ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានពិធីបើកអធិការកិច្ច ផែនការនយោបាយ និងរដ្ឋបាលក្រោមអធិបតីភាព លោក គឹម សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួម ពីលោកឧត្តមសេនីយ៍ ជាអគ្គនាយករង អគ្គនាយកដ្ឋានពន្ធនាគារ។
ក្នុងឱកាសនោះ លោក គៀ សុវណ្ណា ប្រធានមណ្ឌលអប់រំ កែប្រែទី៣ត្រពំាងផ្លុង បានធ្វើការណែអំប់រំវិន័យ និងពង្រឹងស្មារតី ក្នុងការអនុវត្តភារៈកិច្ច តាមតួនាទីដល់មន្ត្រីគ្រប់ការិយាល័យ ក្នុងមណ្ឌលអប់រំកែប្រែទី៣ ដើម្បីអនុវត្ត ឲ្យបានល្អប្រសើរ។ ជាមួយគ្នានោះ លោក គៀ សុវណ្ណា បានថ្លែងថា មណ្ឌលអប់រំកែប្រែទី៣ មានមន្ត្រី សរុប១៦២នាក់ ស្រី១៧នាក់ ចំនួនទណ្ឌិត និងពិរុទ្ធជនចំនូន១៤៥០នាក់ ពន្ធនាគារមានដីទំហំ៥០៦,៩៤៣ម៉ែត្រ ក្នុងនោះផ្ទៃដី តំបន់រដ្ឋបាលមានទំហំ៤០០០០ម៉ែត្រ តំបន់ឃុំឃាំងទំហំ៤០០០០ម៉ែត្រ ដីស្រែចំការ ជុំវិញបរិវេណអង្គភាព ទំហំ៤២៥,១៩៤ម៉ែត្រ ពេលកន្លងមកមណ្ឌល ក៏បានសហការជាមួយ អង្គការសម្ព័ន្ធ មេត្រីភាពពន្ធនាគា(PFC) និងអង្គការ(CEA) ដើម្បីបង្រៀនអ្នកទោសកាត់សក់ ភាសាអង់គ្លេស ភ្លេង បុរាណ សម័យ គូគំនូរ កំព្យូទ័រ អេឡិចត្រូនិច ជួសជុលម៉ូតូ ម៉ាស៊ីន រថយន្ត ផ្សាដែក រៀនអក្ខរកម្មក្នុងបន្ទប់ និងជំនាញកសិកម្មផងដែរ។
មានប្រសាសន៍ក្នុងពិធីបើកអធិការកិច្ចនយោបាយ និងរដ្ឋបាលផងដែរ លោក គឹម សុវណ្ណអនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃបានថ្លែងថា ការចុះអធិការកិច្ច ពុំមែនសំដៅថា មណ្ឌលអប់រំ កែប្រែទី៣មានកំហុសនោះទេ គឺធ្វើឡើង ស្របតាម យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅកំណែទម្រង់ស៊ីជម្រៅតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន គឺមុជទឹក ឆ្លុះកញ្ចក់ និងដុះក្អែល ពោលគឺត្រូវឲ្យអ្នកមានកំហុស ត្រូវ ចេះកែប្រែ មិនដូច្នេះទេត្រូវមានការផ្តន្ទាទោស។ ហើយការចុះអធិការកិច្ច មានគោលដៅសំខាន់ចំនួន៧ចំណុចគឺ ការអនុវត្ត តួនាទីភារៈកិច្ច របស់មន្ត្រីពន្ធនាគារ ត្រួតពិនិត្យតាមបណ្តាការិយាល័យ ក្នុងមណ្ឌលត្រួតពិនិត្យ លើការអនុវត្ត លិខិតបទដ្ឋាននានា កែលំអរអង្កេតស្រាវជ្រាវស្ថានភាព ជាក់ស្តែងពីចំនុចវិជ្ជមានឬអវិជ្ជមាន ផ្ទៀងផ្ទាត់ឯកសារ ការគ្រប់គ្រងឯកសារ មន្ត្រីរាជការ ទ្រព្យសម្បត្តិរដ្ឋ និងការរស់នៅរបស់អ្នកទោស៕