កោះកុង៖ ប្រធានក្រុមលេខ ១៤១ នៃក្រុមយុវជ័នស្ម័គ្រចិត្ត របស់សម្តេចតេជោ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ឈរជើងនៅ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានចុះជួយដាំកូនឈើ ជាច្រើនដើមជូនព្រះសង្ឈ ក្រោយពី សម្រាក់ ពីការងារនៅថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១២ ។
លោក ថៃ សុខុម បានដឹកនាំសមាជិកក្រុមទៅដាំកូនឈើក្នុងបរិវេណវត្តចាំយាម ដើម្បីទុកជាអនុស្សាវរីយ៍ ដោយមានការចូលរួមពីលោក ចា ឡាន់ អភិបាលរងស្រុកមណ្ឌលសីមា ខេត្តកោះកុង ព្រះចៅអធិការ នួ សម្បត្តិ លោកអធិការស្រុកមណ្ឌលសីមា និង អ.ហ ស្រុកមណ្ឌលសីមា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចូលរួមដាំកូនឈើគគីរចំនួន២០ដើម ក្នុងវត្តនេះ ស្ថិតនៅភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងឱកាសនោះ លោក ចា ឡាន់ អភិបាលរងស្រុកមណ្ឌលសីមាបានមានប្រសាន៍ថា លោកសប្បាយចិត្តដោយ ឃើញក្រុមយុវជនស្ម័គ្រចិត្ត ឈ្លាតឱកាសពីសម្រាក់ការងារជួយដាំកូនឈើជូនព្រះសង្ឃទៀត ដើម្បីទុកជា អនុស្សាវរីយ៍ លើទឹកដីខេត្តកោះកុង ក្នុងការចុះបេសកម្ម ដែលរាជរដ្ឋាភិបាលបានដាក់ ជូនឲ្យវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ។
លោក ចា ឡាន់ បានបន្តទៀតថា នេះជាទឹកចិត្តដ៏ល្អមួយ ដែលប្អូនៗចុះជួយប្រជាពលរដ្ឋ ហើយជួយដាំកូនឈើជូនព្រះសង្ឃទៀត នេះជាមោទនភាពមួយសម្រាប់វត្ត ហើយពេលដាំកូនឈើបានហើយ ត្រូវថែរក្សាដើម្បីកែលម្អក្នុងបរិវេណវត្តផង និងដើម្បីសុខភាពប្រជាពលរដ្ឋ ព្រោះដើមឈើមានសារៈសំខាន់ និងមានផលប្រយោជន៍ច្រើន។
លោក ថៃ សុខុម ប្រធានក្រុមទី ១៤១ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការចុះវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋជួបប្រទះផលលំបាកច្រើនដែរ ប៉ុន្តែពួកលោកពុំបានគិតពីការនឿយហត់ឡើយ ព្រោះជាតួនាទី ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានប័ណ្ណកម្មសិទ្ធ ពេញលេញក្នុងការ ប្រើប្រាស់ដីធ្លីឱ្យស្របច្បាប់។
នេះជាបទពិសោធន៍លើកទី១ ដែលលោកបានចុះបេសកម្មដើម្បីបម្រើប្រជាពលរដ្ឋ ហើយជាមេរៀននៃជីវិត លោកផងដែរ ដែលបានប្រលូកជាមួយប្រជាពលរដ្ឋផ្ទាល់ៗ ហើយលោកបានរៀនបទពិសោធន៍ពីក្រុមជំនាញ ប្រជាពលរដ្ឋ ជាពិសេសបានដឹងពីទុកលំបាកជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់នីមួយៗ ហើយបានយល់ពីការតស៊ូនៅគ្រប់ឧបសគ្គ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ៕