ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានហៅការដង្ហែ ក្បួន របស់ក្រុមអង្គការ សង្គមស៊ីវិល យកញត្តិទៅកាន់បណ្តា ស្ថានទូត នៃប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស (២៣-តុលា-១៩៩១) ដែលធ្វើនាព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា ជាការធ្វើបំពាន និងផ្ទុយទៅនិងស្មារតី នៃកិច្ចប្រជុំរួមគ្នា ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ផ្ទុយការនិងការណែនាំរបស់ក្រសួងមហាផ្ទៃ។
យោងតាមសេចក្តីថ្លែងដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ សាលារាជធានី ភ្នំពេញ បានថ្កោលទោស ចំពោះទង្វើ ដែលធ្វើផ្ទុយពីកិច្ចប្រជុំ ព្រមទាំងដាក់កំហិតឲ្យមេដឹកនាំក្បួនតវ៉ា ទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីកើតមានបាតុភាពអសកម្មផ្សេងៗ។
សូមបញ្ជាក់ថា ក្រុមអង្គការ សង្គមស៊ីវិលមកពីបណ្តាញផ្សេងៗគ្នា ប្រមាណជា ១ពាន់នាក់ ដឹកនាំដោយលោក សៀ ភារម្យ លោក វន ពៅ លោក អ៉ី សារ៉ុម លោក រុង ឈុន និងលោកបណ្ឌិត ឡៅ ម៉ុងហៃ និង លោកបណ្ឌិត កែម ឡីផងនោះ បាននាំគ្នាដង្ហែភ្ជាប់ដោយលក្ខខណ្ឌទាមទារ ៥ចំណុច ទៅដាក់នៅស្ថានទូតប្រទេសហត្ថលេខី កិច្ចព្រមព្រៀងក្រុងប៉ារីស រួមមាន៖ ស្ថានទូតបារាំង អង់គ្លេស អាម៉េរិក យូអិន រដ្ឋភាជាតិ ជប៉ុន និង ចិន។
ក្នុងញត្តិនោះ គឺទាមទារឲ្យរាជរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយនៅកម្ពុជា គោរពនូវស្មារតី នៃកិច្ចចរចាសន្តិភាព ទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១។ ពួកគេបានចាត់ទុកថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នមិនទាន់គោរពបាន ពេញលេញនូវស្មារតី នៃកិច្ចប្រជុំនេះនៅឡើយទេ៕