កណ្តាល៖ បុរសម្នាក់ ដោយសារតែទំនាស់ ពាក្យសម្តី ជាមួយនឹង ប្រពន្ធបន្តិចបន្តួច បានលួចទៅសំងំ នៅលើផ្ទះ មិនឲ្យប្រពន្ធឡើងទៅ លើផ្ទះទេ ហើយនៅពេលដែល ប្រពន្ធ ដើរទៅហៅឪពុក លុះត្រឡប់មកវិញ ច្រានទ្វារចូល ទៅក៏ប្រទះឃើញ ជនរងគ្រោះ ចងកស្លាប់បាត់ ទៅហើយ ដោយយកខោជើងវែង ចងភ្ជាប់ទៅនឹងផ្នឹងផ្ទះ កាលពីវេលាម៉ោង ២៣និង១០នាទី យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅលើផ្ទះ របស់ជនរងគ្រោះ ភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជា កសិករ រស់នៅជាមួយ ប្រពន្ធក្នុងភូមិ ឃុំកើតហេតុ។ ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះមានទំនាស់ពាក្យ សម្តីជាមួយ ប្រពន្ធដែលទើបតែប្រសូត្រ កូនតូច ដែលជជែកអំពីជីវភាព ក្រក្រីរបស់ពួកគេ រួចក៏រត់ឡើងទៅលើផ្ទះ បិទទ្វារសំងំម្នាក់ឯង ដោយមិនឲ្យប្រពន្ធឡើង ទៅលើផ្ទះនោះទេ ពេលប្រពន្ធក៏ដើរទៅផ្ទះឪពុក របស់នាងក្នុងបំណងឲ្យ ឪពុកមកជួយសម្រួល ប៉ុន្តែឪពុកមិនទាន់ មកទេ បន្តិចក្រោយ មកនាងក៏បានដើរមក ជាមួយនឹងក្មួយ លុះពេលទៅដល់ផ្ទះ ច្រានទ្វារចូលស្រាប់តែ ឃើញជនរងគ្រោះ ចងកស្លាប់ ទៅហើយ ក៏កើតការឆោឡោឡើងតែម្តងទៅ ។
នគរបាល មូលដ្ឋាន ចុះទៅពិនិត្យ ដល់កន្លែងកើតហេតុសន្និដ្ឋានថា ជនរងគ្រោះពិត ជាធ្វើអត្តឃាតសម្លាប់ខ្លួន ដោយខ្លួនឯង រួចក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើ បុណ្យទៅតាមប្រពៃណី។
ប្រពន្ធជនរងគ្រោះបានរៀបរាប់ ប្រាប់នគរបាលថា ប្តីរបស់នាងមាន ជំងឺស្ពឹកដៃជើង មើលពុំជា និងគ្រួសារមាន ជីវភាពក្រីក្រផង ហើយមុនពេលកើតហេតុនាង បានជជែកជាមួយ និងប្តីអំពីបញ្ហាជីវភាព របស់ពួកគេ រហូតឈានទៅ ដល់ការជជែកគ្នា តឹងមាត់តឹងក ពេលនោះប្តី របស់នាងក៏ឡើងទៅសំងំលើផ្ទះបាត់ ពុំឲ្យនាងឡើងតាមនោះទេ លុះនាងនាំក្មួយ មកឲ្យជួយបើកទ្វារ ចូលទៅស្រាប់តែឃើញប្តីចងកស្លាប់ ទៅហើយ។
នាងបន្តទៀតថា ទំនងជាប្តីរបស់នាង តូចចិត្តដោយសារ ខ្លួនមានជំងឺដើរមិនរួចរកស៊ីមិនកើត ថែមទាំងនាងរិះ គន់ពីជីវភាពផង ទើបចងកសម្លាប់ខ្លួនតែម្តងទៅ៕