ភ្នំពេញ៖ ខួប២៣ ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះការកើនឡើងនូវអ្នកគាំទ្ររបស់ខ្លួន ព្រមទាំងពោលពាក្យផ្លែផ្កាឲ្យគណ បក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបច្ចុប្បន្ន ត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំង សម្រាប់ការបោះឆ្នោតនៅអាណ ត្តិទី៦ ថែមទៀតផង។ មិនរង់ចាំយូរលោក ផៃ ស៊ីផាន មន្រ្តីរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជាបាន ឆ្លើយតបទៅវិញភ្លាមៗ ថា ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែជាអំណួត និងជាការឃោសនារបស់អ្នក បរាជ័យតែប៉ុណ្ណោះ។
នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ២៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០១៤) នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោក កឹម សុខា បានមានប្រសាសន៍ថា អាណត្តិទី៥ គឺជាឱកាសសម្រាប់គណបក្សប្រជាជនកម្ពុជា បើកឱកាសឲ្យប្រជាពល រដ្ឋគ្រប់និន្នាការធ្វើបាតុកម្មតវ៉ាសម្តែងមតិនានា។ លុះដល់អាណត្តិទី៦ គណបក្សសង្រ្គោះជាតិ ដែលលោក កឹម សុ ខា អះអាងថា នឹងក្លាយជាអ្នកដឹកនាំរាជរដ្ឋាភិបាលនោះ ក៏នឹងបើកសិទ្ធិសេរីភាពឲ្យទូលាយជូនគណបក្សប្រជាជន ក្នុងការធ្វើបាតុកម្មសម្តែងមតិវិញផងដែរ។
ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «អាណត្តិទី៥នេះ គឺជាឱកាសល្អណាស់ ដែលគណ បក្សកាន់អំណាច គួរបើកទ្វារពីឥឡូវទៅ បើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ។ មានន័យថា អ្នកដែលប្រឆាំងគាត់ (គណបក្សប្រជាជន) ក៏ធ្វើបាតុកម្មបាន អ្នកស្របជាមួយគាត់ ក៏ឲ្យធ្វើបាតុកម្មបាន។ បើកសិទ្ធពីឥឡូវឲ្យហើយទៅ នៅពេល ដែលគណបក្សសង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាលដល់ពេលគាត់ធ្វើបក្សប្រឆាំងវិញយើងហ្នឹងផ្ដល់សិទ្ធសេរី ភាពដូចគ្នា។ខ្ញុំថាយកល្អគួរត្រៀមខ្លួនធ្វើបក្សប្រឆាំងឲ្យហើយទៅ។ ខ្ញុំនិយាយមែនណាបងប្អូន យើងមើលទៅសន្ទុះ នៃការគាំទ្ររបស់ប្រជាពលរដ្ឋ គាំទ្រច្រើនណាស់ មកលើគណបក្សសង្គ្រោះជាតិ»។
លោក កឹម សុខា ក៏បានរិះគន់លើនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផងដែរ។ លោកថា «ឈ្នះតែបក្ខពួកគេទៅ អ្នកឈ្នះ នៅតែឈ្នះរហូត អ្នកចាញ់នៅតែចាញ់រហូត បងប្អូនន័យគេ នេះ មិនមែនជាន័យនាំមកនូវសន្តិភាពដូចក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ»។
ប្រធានស្ដីទីរូបនេះ ក៏បានចោទប្រកាន់ទៅរាជរដ្ឋាភិបាលថាមិនបានយកចិត្តទុកដាក់ប្រារព្ធខួបកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ២៣ តុលា ឲ្យបានធំដុំ។ សម្រាប់លោក កឹម សុខា ការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរយៈពេល ២៣ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
ប្រតិកម្មតបទៅនឹងការលើកឡើងរបស់ លោក កឹម សុខា មន្រ្តីរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បាន ហៅការលើកឡើងជាអំណួត និងយុទ្ធនាការឃោសនាសម្រាប់អ្នកបរាជ័យប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា «យើង ឃើញថា ឯកឧត្តម កឹម សុខា គេបានភូតពលរដ្ឋម្ដងរួចមកហើយថា គេនឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬក៏ប្រធាន សភា តែមិនបានដូចការនិយាយ។ តែឯកឧត្តម ក៏ត្រូវចាំដែរថា តំណែងជាអនុប្រធានទី១ រដ្ឋសភា របស់ឯកឧត្តម គឺបានមកការផ្ដល់ឲ្យរបស់គណបក្សប្រជាជនទេ»។
សម្រាប់ លោក ផៃ ស៊ីផាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបានពីកិច្ចខំប្រឹងប្រែងរបស់សម្ដេចព្រះ នរោត្តម សីហនុ និងប្រមុខរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕