ក្រចេះ ៖ សមត្ថកិច្ច នៃអធិការរដ្ឋាន នគរបាលស្រុកសំបូរ បានចុះធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោម បក្ខពួក៥នាក់ ដែលបានធ្វើសកម្មភាពវាយបំបាក់.ក ស្ត្រីកូនខ្ចីម្នាក់ រហូតដល់ស្លាប់ រួចយកទៅទម្លាក់ចោល ក្នុងទឹកបឹង កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ភូមិស្រែរត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលស្រុកសំបូរ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីព្រឹក ថ្ងៃទី២៣ ខែតុលា បន្ទាប់ពីជនសង្ស័យទាំង៣នាក់ រួមនិងបក្ខពួកគេចំនួន២នាក់ទៀត ព្រួតគ្នាវាយសម្លាប់ទៅ លើស្ត្រីរងគ្រោះឈ្មោះអំ ផាតមុំ អាយុ៣២ឆ្នាំ ជាស្ត្រីសរសៃខ្ចី ដែលទើបតែសម្រាលកូនស្រីបានជាង២ខែ និងស្នាក់នៅលើផ្ទះតែម្នាក់ឯងនៅចំណុចកើតហេតុ ដោយ ចាប់អូសពីលើផ្ទះ ទៅវាយបំបាក់.កសម្លាប់ ហើយទម្លាក់ចូលទឹកបឹង ក្នុងព្រៃខាងក្រោយផ្ទះ ចម្ងាយប្រមាណជា២គីឡូម៉ែត្រ ។
លោកអនុសេនីយ៏ឯក ឈិន សំបូរ អធិការរងនគរបាលស្រុកសំបូរ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១ ឈ្មោះ ចក់ ណែម អាយុ២៦ឆ្នាំ គឺជាជនដៃដល់ ទី២ ឈ្មោះ ត្រៃ អេន អយុ៥៦ ភេទប្រុស អាយុ៥៦ឆ្នាំ និងទី៣ឈ្មោះ យ៉យ អេន ជនសង្ស័យទាំង៣មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ។
លោក អធិការរងរូបនេះ បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១៩ និង១៥ ថ្ងៃទី២២ ខែតុលា នៅពេលដែលស្ត្រីរងគ្រោះរូបនេះ កំពុងតែនៅលើផ្ទះជាមួយនឹងកូនតូចៗ ខណៈដែលប្តីមិនទាន់មកពីព្រៃ នោះជនដៃដល់និងបក្ខពួក របស់ គេផ្សេងទៀត បានឡើងទៅលើផ្ទះរបស់ស្ត្រីរងគ្រោះ ហើយបាន យកក្រមារុំមុខ រួចចាប់អូសស្ត្រីរងគ្រោះទៅបឹងខាងក្រោយផ្ទះចម្ងាយប្រមាណជា ២គីឡូម៉ែត្រ រួចធ្វើសកម្មភាពវាយបំបាក់.កស្ត្រី រងគ្រោះទាំងភាពអាក្រាត ហើយទម្លាក់ចូល ក្នុងទឹកបឹង ដោយសារតែមានគំនុំជាមួយស្ត្រីរងគ្រោះដោយចោទថា ស្ត្រីនោះចេះ អំពើអាបធ្មប់ ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុកម្លាំងជំនាញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត ក្នុងនោះ ក៏បានឃាត់ខ្លួនជនប្រុសស្រី២នាក់ផ្សេងទៀត ដែលរស់នៅក្បែរនោះ ដោយសង្ស័យពីបទរួម គំនិតក្នុងអំពើឃាតកម្មនេះ៕