កណ្តាល៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ជាបន្ទាន់ ដើម្បីជួយសង្គ្រោះ អាយុជីវិត ដោយសារតែ រថយន្តម៉ាកហ៊ីយ៉ានដាយ ដឹកអ្នកដំណើរ មួយគ្រឿងបើកលឿន បុកពីក្រោយ កាលពីវេលា ម៉ោង៨និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រ លេខ២៥ និង២៦ ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាល ចរាចរបានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវលាយ ស ពាក់ស្លាកលេខ ភ្នំពេញ 2B-2528 បើកបរក្នុងទិសដៅ ពីជើងទៅត្បួង ប៉ុន្តែ អ្នកបើកបរ បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែ រថយន្ត នៅនឹងកន្លែងកើតហេតុ រីឯម៉ូតូរងគ្រោះវិញ ម៉ាកវីវ៉ាពណ៌ខ្មៅគ្មានស្លាកលេខ ត្រូវរងការខូចខាត ស្ទើរតែទាំងស្រុង។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរមាន ឈ្មោះ ម៉ក់ រេម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រោះតាសោម ឃុំកន្ថោរ ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្ត វិញរងការខូចខាត ស្ទើរតែទាំងស្រុង បើកបរស្របទិស ជាមួយនិងរថយន្តដែរ។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះ បើកបរចេញពីទីក្រុងភ្នំពេញ ឆ្ពោះទីខេត្តកំពត ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ ស្រាប់តែ រថយន្តបង្កបើកបរមកដល់ ពីក្រោយមិនដឹងជាមានរឿងហេតុអ្វី ក៏ជ្រុលចង្កូតទៅបុក ម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតប៉ើង ជាច្រើនម៉ែត្រ ធ្វើឲ្យជនរងគ្រោះ រងរបួសយ៉ាងដំណំ ។
នគរបាលចរាចរ បានចុះទៅ ដល់កន្លែង កើតហេតុភ្លាមៗ ធ្វើកំណត់ហេតុ និងយកទាំងរថយន្ត ម៉ូតូយកទៅកាន់អធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំង សង្ខាងចូលខ្លួនទៅ ដោះស្រាយតាមផ្លូវច្បាប់៕