ភ្នំពេញ៖ ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្ដី ឱម យ៉ិនទៀង បានប្រកាសផ្ទាល់មាត់ថា នៅឆ្នាំ២០១៣ខាងមុខនេះ គឺជាឆ្នាំនៃការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដ៏សកម្មភាពមួយ កម្រិតទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអង្គភាព ប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយនៅក្នុងសង្គមខ្មែរ។ ការប្រកាសរបស់លោក ទេសរដ្ឋមន្រ្ដី ឱម យ៉ិនទៀង បែបនេះ គឺធ្វើឡើងក្នុង ឱកាសដែលលោក បានចូលរួមក្នុងទិវាប្រយុទ្ធ ប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២នេះ ដែលមានអ្នកចូលរួម ប្រមាណជា២៥០០នាក់ និងមានអ្នកតាមដាន ទស្សនាតាមរយៈ ទូរទស្សន៍អាស៊ីអាគ្នេយ៍ រាប់លាននាក់ផ្សេងទៀត។
ទេសរដ្ឋមន្រ្ដី ឱម យ៉ិនទៀង បើមានអំពើពុករលួយ ព្រះមហាក្សត្ររបស់យើង លោកព្រះទ័យជាខ្លាំង បើមានអំពើពុករលួយ សម្តេចតេជោ ហ៊ុន សែន របស់យើងលោកព្រួយបារម្ភជាខ្លាំង។ ព្រះរាជកង្វល់ និងកង្វល់ទាំងអស់នេះ ពិតជានៅជាប់នឹងបេះដូងរបស់យើង ហើយទូន្មានយើងគ្រប់ពេលឲ្យវៀចាកឆ្ងាយ អំពើពុករលួយ ហើយនាំគ្នាធ្វើដំណើរនៅលើមហាមាគ៌ាស្អាតស្អំ របស់ព្រះរាជាណាចក្រកម្ពុជាសម័យថ្មី ក្រោមចង្កូតយុទ្ធសាស្រ្ដចតុកោណ នាំផ្លូវរបស់យើង។ លោកប្រកាស ថា “អង្គភាពប្រឆាំងអំពើពុករលួយ សូមប្រកាសជម្រាបជូនបងប្អូន ជនរួមជាតិទាំងអស់ ជ្រាបថា ឆ្នាំ២០១៣ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ គឺជាឆ្នាំនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដ៏សកម្មមួយកម្រិតទៀត”។
លោកប្រកាសបន្ថែម ថា ឆ្នាំថ្មី ចាប់ផ្តើមចេញពី ពេញមួយខែមករានៃការ ប្រកាសទ្រព្យសម្បតិ្ត និងបំណុល ជាលើកទី២ សម្រាប់មន្រ្ដីរាជការ ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បតិ្ត និងបំណុល ទាំងអស់ជិតបីម៉ឺននាក់ ហើយឆ្នាំ២០១៣ ក៏ជាឆ្នាំប្រយុទ្ធប្រឆាំង នឹងការទារលុយកម្រៃ ខុសច្បាប់ដោយគ្មានការលើកលែង មិនថានៅស្ថាប័នណា ឬមូលដ្ឋានណាឡើយ។
រីឯលោក ព្រាប កុល នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា បានប្រកាសដែរ ថា អង្គការរបស់លោក មានមោទនាភាពក្នុងការគាំទ្រ សកម្មភាព របស់រាជរដ្ឋាភិបាល និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាដៃគូដ៏សំខាន់មួយ ក្នុង ចំណោមដៃគូសំខាន់ៗទាំងអស់របស់យើង ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកតម្កើងសុច្ចរឹតភាពនៅកម្ពុជា។
លោកគូសបញ្ជាក់ ថា”ការសហការ និងការគាំទ្រដែលអង្គការតម្លាភាពកម្ពុជា បានផ្តល់ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយអាចដំណើរការទៅបាន ក៏ដោយសារតែមានការគាំទ្រពីម្ចាស់ជំនួយដ៏ល្អរបស់យើង គឺរដ្ឋាភិបាល និងប្រជាជនស៊ុយអែត និងអូស្រ្ដាលី”។
គួររម្លឹក ថា អង្គការតម្លាភាពអន្តរជាតិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១២ ស្ដីពីសន្ទស្សន៍នៃអំពើពុករលួយ នៅលើពិភពលោក ដោយចាត់ថ្នាក់ប្រទេសចំនួន១៧៦ប្រទេស។ក្នុងនោះកម្ពុជា ឈរក្នុងចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេស១៧៦ ដែលមានអំពើពុករលួយ។ តែយ៉ាងណាក៏ដោយ លទ្ធផលនេះ បង្ហាញឲ្យឃើញនូវភាពប្រសើរជាងមុនបន្តិច បើប្រៀបទៅនឹងលទ្ធផលនៅក្នុងឆ្នាំ២០១១ ដែលកម្ពុជាស្ថិតនៅលេខរៀងទី១៦៤ ក្នុងចំណោម១៨៣ប្រទេស៕