនធានទឹក ខេត្តកំពង់ចាម លោក អ៊ុង វិបុល បានថ្លែងឲ្យដឹងថា សម្រាបបញ្ហានេះ ក្រុមការងារ បច្ចេកទេស របស់ក្រសួងនឹង មកធ្វើការសិក្សា ឲ្យលំអិត នៅថ្ងៃស្អែក (២០ ខែតុលា) នៃមូលហេតុដែលនាំឲ្យ មានការ បាក់ច្រាំងទន្លេ យ៉ាងដូច្នេះ ។ សម្រាប់វិធានការនៅចំពោះមុខនេះ ត្រូវបាន លោក អ៊ុង វិបុល ប្រាប់ថា ថ្នាក់ដឹកនាំខេត្ត គ្រាន់តែដាក់របាំង មិនឲ្យរថយន្តធ្វើដំណើរ ឆ្លងកាត់ តាមផ្លូវ មាត់ទន្លេ ខ្លាចក្រែងជំរុញឲ្យ មានការបាក់បន្តទៀត។
សូមបញ្ជាក់ថា ដីច្រាំងទន្លេ មុខសណ្ឋាគារ មេគង្គ នៅក្រុងកំពង់ចាម ប្រវែងជាង៦០ម៉ែត្រ និងជំរៅ ជាង១០ម៉ែត្រ បានបាក់ស្រុត ដែលបង្ខំឲ្យមួយផ្នែក នៃអាហារដ្ឋាន ជំនោរខ្យល់ ត្រូវបង្ខរុះរើចេញ។ ហេតុការណ៍ បាក់ច្រាំង ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែតុលា និងបន្តមក ព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ។
សម្រាប់មន្រ្តីជំនាញ ជាន់ខ្ពស់ ក្រសួងធនធានទឹកលោក ចាន់ យុត្ថា បានថ្លែងបញ្ជាក់ថា ការបាក់ច្រាំងនេះ មិន បណ្តាលមកពី ការបូមខ្សាច់នោះទេ ពោលអាចមកពី បាតទន្លេ មិនដែលបានស្តារ ឫសំអាត ខណៈដីកោះ និងភក់ល្បាប់ បានកកើត កាន់តែធំឡើងៗនោះ។ យ៉ាងណាក៏ដោយនោះ ថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ បានត្រៀមរួច ជាស្រេច ដើម្បីជួយអន្តរាគមន៍ ចំពោះគ្រោះធម្មជាតិមួយនេះ៕